ព្រះវិហារ៖ បន្ទាប់ពីបញ្ចប់បេសកកកម្មចុះសួរសុខទុក្ខ និងនាំអំណោយ ថវិកា ថ្នាំពេទ្យ ព្រមទាំងសម្ភារៈប្រើប្រាស់ជូនដល់កងកម្លាំងប្រដាប់អាវុធកំពុងឈរជើងនៅខ្សែត្រៀមជួរមុខការពារបូរណភាពទឹកដីនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ក្នុងខេត្តព្រះវិហារ, ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ បានបន្តអញ្ជើញចុះសួរសុខទុក្ខប្រជាពលរដ្ឋ ដែលជម្លៀសមកស្នាក់នៅ បណ្តោះអាសន្នតំបន់សុវត្ថិភាពវត្តពោធិ៍៥០០០ដើម ស្ថិតក្នុងភូមិគូលែនត្បូង ឃុំគូលែនត្បូង ស្រុកគូលែន ខេត្តព្រះវិហារ ដោយនាំយកនូវអំណោយជាថ្នាំពេទ្យ គ្រឿងឧបភោគបរិភោគយ៉ាងច្រើនជូនពលរដ្ឋផងដែរ។ នាឱកាសនោះដែរ ឯកឧត្តម នេត្រ ភក្ត្រា ក៏បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជូនដល់បងប្អូនប្រជាពលរដ្ឋដែលជម្លៀសមកស្នាក់នៅបណ្តោះអាសន្នតំបន់សុវត្ថិភាពវត្តពោធិ៍៥០០០ដើម ដោយក្តីនឹករលឹក។
ឯកឧត្តម នេត្រ ភក្ត្រា បានថ្លែងថា សម្តេចវរធិបតី ហ៊ុន ម៉ាណែត ក្នុងអាណត្តិជានាយករដ្ឋមន្ត្រីនៃកម្ពុជា បន្តវេនពីសម្តេចតេជោ ហ៊ុន សែន គឺជាកុលបុត្រខ្មែរដ៏អង់អាចក្លាហាន ប្រកបដោយចក្ខុវិស័យវែងឆ្ងាយ មានសមត្ថភាព មានយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងប្រកបដោយទេពកោសល្យក្នុងដឹកនាំប្រទេស។ ជាក់ស្តែងនៅក្នុងដំណាក់កាលនេះជាមួយនឹងការដឹកនាំដ៏ម៉ឹងម៉ាត់ បានទប់ស្កាត់មិនឱ្យបរទេសឈ្លានពានមកលើដែនអធិបតេយ្យភាពរបស់កម្ពុជា បានសូម្បីតែមួយមីលីម៉ែត្រជាដាច់ខាត។ ឯកឧត្តមបានថ្លែងថាសូមបងប្អូនប្រជាពលរដ្ឋមានជំនឿជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជា។
ឯកឧត្តម នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា៖ «នៅកម្ពុជាយើងអាចរួមជាកម្លាំងជាតិ ការសាមគ្គីភាពដ៏មួយ ក្រោមដំបូលនៃមជ្ឈមណ្ឌលសាមគ្គីភាពដ៏ធំតែមួយរបស់យើងដែលមានសម្តេចតេជោ ហ៊ុន សែន និងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត គឺជាមជ្ឈមណ្ឌលធំនៃសាមគ្គីភាព និងឯកភាពជាតិដ៏រឹងមាំប្រឆាំងជាមួយជនបរទេសឈ្លានពាន។ ដូច្នេះ សូមបងប្អូនប្រជាពលរដ្ឋដែលកំពុងស្នាក់នៅបណ្តោះអាសន្នតំបន់សុវត្ថិភាពវត្តពោធិ៍៥០០០ដើម សូមកុំមានការព្រួយបារម្ភឱ្យសោះ ហើយការមកស្នាក់នៅទីតាំងនេះជាផ្តល់នូវទំនុកចិត្តពេញលេញដល់កងកម្លាំងនៅជួរមុខ ពីព្រោះពួកគាត់មានទុកចិត្តថាប្រពន្ធកូន ក្រុមគ្រួសារសាច់ញាតិរបស់ខ្លួន គឺមានសុវត្ថិភាព ធ្វើឱ្យពួកគាត់បានអារម្មណ៍រឹងមាំដើម្បីឈរជើងត្រៀមប្រយុទ្ធ តតាំងជាមួយសត្រូវដែលមានបំណងឈ្លានពានទឹកដីកម្ពុជា។
ទន្ទឹមនេះដែរ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានជម្រាបទៅដល់ប្រជាពលរដ្ឋថា កម្ពុជាមិនដែលមានចេតនាណាមួយឈ្លានពានទៅលើប្រទេសជិតខាងម្តងណានោះឡើយ ហើយកម្ពុជា គឺចង់បានតែសេចក្តីសុខ សន្តិភាព និងមិត្តភាព ជាពិសេសកម្ពុជា មិនចង់បានភ្លើងសង្គ្រាមនោះទេ ពីព្រោះអតីតកាលកម្ពុជា បានជួបប្រទះនឹងភ្លើងសង្គ្រាមជិត ៣ទសវត្សរ៍ បណ្តាលឱ្យប្រជាជននិរាស្តព្រាត់ប្រាស់ បែកបាក់ ប្តី ប្រពន្ធ សាច់ញាតិជាដើម។
ឯកឧត្តម នេត្រ ភក្ត្រា បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ក៏មិននៅឈរស្ងៀមឱ្យបរទេសណាមួយមកឈ្លានពានរំលោភដែនអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ខ្លួនជាដាច់ខាត។ ជាក់ស្តែង រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ដោយមានការគាំទ្រពីសំណាក់សម្តេចតេជោ ហ៊ុន សែន ជាប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា និងមានការគាំទ្រពីសមមាជរដ្ឋសភាព្រឹទ្ធសភា គឺបញ្ជូនសំណុំរឿងប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំ៣ ទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដើម្បីកាត់ក្តីជាមួយភាគីថៃ។
នៅក្នុងឱកាសនេះ ឯកឧត្តម នេត្រ ភក្ត្រា បានកោតសរសើរថ្នាក់ដឹកនាំ មន្ត្រីរាជការ កម្លាំងប្រដាប់អាវុធ និងអាជ្ញាធរមូលដ្ឋាន ក្នុងខេត្តព្រះវិហារ ដែលបានយកចិត្តទុកដាក់ ជួយសម្រួល និងរៀបចំកន្លែងស្នាក់នៅ ក៏ដូចជារៀបចំប្រព័ន្ធទឹក ប្រព័ន្ធភ្លើង ក៏ដូចជាបន្ទប់អនាម័យ ជូនបងប្អូនប្រជាពលរដ្ឋយើង ដែលបានជម្លៀសមកពីតំបន់ប្រឈមតាមព្រំដែន មកស្នាក់នៅបណ្តោះអាសន្ននៅទីនេះ។ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានណែនាំដល់ប្រជាពលរដ្ឋដែលមកស្នាក់នៅទីនេះសូមរក្សាអនាម័យ សុខភាព ដើម្បីការពារពីជំងឺផ្សេងៗ ព្រមទាំងអំណោយមួយចំនួនសម្រាប់ចូលរួមចំណែកកាត់បន្ថយការលំបាករបស់បងប្អូនប្រជាពលរដ្ឋផងដែរ៕ រក្សាសិទ្ធដោយ៖សុទ្ធលី










