ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ នៅទីស្តីការក្រសួង ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអនុញ្ញាតឱ្យឯកឧត្តម ចាង យ៉ុន ហ្គន់ (Jang Yun Gon) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា ក្នុងឱកាសដែលឯកឧត្តមឯកអគ្គរដ្ឋទូតបញ្ចប់បេសកកម្មការទូតនៅកម្ពុជា។ នៅក្នុងជំនួបនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ឯកឧត្តមឯកអគ្គរដ្ឋទូត ក្នុងការរក្សា និងពង្រឹងទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងប្រទេសទាំងពីរ។
ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានអបអរសាទរឯកអគ្គរដ្ឋទូតស.ប.ប.កូរ៉េ ចំពោះការបញ្ចប់ បេសកកម្មដោយជោគជ័យនៅកម្ពុជា និងថ្លែងអំណរគុណចំពោះការរួមចំណែករបស់ឯកឧត្តមឯកអគ្គរដ្ឋទូត ក្នុងការរក្សា និងពង្រឹងទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងប្រទេសទាំងពីរ ក្នុងអំឡុងពេលបំពេញ បេសកកម្មរយៈពេល៩ឆ្នាំ នៅកម្ពុជា។ ឯកឧត្តម Jang Yun Gon បានថ្លែងអំណរគុណយ៉ាងជ្រាលជ ចំពោះឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចំពោះកិច្ចសហប្រតិបត្តិការជិតស្និទ្ធ និងការសម្របសម្រួលដ៏ល្អជូនដល់រូបគាត់ និងស្ថានទូតស.ប.ប.កូរ៉េ។
ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានគូសបញ្ជាក់ថា កម្ពុជា និងស.ប.ប.កូរ៉េ បន្តរក្សាចំណង មិត្តភាពដ៏ជិតស្និទ្ធរវាងប្រទេសទាំងពីរ ដែលត្រូវបានបង្កើតឡើងកាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ១៩៦៤ ដោយ ព្រះបាទសម្តេចព្រះ នរោត្ដម សីហនុ “ព្រះបរមរតនកោដ្ឋ» និងឯកឧត្តម Kim Il-sung កាលពី៦០ ឆ្នាំមុន។ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក៏បានបង្ហាញក្តីសង្ឃឹមថា ឯកអគ្គរដ្ឋទូត Jang Yun Gon នឹង បន្តដើរតួនាទីរួមចំណែកក្នុងការលើកកម្ពស់ទំនាក់ទំនងទ្វេភាគីកម្ពុជា-ស.ប.ប.កូរ៉េ ក្នុងតួនាទីណាមួយរបស់គាត់ នាពេលអនាគត៕ រក្សាសិទ្ធដោយ៖សុទ្ធលី





