អតីតជនអន្ធពាលម្នាក់មកពីតៃវ៉ាន់ ឥឡូវនេះ បានសាងនូវអំពើល្អ បន្ទាប់ពីបានសាងអំពើបាបកម្មទាំងឡាយយ៉ាងច្រើននៅក្នុងសង្គម តាមរយៈការជួយគ្រួសាររបស់គាត់ និងផ្តល់គុយទាវដោយឥតគិតថ្លៃសម្រាប់ជនក្រីក្រ ។ Yen ដែលឆ្នាំនេះមានវ័យ ៤០ ឆ្នាំ បានបើកហាងលក់មីគុយទាវចូលគ្នាជាមួយម្តាយរបស់គាត់ ដោយក្នុងនោះ បម្រើជូនគុយទាវឥតយកប្រាក់ សម្រាប់អ្នកដែលពុំមានលទ្ធភាពបង់ថ្លៃអាហារ ។
Channel NewsAsia បានរាយការណ៍ថា Yen គឺជាកំពូលក្មេងទំនើងម្នាក់នៅក្នុងតំបន់ នៅកាលនៅវ័យក្មេង ។ ក្នុងអាយុ ១៥ ឆ្នាំ គាត់ត្រូវបានចោទប្រកាន់ពីបទមនុស្សឃាត និងត្រូវជាប់គុក ៤ ឆ្នាំកន្លះ ។
ភ្លាមៗបន្ទាប់ដោះលែង គាត់នៅពុំកែខ្លួននោះទេ ដោយនៅតែបន្តប្រព្រឹត្តខ្លួនជាអ្នកលេងដដែល និងក្រោយមក ត្រូវបានចាប់ខ្លួន និងចោទប្រកាន់កាន់កាប់កាំភ្លើងខុសច្បាប់ ។ ទោះយ៉ាងណា គាត់បានរួចខ្លួនតាមរយៈការកាត់ទោសព្យួរ ។
Yen បានដឹងថា នេះជាឱកាសលើកទី២ហើយនៅក្នុងជីវិតរបស់គាត់ ដែលគាត់បានគិតថា កុំបានទេវតាជួយ ។
ដកស្រង់សម្តីដោយ Channel NewsAsia អតីតក្មេងពាលរូបនេះបាននិយាយថា៖ «ករណីនេះ គឺដូចជាហៅខ្ញុំឲ្យភ្ញាក់ខ្លួនឡើងតែម្តង ។ ខ្ញុំដឹងបានដឹងថាខ្ញុំត្រូវតែរក្សានូវអ្វីៗដែលខ្ញុំកំពុងសាងល្អពីឥឡូវនេះ សម្រាប់គ្រួសាររបស់ខ្ញុំ និងសេរីភាព» ។
គុយទាវមួយចានមាន (សាច់ជ្រូក, បង្គារ និងស្ពៃក្តោប) លក់ក្នុងតម្លៃ TW$80 (ជាង ២ ដុល្លារ) សម្រាប់អតិថិជនធម្មតា ហើយពួកគេអាចបរិច្ចាគបន្ថែម TW$75 ដើម្បីបង់សម្រាប់១ចាន ដែលក្រោយមក នឹងត្រូវបានបម្រើជូនអ្នកដែលពុំអាចមានលទ្ធភាពទិញអាហារ ។
Yen បានបញ្ចេញឲ្យដឹងថា គាត់ជាធម្មតា ផ្តល់ចែករំលែកអាហារ ៦០០ ទៅ ៧០០ ចាន ក្នុង១ខែ ។ អាហារដ៏ច្រើនចានទាំងនោះត្រូវបានបង់ឲ្យដោយសប្បុរសជន និងប្រសិនបើការចំណាយមិនគ្រប់គ្រាន់ គាត់នឹងចូលរួមចំណែកដោយខ្លួនឯង ។
៤ឆ្នាំបន្ទាប់ចាប់ផ្តើមគំនិតនេះ នោះចានគុយទាវហ្វ្រ៊ីប្រហែល ៤០,០០០ ត្រូវបានបម្រើជូន ។ គាត់ក៏នឹងនាំយកទៅដល់អ្នកដែលជាជនពិការផងដែរ ។ យោងតាម Yen មនុស្សភាគច្រើនដែលស្នើសុំអាហារហ្វ្រ៊ី គឺជាមនុស្សវ័យចំណាស់ និងគ្មានការងារធ្វើ ។
ក្រៅពីហ្វ្រ៊ី គាត់ក៏បានពាក់ព័ន្ធ នៅក្នុងធ្វើកិច្ចការមនុស្សធម៌ផងដែរ ដោយបានទៅកាន់ពន្ធនាគារ ដើម្បីចែករំលែកអំពីបទពិសោធន៍របស់គាត់ជាមួយអ្នកទោស ។
គាត់បានរៀបរាប់ថា៖ «ជាក្មេងទំនើងនៅក្នុងអតីតកាលរបស់ខ្ញុំ ខ្ញុំមានអារម្មណ៍ដូចជាខ្ញុំតែងដើរលើបន្លាលួស ព្រោះខ្ញុំអាចជួបជាមួយសត្រូវគ្រប់ពេល ។ ប៉ុន្តែ ឥឡូវនេះ ខ្ញុំបានជួបមនុស្សដែលបង្ហាញភាពរីករាយបំផុត នៅពេលពួកគាត់បានជួបខ្ញុំ» ៕ ឧត្តម (worldofbuzz)