កណ្តាល ៖ នគរបាល ស្រុកស្អាង បានចាប់ខ្លួនជនសង្ស័យដែលទើបចេញពីគុក ក្នុងករណីស្ទាក់លូកហៅប៉ៅស្រីម្នាក់យកលុយ ហើយវាយគេទៀត ត្រូវជនរងគ្រោះស្រែកថាចោរៗ ឥឡូវជាប់ខ្នោះរបស់ប៉ូលីស ពីបទប្លន់។ ករណីនេះកើតហេតុថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង ១២និង៣០នាទី នៅចំនុចផ្លូវលំ ក្នុងភូមិចុងកគរ ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្ដាល ។
ជនរងគ្រោះ ឈ្មោះផល ផល្លី ភេទ ស្រី អាយុ ៤៥ឆ្នាំ ជនជាតិខ្មែរមុខរបរកសិករ មានទីលំនៅភូមិចុងកោះគរ ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្ដាល។ ជនសង្ស័យឈ្មោះ អៀង វីរៈ ហៅ អយ ភេទ ប្រុស អាយុ ២៧ឆ្នាំជនជាតិខ្មែរ មុខរបរមិនពិត មានទីលំនៅភូមិ ព្រែកតាតិន ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្ដាល។ នៅថ្ងៃទី៧កញ្ញា វេលាម៉ោង ១២.៣០នាទី ជនរងគ្រោះបានជិះម៉ូតូតាមផ្លូវលំ ដើម្បីរកកម្មករច្រកស្វាយ មកដល់ចំណុចកើតហេតុ ក៏បានជួបនិងជនសង្ស័យស្ទាក់ម៉ូតូឲ្យឈប់ ភ្លាមនោះជនសង្ស័យ បានចាប់លូកក្នុងហោប៉ៅអាវ របស់ជនរងគ្រោះ យកលុយបានចំនួន១៣.៧០០រៀល។ ពេលនោះជនរងគ្រោះ បានប្រតាយប្រតប់ និងស្រែកឲ្យគេជួយថាជួយផងៗ ចោរៗក៏ត្រូវបានជនសង្ស័យដាល់ចំនួន២ដៃ ត្រូវចំមុខ បណ្ដាលឲ្យឈាមច្រមុះ និងហើមមុខ។ បន្ទាប់មកប្រជាជន នៅជិតនោះ បាននាំគ្នាព័ទ្ធចាប់ជនសង្ស័យរួចរាយការណ៍ឲ្យសមត្ថកិច្ចប៉ុស្តិ៍ ហើយសមត្ថកិច្ចប៉ុស្តិ៍បញ្ជូនជនសង្ស័យ មកអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមនីតិវិធី ។
នគរបាល បានបញ្ជាក់ថា ជនសង្ស័យទើបនឹងចេញពីពន្ធនាគារ ក្នុងខែមករា ឆ្នាំ២០១៨ ជាប់រយៈពេល៣ឆ្នាំ (២០១៥ដល់២០១៨) នៅពន្ធនាគារខេត្តកណ្ដាល ពីបទលួច នៅក្រុងតាខ្មៅ ៕ ដោយ ៖ បញ្ញាស័ក្តិ