ខេត្តព្រះសីហនុ ៖ សមត្ថកិច្ចនគរបាលនៃស្នងការដ្ឋានខេត្តព្រះសីហនុ បានបញ្ជូនជនជនសង្ស័យជាជនជាតិចិនចំនួន២នាក់ ទៅកាន់សាលាដំបូងខេត្តព្រះសីហនុ កាលពីរសៀលថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៨ ពាក់ព័ន្ធបទល្មើសប្រើប្រាស់អាវុធ បាញ់ជនជាតិចិនដូចគ្នា បណ្តាលឲ្យរងរបួសចំនួន៤នាក់ ពេលកំពុងផឹកស៊ីនៅក្នុងហាង «ស៊ី ហ៊ូ» ស្ថិតក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ កាលពីយប់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៨កន្លងទៅ។
បទល្មើសខាងលើនេះ កម្លាំងនគរបាល បានដកបានកាំភ្លើងចំនួន២ដើមផងដែរ។
ជនសង្ស័យទាំង២នាក់មានឈ្មោះ ៖ ឈ្មោះ REN HAI JUN ភេទប្រុស អាយុ ៤៦ឆ្នាំ ជនជាតិចិន កាន់លិខិតឆ្លងដែនលេខ E០១១១៥៤៣៤ មុខរបរ មិនពិតប្រាកដ មានទីលំនៅ មិនពិតប្រាកដ និង ឈ្មោះ WU HAI ZHU ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិចិន កាន់លិខិតឆ្លងដែនលេខ E៩២១១១៩៨៥ មុខរបរមិនពិតប្រាកដ មានទីលំនៅ មិនពិតប្រាកដ។
តាមចម្លើយសារភាពបឋម ក្រុមជនសង្ស័យឲ្យនគរបាលដឹងថា ពួកគេខឹងនឹងជនរងគ្រោះ ដែលបាននិយាយប្រមាថមើលងាយពួកគេ ថាពួកគេជាមនុស្សដើរមិនត្រង់ផ្លូវ ដើរវៀចៗបែបនេះមិនមែនជាមនុស្សល្អ ទើបពួកគេបាញ់ទៅលើជនរងគ្រោះតែម្តង។
ចំពោះកាំភ្លើងរូបគេបានទិញពីជនមិនស្គាល់មុខ ក្នុង១ដើមតម្លៃ៣,៨០០ដុល្លា ហើយពេលធ្វើសកម្មភាពរួច ពួកគេបានយកទៅកប់នៅក្នុងដីស្ថិតនៅក្រុម២២ ភូមិ៣សង្កាត់៣ ក្រុងព្រះសីហនុ៕ ដោយ៖ ដែន សីមា