Wednesday, June 25, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទេសរដ្ឋមន្ត្រី អៀង មូលី បានបញ្ជាក់ថា ជំនួយហិរញ្ញវត្ថុរបស់កម្ពុជា មានចំនួនមិនច្រើនមែន ក៏ប៉ុន្តែពោរពេញដោយទឹកចិត្តដ៏ធំនៃសាមគ្គីធម៌អន្តរជាតិ

ភ្នំពេញ ៖ គណៈប្រតិភូនៃព្រះរាជាណាចក្រកម្ពុជាដឹកនាំដោយឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី ប្រធាន អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានចេញដំណើរនៅល្ងាចថ្ងៃ២២ ខែមិថុនា ទៅចូលរួមកិច្ចប្រជុំ ក្រុមប្រឹក្សាសម្របសម្រួលកម្មវិធីរបស់អង្គការយូអិនអេដស៍(UNAIDS PCB) លើកទី៥៦ នៅទីក្រុង ហ្សឺណែវ ប្រទេសស្វីស ដែលប្រព្រឹត្តទៅពីថ្ងៃ២៤ដល់២៦ ខែមិថុនា ឆ្នាំ២០២៥។

ព្រះរាជាណាចក្រកម្ពុជាបានទទួលអាសនៈសមាជិកក្រុមប្រឹក្សាសម្របសម្រួលកម្មវិធីរបស់ អង្គការយូអិនអេដស៍(UNAIDS PCB) តាមរយៈការបោះឆ្នោតរបស់ក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គម (ECOSOC) របស់អង្គការសហប្រជាជាតិនៅទីក្រុងញីវយ៉ក កាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៣ តំណាងតំបន់អាស៊ីប៉ាស៊ីហ្វិកសម្រាប់អាណត្តិ២០២៣-២០២៥។ កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥ ក្រុមប្រឹក្សាសេដ្ឋកិច្ចនិងសង្គមបានបោះឆ្នោតជាឯកច្ឆន្ទជ្រើសរើសកម្ពុជាឱ្យបន្តអាណត្តិ រយៈពេលបី ឆ្នាំ(២០២៦-២០២៨)ទៀត ដោយចាប់ផ្តើមពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៦។ ការចូលរួមប្រជុំរបស់ គណៈប្រតិភូកម្ពុជាលើកនេះ ជាការចូលរួមលើកទី៥។

នៅក្នុងពិធីបើកកិច្ចប្រជុំ នៅព្រឹកថ្ងៃទី២៤ ខែមិថុនា ដែលជាថ្ងៃទី១នៃកិច្ចប្រជុំ លោកជំទាវ Winnie Byanyima នាយិកាប្រតិបត្តិអង្គការយូអិនអេដស៍ បានប្រកាសស្វាគមន៍កម្ពុជាជាអ្នកផ្តល់ជំនួយថ្មីដល់អង្គការយូអិនអេដស៍ ដែលធ្វើឱ្យអ្នកចូលរួមទាំងអស់ទះដៃអបអរសាទរ។ ទន្ទឹមនឹងនេះ លោកស្រីប្រធានអង្គប្រជុំលើកទី៥៦ក៏បានអបអរសាទរកម្ពុជាផងដែរ។ មានប្រសាសន៍ក្នុងអង្គប្រជុំ ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី បានបញ្ជាក់ថា ជំនួយហិរញ្ញវត្ថុរបស់កម្ពុជានេះមានចំនួនមិនច្រើនមែន ក៏ប៉ុន្តែពោរពេញដោយទឹកចិត្តដ៏ធំនៃសាមគ្គីធម៌អន្តរជាតិ ជំនួយនេះធ្វើឡើងដោយមានជំនឿជឿជាក់ លើប្រសិទ្ធភាពនៃអង្គការយូអិនអេដស៍ និងលើប្រព័ន្ធពហុភាគីនិយម។ កម្ពុជាបានប្រែក្លាយខ្លួនពី ប្រទេសទទួលជំនួយទៅជាប្រទេសផ្តល់ជំនួយ ដូចប្រទេសម្ចាស់ជំនួយសំខាន់ៗឯទៀតដែរ។

គួរបញ្ជាក់ថា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចផ្ដល់ថវិកាចំនួន ១០០ ០០០ដុល្លារអាម៉េរិកជូនអង្គការយូអិនីអេដស៍ ក្នុងជំនួបសវនាការ ជាមួយលោកជំទាវនាយិកាប្រតិបត្តិ កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ នៅវិមានសន្តិភាព។ ដូច្នេះ នៅល្ងាចថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥នេះ ឯកឧត្ដមទេសរដ្ឋមន្ត្រី អៀង មូលី បានចុះហត្ថលេខាលើ លិខិតព្រមព្រៀងផ្តល់ជំនួយជាមួយលោកជំទាវនាយិកាប្រតិបត្តិ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×