Wednesday, June 25, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អូស្ត្រាលី បន្តប្តេជ្ញាគាំទ្រដល់លទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនៅកម្ពុជា ព្រមទាំងការរួមចំណែកដ៏សំខាន់របស់វាចំពោះកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍធនធានមនុស្ស

ភ្នំពេញ ៖ ស្ថានទូតអូស្រ្តាលីប្រចាំកម្ពុជា បានចេញផ្សាយព័ត៌មាននៅថ្ងៃទី២៣ ខែមិថុនានេះថា ស្ថិរភាព វិបុលភាព និងការរួបរួមគ្នាក្នុងសង្គមដើរទន្ទឹមគ្នាជាមួយនឹងការប្រកួតប្រជែងខាងនយោបាយពិតប្រាកដ ការលំហសេរីភាពសម្រាប់សង្គមស៊ីវិល និងការការពារសិទ្ធិមនុស្ស។

លោកឯកអគ្គរដ្ឋទូត យីប បានអញ្ជើញជួបឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មការសិទ្ធិមនុស្សកម្ពុជា កាលពីថ្ងៃទី២៣ ខែមិថុនា ដើម្បីពិភាក្សាអំពីសិទ្ធិមនុស្សនៅកម្ពុជា និងឱកាសសម្រាប់ការរីកចម្រើន និងកិច្ចសហការ។

ឯកឧត្តមបានពិភាក្សាអំពីការរីកចម្រើនវិជ្ជមានរបស់កម្ពុជាទៅលើការអភិវឌ្ឍសេដ្ឋកិច្ច និងការកាត់បន្ថយភាពក្រីក្រ ព្រមទាំងការខិតខំប្រឹងប្រែងទៅលើបញ្ហាយេនឌ័រ និងសិទ្ធអ្នកស្រឡាញ់ភេទដូចគ្នា (LGBTQIA+)។

ឯកឧត្តមក៏បានបង្ហាញពីបំណងប្រាថ្នារបស់អូស្ត្រាលីក្នុងការមើលឃើញសេរីភាពស៊ីវិល និងនយោបាយកាន់តែច្រើននៅកម្ពុជា ការអនុញ្ញាតអោយប្រព័ន្ធផ្សព្វផ្សាយពត័មានឯករាជ្យ ដំណើរការបាន និងសារៈសំខាន់នៃឯករាជ្យប្រពន្ធ័តុលាការ។ ឯកឧត្តមក៏បានបញ្ជាក់ឡើងវិញពីការព្រួយបារម្ភរបស់អូស្ត្រាលីចំពោះសម្ពាធដែលមានទៅលើគណបក្សប្រឆាំងនយោបាយ អ្នកសារព័ត៌មានឯករាជ្យ និងសង្គមស៊ីវិលរបស់កម្ពុជា និងបានលើកឡើងអំពីករណីជាក់លាក់មួយចំនួនផងដែរ។

អូស្ត្រាលីបន្តប្តេជ្ញាគាំទ្រដល់លទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនៅកម្ពុជា ព្រមទាំងការរួមចំណែកដ៏សំខាន់របស់វាចំពោះកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍធនធានមនុស្ស ។

បើតាមសេចក្តីប្រកាសព័ត៌មាន របស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាបានឲ្យដឹងថា នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្ដម កែវ រ៉េមី ទេសរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការ សិទ្ធិមនុស្សកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម Derek Yip ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបពិភាក្សាការងារនៅសាលប្រជុំរបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.)។ កិច្ចជំនួបនេះ បានផ្តោតការពិភាក្សាលើការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសិទ្ធិមនុស្សរវាងគ.ស.ម.ក. និងស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា។

ឯកឧត្តមទេសរដ្ឋមន្ត្រី បានស្វាគមន៍ឯកឧត្តម Derek Yip និងសហការី និងបានកោតសរសើរចំពោះ រដ្ឋាភិបាលអូស្ត្រាលី ក្នុងការជួយប្រទេសកម្ពុជាលើគ្រប់វិស័យ ដែលអាចចាត់ទុកថាជាប្រទេសដៃគូគំរូ។ ទន្ទឹមនេះ ឯកឧត្ដមទេសរដ្ឋមន្ត្រី ក៏បានលើកឡើងពីស្ថានភាព និងនិន្នាការពិភពលោកនាពេលបច្ចុប្បន្ន បានងាកទៅរកការបង្កាត់ភ្លើងសង្គ្រាម ដែលការណ៍នេះបានប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ការអនុវត្តសិទ្ធិមនុស្ស ដោយសូម្បីតែសិទ្ធិរស់រានមានជីវិតក៏មិនត្រូវបានធានានោះដែរ។ បន្ថែមពីនេះ ឯកឧត្ដមទេសរដ្ឋមន្ត្រី បាន គូសបញ្ជាក់ពីកិច្ចការថ្នាក់តំបន់ ដែល គ.ស.ម.ក. ក្នុងនាមជាតំណាងប្រទេសកម្ពុជាប្រចាំគណៈកម្មការ អន្តររដ្ឋាភិបាលអាស៊ានទទួលបន្ទុកសិទ្ធិមនុស្ស (អាយឆា-AICHR) ដោយបានរៀបចំកិច្ចសន្ទនាថ្នាក់តំបន់ ស្តីពីការចែករំលែកការអនុវត្តល្អៗក្នុងការពង្រឹងសិទ្ធិមនុស្សអំឡុងពេលនៃការរីករាលដាលជំងឺកូវីដ-១៩ ក្នុងតំបន់ អាស៊ាន និងគ្រោងរៀបចំកម្មវិធីចំនួន ២ ទៀត គឺ (១) ការតស៊ូមតិរបស់យុវជនស្ដីពីសិទ្ធិមនុស្ស និង (២) កិច្ចសន្ទនាថ្នាក់តំបន់ស្តីពីការលើកកម្ពស់និងការការពារសិទ្ធិកុមារក្នុងសម័យឌីជីថល។

នៅក្នុងឱកាសនោះ ឯកឧត្តមឯកអគ្គរាជទូត បានកត់សម្គាល់ពីទំនាក់ទំនងយូរអង្វែងនិងរឹងមាំរវាង ប្រទេសអូស្ត្រាលីនិងប្រទេសកម្ពុជា និងបានបង្ហាញពីបំណងក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការនេះ ឱ្យកាន់តែប្រសើរឡើងថែមទៀត ដោយបានលើកឡើងពីផែនការអភិវឌ្ឍន៍ភាពជាដៃគូអូស្ត្រាលី-កម្ពុជា ឆ្នាំ២០២៥-២០២៩ ក្នុងការជួយលើកកម្ពស់ជីវភាពប្រជាជនកម្ពុជា និងសេចក្តីព្រាងអនុស្សរណៈនៃ ការយោគយល់គ្នារវាងគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងគណៈកម្មការសិទ្ធិមនុស្សអូស្ត្រាលី។ ទន្ទឹមនឹងនេះឯកឧត្តមក៏បានទទួលស្គាល់ពីការរីកចម្រើនផ្នែកសេដ្ឋកិច្ច។ បន្ថែមពីនេះ ឯកឧត្តមឯកអគ្គរាជទូត បានគូស បញ្ជាក់ពីការត្រៀមខ្លួនរួចជាស្រេច ចំពោះកិច្ចសហប្រតិបត្តិការរវាងប្រទេសកម្ពុជានិងប្រទេសអូស្ត្រាលី ស្តីពី សិទ្ធិអ្នកស្រឡាញ់ភេទដូចគ្នា។ ឯកឧត្តមឯកអគ្គរាជទូត ក៏បានលើកឡើងពីលម្អនៃសិទ្ធិពលរដ្ឋនិងនយោបាយ ក៏ដូចជាសេរីភាពនៃការបញ្ចេញមតិ និងសេរីភាពសារព័ត៌មាន។

ឯកឧត្តមទេសរដ្ឋមន្ត្រី បានលើកឡើងថា ការចាប់ខ្លួនបុគ្គលមួយចំនួន ដែលបានប្រព្រឹត្តបទល្មើស ដោយមានភស្តុតាងជាក់ស្តែង គឺជាការអនុវត្តច្បាប់។ ជាចុងក្រោយ ឯកឧត្តមទេសរដ្ឋមន្ដ្រី បានអញ្ជើញ ឯកឧត្តម Derek Yip ចូលរួមក្នុងពិធីប្រគល់ និងទទួលរថយន្តសង្គ្រោះបន្ទាន់ ជូនមណ្ឌលអប់រំកែប្រែទី៤ (ម៤) នៅខេត្តពោធិ៍សាត់ ដែលជាអំណោយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធាន ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន៕រក្សាសិទ្ធដោយ៖សុទ្ធលី

×