Friday, May 23, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រាជរដ្ឋាភិបាលជប៉ុន បានផ្តល់ជំនួយឥតសំណងសម្រាប់គម្រោងអង្គការក្រៅរដ្ឋាភិបាលជប៉ុនចំនួន២ ដែលកំពុងធ្វើការជួយជំរុញ​វិស័យអប់រំកម្ពុជា ក្នុងទំហំទឹកប្រាក់ជាង ១លានដុល្លារ

ភ្នំពេញ ៖ នៅថ្ងៃទី២០ ខែឧសភា ពិធីចុះហត្ថលេខាផ្តល់ជំនួយឥតសំណងសម្រាប់គម្រោងអង្គការក្រៅរដ្ឋាភិបាលជប៉ុន ត្រូវបានប្រារព្វឡើងនៅស្ថានទូតជប៉ុន។ ឯកអគ្គរាជទូត អ៊ូអិណុ អាត់ស៊ូស៊ី បានចុះហត្ថលេខាលើកិច្ចសន្យាផ្តល់ជំនួយសម្រាប់ “គម្រោងអភិវឌ្ឍគ្រឹះស្ថានឧត្តមសិក្សាអប់រំគ្រូបង្រៀនអប់រំកាយដែលមានគុណភាពរយៈពេលបួនឆ្នាំ តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍ (ឆ្នាំទី៣)” ជាមួយអង្គការក្រៅរដ្ឋាភិបាល បេះដូងមាស (HoG) (ថវិកាចំនួន ៦១៨,០៨៦ ដុល្លារអាមេរិក) និង “ការជួយកុមារ និងយុវជន ដោយការពង្រីកលទ្ធភាពទទួលបានមជ្ឈមណ្ឌលសិក្សាពេញមួយជីវិត (LLLC) ក្នុងខេត្តបន្ទាយមានជ័យ” ជាមួយអង្គការកុមារឥតព្រំដែន (ថវិកាចំនួន ៥៦៤,៥៧២ ដុល្លារអាមេរិក)។

នៅក្នុងសន្ទរកថារបស់លោក ឯកអគ្គរាជទូត អ៊ូអិណុ បានបង្ហាញសេចក្តីសង្ឃឹមថា ជំនួយឥតសំណងទាំងនេះ នឹងលើកកម្ពស់សុវត្ថិភាពប្រជាជន ក៏ដូចជាគុណភាពជីវិតរបស់ប្រជាជនដែលរស់នៅក្នុងទីតាំងគម្រោងនីមួយៗ និងលើកកម្ពស់មិត្តភាពជប៉ុន-កម្ពុជាបន្ថែមទៀត។
លោក អ៊ូអិណុ អាត់ស៊ូស៊ី បានបង្ហាញក្តីសោមនស្សរីករាយ នៅពេលកម្ពុជាកំពុងមានការអភិវឌ្ឍយ៉ាងរហ័ស។ ទន្ទឹងនឹងនោះ លោកទូតក៏ទទួលស្គាល់ថា នៅមានបញ្ហាប្រឈមមួយចំនួនដែលត្រូវដោះស្រាយ ដើម្បីកែលម្អគុណភាពជីវិតរបស់ប្រជាជន ដែលរួមមិនត្រឹមតែវិស័យអប់រំ និងកាបណ្ដុះបណ្ដាលវិជ្ជាជីវៈប៉ុណ្ណោះទេ ថែមទាំងការកាត់បន្ថយភាពក្រីក្រ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងការអភិវឌ្ឍសង្គម រួមទាំងបរិស្ថានផងដែរ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតជប៉ុនប្រចាំកម្ពុជា នៅថ្ងៃទី២០ ខែឧសភា ការចុះហត្ថលេខាលើកិច្ចសន្យាជំនួយឥតសំណងនេះ ធ្វើឡើងក្រោមវត្តមានឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា លោក អ៊ូអិណុ អាត់ស៊ូស៊ី។ គម្រោងទាំង២ក្នុងនោះរួម​មាន ទី១ គម្រោងអភិវឌ្ឍគ្រឹះស្ថានឧត្តមសិក្សាអប់រំគ្រូបង្រៀនអប់រំកាយ ដែលមានគុណភាពរយៈពេល​៤ឆ្នាំ តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍ ដែលអនុវត្តដោយអង្គការ​បេះដូងមាស(HoG)។ គម្រោងនេះ រាជរដ្ឋាភិបាលជប៉ុននឹងផ្តល់ថវិកាប្រមាណ ៦១៨ ០៨៦ ដុល្លារ។

គម្រោងទី២ គឺការជួយកុមារ និងយុវជន ដោយការពង្រីកលទ្ធភាពទទួលបានមជ្ឈមណ្ឌលសិក្សា ពេញមួយជីវិត (LLLC)​ ក្នុងខេត្តបន្ទាយមានជ័យ ដែលអនុវត្តដោយអង្គការកុមារឥតព្រំដែន (KnK)។ រាជរដ្ឋាភិបាលជប៉ុននឹងផ្តល់ជំនួយថវិកាប្រមាណ ៥៦៤ ៥៧២ ដុល្លារ។

សូមរំលឹកថា ជំនួយឥតសំណងសម្រាប់គម្រោងអង្គការក្រៅរដ្ឋាភិបាលជប៉ុន​ដែលហៅថា អ៊ិនរ៉េន បានចាប់ផ្តើមពីឆ្នាំ២០០២ ដើម្បីគាំទ្រដល់អង្គការក្រៅរដ្ឋាភិបាលជប៉ុន ក្នុងការអនុវត្តគម្រោងអភិវឌ្ឍន៍ សេដ្ឋកិច្ច និងសង្គមរបស់ពួកគេនៅក្នុងប្រទេស ឬតំបន់កំពុងអភិវឌ្ឍ។ ក្នុងរយៈពេល២០ឆ្នាំចុងក្រោយ ស្ថានទូតជប៉ុនបានផ្តល់ជំនួយជាង ១៦០គម្រោង នៅក្នុងប្រទេសកម្ពុជាតាមរយៈកម្មវិធីនេះ ដែលគម្រោងទាំងនោះ បានរួមចំណែកដោយផ្ទាល់ក្នុងការកែលម្អគុណភាពជីវិតរបស់ប្រជាជនកម្ពុជា៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×