ស្រុកកោះអណ្តែត ៖ អធិការនគរបាលស្រុកកោះអណ្តែត បានដឹកនាំកម្លាំងជំនាញអធិការដ្ឋាន និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលរមេញ ធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ យកមកអធិការដ្ឋាននគរបាលស្រុកកោះអណ្តែត ពាក់ព័ន្ធករណីគំរាមសម្លាប់និងធ្វើឲ្យខូចខាតដោយចេតនា។
ករណីនេះបានកើតឡើងនៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង១៥ និង៣០នាទី នៅភូមិរមេញខាងជើងឃុំរមេញស្រុកកោះអណ្តែតខេត្តតាកែវ មានករណីគំរាមសម្លាប់និងធ្វើឲ្យខូចខាតដោយចេតនាមួយកើតឡើង បង្កដោយជនសង្ស័យឈ្មោះ ឈិន សីហា ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិរមេញខាងជើងឃុំរមេញ ស្រុកកោះអណ្តែត ខេត្តតាកែវ ។ ជនសង្ស័យរូបនេះ បានធ្វើសកម្មភាពកាន់ពូថៅគំរាមសម្លាប់ម្តាយបង្កើតឈ្មោះ មិន រ៉ុក ភេទស្រី អាយុ៥៧ឆ្នាំ មានទីលំនៅកន្លែងកើតហេតុខាងលើ និងបានធ្វើសកម្មភាពវាយទូខោអាវខូចខាតចំនួន០២ទូ តុ០២ បង្អួច០១ កូនក្រឡឹងបណ្តោយ០៥ម៉ែត្រ អំពូលភ្លើង០៣ គំរបពាង០៤ ធ្វើសកម្មភាពរួចហើយបានរត់គេចខ្លួនបាត់ ។
ដោយមានការចង្អុលបង្ហាញពី លោកឧត្តសេនីយ៍ទោម៉ែន លី ស្នងការ នគរបាលខេត្តតាកែវ និងសម្របសម្រួលនិតិវិធីឯកឧត្តមព្រះរាអាជ្ញាសាលាដំបូងខេត្តតាកែវ នៅថ្ងៃទី២៤ខែមិថុនាឆ្នាំ២០២៥ វេលាម៉ោង០៨និង៣០នាទី
លោកវរសេនីយ៍ឯកជា សុផាត អធិការនគរបាលស្រុកកោះអណ្តែត បានដឹកនាំកម្លាំងជំនាញអធិការដ្ឋាន និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលរមេញ ធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះ ឈិន សីហា រួមទាំងវត្ថុតាង(ពូថៅ) យកមកអធិការដ្ឋាននគរបាលស្រុកកោះអណ្តែត ។
ករណីនេះកម្លាំងជំនាញអធិការដ្ឋានធ្វើការសាកសួរ និងកសាងសំណុំរឿងតាមនិតិវិធី ។
សូមបញ្ជាក់ថា: ជនសង្ស័យខាងលើនេះធ្លាប់ជាប់ពន្ធធនាគារខេត្តតាកែវ ចំនួន០៣ដងរួចមកហើយ ៕ រក្សាសិទ្ធដោយ៖សុទ្ធលី






