ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានជូនសារនយោបាយទៅក្រុមថ្នាក់ដឹកនាំថៃ ជាពិសេសក្រុមជ្រុលនិយម ឲ្យចងចាំសិន្ធិសញ្ញាបារាំង-សៀម ហើយកុំប្រើផែនទីចោរដែលគូសដោយខ្លួនឯងដើម្បីដីខ្មែរ។
តាមរយៈចូលទៅឆ្លើយជាមួយបងប្អូនប្រជាពលរដ្ឋ នៅលើ Facebook នៅរសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «ចោរសៀមកុំភ្លេចសិន្ធិសញ្ញាបារាំង-សៀម ១៩០៤-១៩០៧ និងផែនទីនោះផង។ កុំប្រើផែនទីចោរដែលគូសដោយខ្លួនឯងដើម្បីដីខ្មែរ»។
ជាមួយនឹងស្ថានភាពនយោបាយផ្ទៃក្នុងរបស់ថៃ សម្តេចតេជោ ហ៊ុន សែន បានវាយតម្លៃថា ថៃនឹងមាននាយករដ្ឋមន្ត្រីថ្មីក្នុងរង្វង់ ៣ខែខាងមុខហើយ ហើយសម្តេចក៏អាចដឹងមុនថា ជាអ្នកណានឹងធ្វើនាយករដ្ឋមន្ត្រី តែសម្តេចមិនទាន់បានទម្លាយឈ្មោះនៅឡើយទេ។
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងពីពួកចោរឈ្លានពានចូលមករំខាន Facebook របស់សម្តេចដោយមានការចាត់តាំងយ៉ាងច្បាស់ពីមេដឹកនាំនៅក្រុងបាងកក។
សម្តេចតេជោ បានថ្លែងថា «ការបង្កហេតុមិនមែនគ្រាន់តែធ្វើការ ឈ្លានពានទឹកដីទេ សូម្បីតែ Facebook ក៏វាមករំខានដែរ។ រឿងនេះយើងអាចវាយតម្លៃបានគឺពួកគេកំពុង ផ្ទេរពីជម្លោះផ្ទៃក្នុងមកជាជម្លោះជាមួយកម្ពុជាទៅវិញ។ តែទោះពួកអ្នកប្រឹងដល់កំរិតណាក៏ជម្លោះដណ្តើមអំណាចមិនអាចរលត់បានដែរ»៕
សម្តេចតេជោ ហ៊ុន សែន បានសរសេរក្នុងខំមិនក្រោមការបង្ហោះហ្វេសប៊ុកពីកូនប្រុសទាំង៣របស់សម្តេចនៅរសៀលថ្ងៃនេះថា ការបង្ហោះរបស់សម្តេចនៅថ្ងៃនេះ គឺចង់ដឹងថា ពួកចោរឈ្លានពានវាចូលមករំខានFacebookរបស់សម្តេចរបៀបណាខ្លះ? បើតាមសម្តេចតេជោ គឺតាមរយះការចូលមករំខានលើហ្វេសប៊ុកសម្តេច គឺអាចវាយតម្លៃបានថា មានការចាត់តាំងយ៉ាងច្បាស់ពីមេដឹកនាំនៅក្រុងបាងកក ដើម្បីចូលមករំខាន។
សម្តេចតេជោ បានអះអាងថា ការបង្កហេតុមិនមែនគ្រាន់តែធ្វើការឈ្លានពានទឹកដីទេសូម្បីតែFacebook ក៏វាមករំខានដែរ។ រឿងនេះ អាចវាយតម្លៃបាន គឺពួកគេកំពុងផ្ទេរពីជម្លោះផ្ទៃក្នុងមកជាជម្លោះជាមួយកម្ពុជាទៅវិញ។
សម្តេចតេជោ បានគូសបញ្ជាក់ថា ៖«តែទោះពួកអ្នកប្រឹងដល់កម្រិតណា ក៏ជម្លោះដណ្តើមអំណាចមិនអាចរលត់បានដែរ។ តាមការស្មានរបស់ខ្ញុំ ថៃនឹងមាននាយករដ្ឋមន្ត្រីថ្មីក្នុងរង្វង់៣ខែខាងមុខ ហើយខ្ញុំក៏អាចដឹងមុនថាជាអ្នកណានឹងធ្វើនាយករដ្ឋមន្ត្រី តែខ្ញុំមិននិយាយទេទុកឲ្យឆ្ងល់។សូមពួកអ្នកប្រមូលកម្លាំងដោះស្រាយជម្លោះផ្ទៃក្នុងជាជាងមករំខានខ្ញុំ»។
លោក ជា ធីរិទ្ធ អ្នកនាំពាក្យសម្តេចតេជោ ហ៊ុន សែន បានថ្លែងសារក្នុងផេកហ្វេសប៊ុកផ្លូវការនាថ្ងៃនេះយ៉ាងដូច្នេះថា “សម្តេចតេជោ ឆ្លេីយតបចោរសៀម!
លេីលោកនេះ គ្មាននរណាខូចដូច គូសផែនទីដោយចិត្តឯងចង់បានដីគេ។ សម័យតេជោនិងធិបតី ប្រជាជនខ្មែរសាមគ្គីគ្នា មិនឲ្យចោរអលជ្ជីលួចដីដូនតាបានទេ”៕រក្សាសិទ្ធដោយ៖សុទ្ធលី





