ភ្នំពេញ ៖អំពើឃាតកម្ម ដោយមានទារុណកម្មឃោរឃៅ ទៅលើយុវតីម្នាក់ ក្រុមជនដៃដល់ជាក្មេងស្ទាវមានគ្នានាក់ បានដាក់ថ្នាំ ងងុយដេកក្នុងភេសជ្ជៈ ឱ្យនាងផឹកក្នុងគ្រាដែលពួកគេដើរលេងជាមួយគ្នា លុះយុវតីបានទន់ខ្លួនងងុយដេក ពួកជនដៃដល់បានដឹកនាងយកទៅកន្លែងស្ងាត់ក្នុងបន្ទប់ទឹកនៃសាលាបឋមសិក្សាវត្តគ្រួសរួចហើយធ្វើសកម្មភាពរំលោភសេពសន្ថវៈតែម្ដង, លុះស្រួលបួលហើយ ក៏សម្លាប់នាងចោល ដោះយកគ្រឿងអលង្ការទ្រព្យសម្បត្តិមួយចំនួនជាប់នឹងខ្លួននាង ហើយនាំគ្នារត់គេចខ្លួន ដោយរំពឹងថា នឹងបានរួចខ្លួន , ហ៊ឹស …! រំពឹងផ្កាយលើមេឃហើយអានាង សំណាញ់ច្បាប់ញឹកល្អិតណាស់ មិនបានប៉ុន្មានម៉ោងផង កម្លាំងនគរបាលព្រហ្មទណ្ឌ ក៏ស្រាវជ្រាវចាប់ខ្លួនបានទាំង៣នាក់, ហើយបើយោងតាមច្បាប់ មាត្រា ២០៥ នៃក្រមព្រហ្មទណ្ឌ ព្រះរាជាណាចក្រកម្ពុជា ជនដែលប្រព្រឹត្តល្មើសក្នុងបទឃាតកម្មដោយទារុណកម្ម ឃោរឃៅ ប្រើថ្នាំពុល រំលោភសម្លាប់បែបនេះ ប្រឈមនឹងទោសទណ្ឌជាប់ពន្ធនាគារអស់មួយជីវិត។
និយាយពីសពយុវតីដែលរងនូវការរំលោភសម្លាប់វិញ ត្រូវបានគេប្រទះឃើញក្នុងបន្ទប់ទឹកនៃសាលាបឋមសិក្សាវត្តគ្រួស ស្ថិតក្នុងវត្ដជេសដ្ឋាឧត្តម ហៅវត្តគ្រួស តាមបណ្ដោយផ្លូវជាតិលេខ៥ ភូមិគ្រួស សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ និងបង្កឱ្យមានការភ្ញាក់ផ្អើល នាព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥។ យុវតីរងគ្រោះ មានឈ្មោះ វុទ្ធី លីណា អាយុ១៥ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មិនទាន់មានការងារធ្វើនៅឡើយ, ទីលំនៅផ្ទះគ្មានលេខ ភូមិគ្រួស សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ, នាងស្លាប់នៅចំណុចកើតហេតុខាងលើ ក្នុងស្ថានភាពអាក្រាតកាយល្វែងក្រោម។
លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ក្រោយទទួលបានព័ត៌មានភ្លាម លោកបានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ ឱ្យកម្លាំងនគរបាលជំនាញ ធ្វើការស្រាវជ្រាវបន្ទាន់ភ្លាមៗ ដើម្បីស្វែងរកចាប់ខ្លួនជនដៃដល់ និងបក្ខពួក, ហើយបន្ទាប់ពីស្រាវជ្រាវប៉ុន្មានម៉ោង កម្លាំងជំនាញបានចាប់ខ្លួនជនសង្ស័យចំនួន ៣នាក់ ក្នុងនោះម្នាក់ជាជនដៃដល់អ្នករំលោភ និងសម្លាប់ ចំណែក ២នាក់ផ្សេងទៀត ជាអ្នករួមគំនិតសម្លាប់។ ក្រុមជនដៃដល់បានយកថ្នាំងងុយដេកដាក់ចូលភេសជ្ជ: រួចហើយឲ្យយុវតីរងគ្រោះផឹក ព្រោះស្គាល់គ្នាតាំងពីក្មេងៗ បន្ទាប់មកចាប់រំលោភសម្លាប់យកទ្រព្យសម្បត្តិតែម្តង។
ជនដៃដល់ មានគ្នា ០៣នាក់ ÷ ១-ឈ្មោះ សុខ ច័ន្ទសុវណ្ណសេង ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅផ្ទះគ្មានលេខ ភូមិដួង សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ, ជននេះ ធ្លាប់ស្គាល់ជនរងគ្រោះតាំងពីក្មេងៗ “ត្រូវបានឃាត់ខ្លួន” (ជាដៃដល់ អ្នករំលោភ និងសម្លាប់)។២-ឈ្មោះ ទៀន ផារ៉ែត ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅផ្ទះគ្មានលេខ ភូមិដួង សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ “ត្រូវបានឃាត់ខ្លួន” (ជាអ្នករួមគំនិតសម្លាប់)។២-ឈ្មោះ បូ ឧត្តម ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅផ្ទះគ្មានលេខ ភូមិដួង សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ “ត្រូវបានឃាត់ខ្លួន”(ជាអ្នករួមគំនិតសម្លាប់។
ស្ថានភាពរំលោភសម្លាប់នោះ គឺពួកជនដៃដល់ បានដឹកនាង ទៅកាន់បន្ទប់ទឹកសាលាបឋមសិក្សាវត្តគ្រួស ស្ថិតក្នុងវត្ដជេសដ្ឋាឧត្តម ហៅវត្តគ្រួស តាមបណ្ដោយផ្លូវជាតិលេខ៥ ភូមិគ្រួស សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ កាលពីវេលាម៉ោង ០១:២៧នាទីអធ្រាត្រ ឈានចូលថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥, រហូតដល់ព្រឹកឡើង ទើបគេប្រទះឃើញសពរបស់យុវតីរងគ្រោះ។
សម្ភារៈដែលសមត្ថកិច្ចចាប់យក ÷ ១-ទូរស័ព្ទដៃម៉ាក TECNO SPARK ពណ៌ស ចំនួន០១គ្រឿង (របស់ជនរងគ្រោះ) , ២-ទូរស័ព្ទដៃម៉ាក OPPO ពណ៌ខៀវ ចំនួន០១គ្រឿង , ៣-ខ្សែនីឡុង ពណ៌ស ចំនួន០១ខ្សែ , ៤-ម៉ូតូម៉ាកស៊ុយស៊ូគីនិច ពណ៌ខៀវ ស៊េរី២០២៥ ពាក់ផ្លាកលេខ ភ្នំពេញ 1CL-1190 ចំនួន០១គ្រឿង ។
ចំណែកសម្ភារៈបាត់បង់ ÷ ១-ខ្សែ.កប្លាទីន ចំនួន០១ខ្សែ , -ស្លាកស្នាម និងសម្ភារៈបន្សល់ទុក : ខ្សែក្រណាត់អាវ ពណ៌ខ្មៅ ចំនួន០១ ជាខ្សែរឹត.កជនរងគ្រោះ ។
បច្ចុប្បន្ន ជនដៃដល់ខាងលើ ត្រូវបានកម្លាំងជំនាញអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ កសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដេីម្បីចាត់ការតាមនីតិវិធីច្បាប់។
យោងតាមមាត្រា ២០៥ នៃក្រមព្រហ្មទណ្ឌព្រះរាជាណាចក្រកម្ពុជា ស្ដីពី បទឃាតកម្មដោយមានទារុណកម្ម អំពើឃោរឃៅ ឬអំពើរំលោភសេពសន្ថវៈលើជនរងគ្រោះ, ឃាតកម្មដែលកើតក្នុងពេល ឬក្រោយពេលប្រព្រឹត្តអំពើទារុណកម្ម អំពើឃោរឃៅ ប្រើថ្នាំពុល អំពើរំលោភសេពសន្ថវៈ ត្រូវបានបញ្ញត្តិឱ្យផ្ដន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត៕ រក្សាសិទ្ធដោយ៖ពិសិដ្ឋ CEN







