ទីភ្នាក់ងារជនភៀសខ្លួននៃអង្គការសហប្រជាជាតិ ហៅកាត់ថា UNHCR កំពុងតែអំពាវនាវឲ្យមានការជួយសម្រួលដល់ការធ្វើអន្តោប្រវេសន៍ដោយសុវត្ថិភាពនិងស្របច្បាប់ ខណៈដែលតួលេខអ្នកស្លាប់ក្នុងចំណោមជនភៀសខ្លួននិងជនអន្តោប្រវេសន៍ដែលឆ្លងសមុទ្រមេឌីទែរ៉ាណេទៅអឺរ៉ុប កើនឡើងដល់កម្រិតមួយដែលមិនធ្លាប់មានពីមុនមក។
លោក Charlie Yaxley អ្នកនាំពាក្យអង្គការ UNHCR ឱ្យដឹងថា មនុស្សម្នាក់ក្នុងចំណោមមនុស្ស៤២នាក់បានស្លាប់ឬបាត់ខ្លួនកាលពីឆ្នាំមុន ខណៈដែលពួកគេឆ្លងសមុទ្រមេឌីទែរ៉ាណេ។ តួលេខឆ្នាំនេះកើនឡើងយ៉ាងខ្លាំងបើធៀបទៅនឹងឆ្នាំមុន ព្រោះនៅក្នុងរយៈពេល៨ខែដំបូងនៅក្នុងឆ្នាំនេះ មនុស្សម្នាក់ក្នុងចំណោម១៨នាក់បានស្លាប់ឬបាត់ខ្លួន។លោកនិយាយថា ក្នុងអំឡុងពេលនៃរដូវកាលដែលជនអន្តោប្រវេសន៍មកដល់អឺរ៉ុបខ្ពស់បំផុតក្នុងខែមិថុនា អត្រាអ្នកស្លាប់នៅក្នុងសមុទ្រមេឌីទែរ៉ាណេ មានរហូតដល់ទៅម្នាក់ក្នុងចំណោម៧នាក់។
ទោះជាតួលេខជនភៀសខ្លួននិងជនអន្តោប្រវេសន៍ដែលបានទៅដល់គោលដៅបានថយចុះយ៉ាងខ្លាំងក៏ដោយ ក៏ការស្អប់ខ្ពើមជនអន្តោប្រវេសន៍នៅក្នុងអឺរ៉ុបកំពុងតែកើនឡើង។ ការណ៍នេះបានធ្វើឲ្យទូកដឹកជនអន្តោប្រវេសន៍ជាច្រើនត្រូវជាប់នៅកណ្តាលសមុទ្រជាច្រើនថ្ងៃ ខណៈដែលប្រទេសដទៃទៀតឈ្លោះប្រកែកគ្នាទៅលើថាតើប្រទេសមួយណាត្រូវទទួលយកពួកគេនោះ។
នៅក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ អង្គការ UNHCRនិងអង្គការទេសន្តរប្រវេសន៍អន្តរជាតិ IOM បានអំពាវនាវឲ្យមានការប្រើប្រាស់វិធីសាស្ត្រថ្នាក់តំបន់មួយដែលអាចទស្សន៍ទាយទុកជាមុនបាន ដើម្បីជួយសង្គ្រោះនិងជួយដល់ជនអន្តោប្រវេសន៍ដែលរងទុក្ខវេទនានិងកំពុងជាប់នៅលើទូកក្នុងសមុទ្រមេឌីទែរ៉ាណេអាចចូលចតនៅច្រាំងសមុទ្រអឺរ៉ុបបាន។
ទីភ្នាក់ងារជនភៀសខ្លួននៃអង្គការសហប្រជាជាតិរាយការណ៍ថា អត្រាអ្នកដែលមកដល់អឺរ៉ុបបានធ្លាក់ចុះ៤១ភាគរយ បើធៀបនឹងឆ្នាំមុន៕
លីសា