(ភ្នំពេញ)៖ និស្សិតស្រីឆ្នាំទី១ នៃសាកលវិទ្យាល័យ PPIU ម្នាក់បានជិះម៉ូតូទាក់ដៃចង្កូតម៉ូតូមួយគ្រឿងទៀតដួល ត្រូវរ៉ឺម៉ក់ម៉ូតូបើកមកពីក្រោយកិនចំក្បាលស្លាប់ភ្លាមៗ ហើយក្រោយមករ៉ឺម៉ក់បានព្យាយាមបើកគេចខ្លួនបាត់ កាលពីវេលាម៉ោង៨និង៤០នាទី ព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវព្រះមុនីវង្ស មុខក្រុមហ៊ុន ហុងដាលក់ម៉ូតូ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
យុវតីរងគ្រោះឈ្មោះ លី សៀវហ្វុង អាយុជាង២០ឆ្នាំ មុខរបរនិស្សិត ស្នាក់នៅក្នុងសង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ មុនពេលកើតហេតុ យុវតីម្នាក់ជិះម៉ូតូមួយគ្រឿង ម៉ាកហុងដាស្កុបពី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1FA-1335 ធ្វើដំណើរពីជើងទៅត្បូង ស្របទិសគ្នាជាមួយម៉ូតូរ៉ឺម៉ក់ តាមបណ្តោយផ្លូវព្រះមុនីវង្ស លុះមកដល់ចំណុចមុខក្រុមហ៊ុន ហុងដាលក់ម៉ូតូ ស្រាប់តែប៉ះដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀត បណ្តាលឲ្យដួល ស្របពេលនោះ ក៏មានម៉ូតូរ៉ឺម៉កមួយគ្រឿងបើកមកដល់កិនចំក្បាលបែកឈាមស្លាប់។ អ្នកបើកម៉ូតូរ៉ឺម៉កមិនបានឈប់ ក៏បន្ថែមល្បឿនបើករត់គេចចេញពីកន្លែងកើតហេតុបាត់៕ ដោយកូឡាប