Sunday, December 22, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​សម្តេច​តេជោ ហ៊ុន សែន ថ្នាក់ដឹកនាំ និង​សមាជិក​រាជរដ្ឋាភិបាល អាណត្តិ​ថ្មី ចូល​ស្បថ​កាន់​តំណែង នៅ​ព្រះបរមរាជវាំង​

​ភ្នំពេញ ​៖ នៅវេលា​ម៉ោង​៤​រសៀល​ថ្ងៃ​ទី​៦ ខែ​កញ្ញា ឆ្នាំ​២០១៨​នេះ សម្តេច​តេជោ ហ៊ុន សែន រួម​ទាំង​ថ្នាក់​ដឹកនាំ និង​សមាជិក​រាជ​​រដ្ឋាភិបាល អាណត្តិ​ថ្មី បាន​ចូលធ្វើ​សច្ចាប្រណិធាន នៅក្នុង​ព្រះបរមរាជវាំង មុខ​ព្រះ​ភក្ត្រ​ព្រះមហាក្សត្រ ដើម្បី​ចូលកាន់​តំណែង​របស់​ខ្លួន​។​

​សមាសភាព​រាជរដ្ឋាភិបាល ក្នុង​អាណត្តិ​ថ្មី​នេះ មាន​នាយករដ្ឋមន្ត្រី​១​រូប គឺ​សម្តេច​តេជោ ហ៊ុន សែន ឧបនាយករដ្ឋមន្ត្រី​១០​រូប ទេស​រដ្ឋមន្ត្រី​ចំនួន​១៧​រូប និង​រដ្ឋមន្ត្រី​ចំនួន​២៩​រូប ដែល​ទើប​ទទួលបាន​ការបោះឆ្នោត​ផ្តល់​សេចក្តីទុកចិត្ត​ដោយ​រដ្ឋសភា នា​ព្រឹក​ថ្ងៃទី​៦ ខែ​កញ្ញា ឆ្នាំ​២០១៨​នេះ​។​

​ពាក្យពេចន៍​នៃ​ការ​ធ្វើ​សច្ចាប្រណិធាន រាជរដ្ឋាភិបាល​អាណត្តិ​ថ្មី​រួម​មាន​ខ្លឹមសារ​ដូចតទៅ​៖ “​ទូលព្រះបង្គំ យើងខ្ញុំ នាយករដ្ឋមន្ត្រី និង​សមាជិក​រាជរដ្ឋាភិបាល សូម​ធ្វើ​សច្ចាប្រណិធាន នៅ​ចំពោះ​ព្រះភ័ក្ត្រ​ព្រះមហាក្សត្រ ព្រះភ័ក្ត្រ​នៃ​សម្តេចព្រះសង្ឃរាជ និង​ទេវតា​រក្សា​ស្វេតច្ឆត្រ ដូចតទៅ​៖​ក្នុងពេល​ប្រតិបត្តិការ​តាម​មុខ​តំណែង​ខ្លួន និង​ក្នុង​ការបំពេញ​បេសកម្ម ដែល​ប្រជារាស្ដ្រ​កម្ពុជា បាន​ប្រគល់​ជូន​ចំពោះ​ទូលព្រះបង្គំ​យើងខ្ញុំ​គ្របៗ​រូប ទូលព្រះបង្គំ​យើងខ្ញុំ សូម​ប្ដេជ្ញា​គោរព​ធម្មនុញ្ញ បម្រើ​ជា​និច្ច ទាំង​ក្នុង​បច្ចុប្បន្ន ទាំង​ក្នុង​អនាគត​នូវ​ផលប្រយោជន៍​របស់​ប្រជារាស្ដ្រ ប្រជាជាតិ និង​មាតុភូមិ​កម្ពុជា​។ ទូលព្រះបង្គំ​យើងខ្ញុំ សូម​ប្ដេជ្ញា​ប្ដូរផ្ដាច់​ហ៊ាន​បូជា​ជីវិត ដើម្បី​ការពារ​ជានិច្ច ទាំង​ក្នុង​បច្ចុប្បន្ន ទាំង​ក្នុង​អនាគត​នូវ​៖ ឯករាជ្យភាព​ទាំងស្រុង នៃ​មាតុភូមិ​កម្ពុជា អធិបតេយ្យភាព​ជាតិ​ពេញបរិបូរណ៍ ។

បូរណភាព​ទឹកដី​ដ៏​ត្រឹមត្រូវ​តាមច្បាប់ នៅក្នុង​ព្រំដែន​ដីគោក និង​ព្រំដែន​សមុទ្រ ដែល​កម្ពុជា​ធ្លាប់​មាន​ក្នុង​ជំនាន់​ឆ្នាំ​១៩៦៣ ដល់១៩៦៩​។ ឯកភាព​ជាតិ ហើយ​មិន​អនុញ្ញាត​ឲ្យមាន​ការបែ​ង​ចែក ឬ​ការធ្វើ​អបគមន៍​ណាមួយ​ឡើយ​។ ទូលបង្គំ​យើងខ្ញុំ សូម​បេ្ដ​ជ្ញា​រក្សាទុក​ជា​និច្ច ទាំង​ក្នុង​បច្ចុប្បន្ន ទាំង​ក្នុង​អនាគត នូវ​អព្យាក្រឹតភាព និង​ភាព​មិន​ចូល​បក្សសម្ព័ន្ធ សម្រាប់​កម្ពុជា ហើយ​មិន​អនុញ្ញា​ជាដាច់ខាត ឲ្យ​ជន​ណាមួយ​ក៏ដោយ ដែល​ចង់​ជ្រៀតជ្រែក​ចូល​ក្នុង​ផ្ទៃក្នុង​នៃ​កម្ពុជា ឬ​មក​បង្គាប់បញ្ជា​ចំពោះ​គោលនយោបាយ​ជាតិ និង​អន្ដរជាតិ​របស់​កម្ពុជា​បានឡើយ​។ ទូលព្រះបង្គំ​យើងខ្ញុំ​មិន​បម្រើ​ជា​ដាច់ខាត​នូវ​ផលប្រយោជន៍​បរទេស ហើយ​ធ្វើឲ្យ​ខូចខា​តដល់​ផលប្រយោជន៍រ​បស់​ប្រជារាស្ដ្រ ប្រជាជាតិ និង​មាតុភូមិ​កម្ពុជា​ឡើយ​។ ក្នុង​ការដោះស្រាយ​បញ្ហា​ទាំងឡាយ​លើ​ផ្ទៃរាប​ជាតិ និង​អន្ដរជាតិ​ទូលព្រះបង្គំ​យើងខ្ញុំ នឹង​បំបាត់ចោល​ទាំងស្រុង នូវ​អំពើហិង្សា​គ្រប់បែបយ៉ាង​។ ប៉ុន្ដែ​ព្រះរាជាណាចក្រ​កម្ពុជា សូម​រក្សាទុក​នូវ​សិទ្ធិ​កាន់​អាវុធ​តស៊ូ​ប្រឆាំង​នឹង​ការរំលោភ​ឈ្លានពាន​មកពី​ក្រៅ ដើម្បី​ការពារ​ជាតិ​មាតុភូមិ​ខ្លួន​។ ទូលព្រះបង្គំ​យើងខ្ញុំ សូម​បេ្ដ​ជ្ញា​គោរព​ជានិច្ច​ទាំង​ក្នុង​បច្ចុប្បន្ន ទាំង​ក្នុង​អនាគត នូវ​លទ្ធិប្រជាធិបតេយ្យ សេរីនិយម ដែល​មាន​របប​សភា និង​ពហុបក្ស ព្រមទាំង​មាន​ការគោរព​យ៉ាង​ម៉ឺងម៉ាត់ ចំពោះ​សិទ្ធិមនុស្ស​ដូច​មានចែង​ក្នុង​សេចក្ដីប្រកាស​ជា​សកល ស្ដីអំពី​សិទ្ធិ​មនុស្ស​។ ទូលព្រះបង្គំ​យើងខ្ញុំ សូម​ប្ដេជ្ញា​តស៊ូ​ប្រឆាំង​អំពើពុករលួយ​គ្រប់បែបយ៉ាង ប្រឆាំង​អ​យុត្ដិធម៌​សង្គម ហើយ​តស៊ូ​ដើម្បី​ផ្សះផ្សា​ជាតិ ដើម្បី​ឯកភាព​ជាតិ ដើម្បី​សន្ដិភាព​សង្គម និង​សន្ដិភាព​ជាតិ ដើម្បី​ភាព​សម្បូរ​សប្បាយ នៃ​ប្រជារាស្ដ្រ​កម្ពុជា និង​ដើម្បី​ភាពរុងរឿង​ថ្កើងថ្កាន នៃ​មាតុភូមិ​កម្ពុជា ជាទី​គោរព​សក្ការៈ និង​ជាទី​ស្នេហា​នៃ​ទូលព្រះបង្គំ​យើងខ្ញុំ​គ្រប់រូប​។​

​សូមបញ្ជាក់​ថា បន្ទាប់ពី​ធ្វើ​សច្ចាប្រណិធាន​ហើយ​នោះ គណៈរដ្ឋមន្ត្រី អាណត្តិ​ទី​៦ នឹង​បើក​កិច្ចប្រជុំ​លើកដំបូង​របស់​ខ្លួន នៅ​ថ្ងៃ​ទី​៧ ខែ​កញ្ញា ឆ្នាំ​២០១៨ ខាងមុខនេះ មុន​នឹង​បំពេញ​ការងារ​ផ្សេងៗ​ទៀត ដើម្បី​បម្រើ​ប្រជាពលរដ្ឋ​ដែល​ជា​ម្ចាស់ឆ្នោត​៕  ​ដោយ​៖​បញ្ញា​ស័ក្តិ​

     

×