ភ្នំពេញ ៖ ក្នុងឱកាសប្រារព្ធទិវាអន្ដរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា សម្តេចសម្តែងនូវសេចក្តីសោមនស្សរីករាយក្រៃលែង ប្រកបដោយមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅ រួមជាមួយនឹងស្មារតីឆន្ទៈគាំទ យ៉ាងពេញទំហឹង ចំពោះការរៀបចំ «ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥» ដែលត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំ ទាំងនៅក្នុងប្រទេសកម្ពុជា និងតាមបណ្តាប្រទេសនានាលើសកលលោក។ រាជរដ្ឋាភិបាលកម្ពុជា តែងតែចាត់ទុក ទិវាដ៏មានអត្ថន័យមួយនេះ គឺជាថ្ងៃដ៏មានសារៈសំខាន់មួយ ដែលរំលឹកឱ្យយើង ទាំងអស់គ្នាបានឃើញពីការប្តេជ្ញាចិត្ត កិច្ចខិតខំប្រឹងប្រែង ស្មារតីមោះមុត និងចលនាជាតិរបស់កម្ពុជា ក្នុងការ ចូលរួមប្រយុទ្ធប្រឆាំងគ្រឿងញៀននាឆ្នាំកន្លងទៅ តាមគ្រប់រូបភាព វិធីសាស្ត្រ និងយុទ្ធសាស្ត្រ សំដៅធ្វើយ៉ាងណា កាត់បន្ថយនិងឈានដល់ការលុបបំបាត់បញ្ហាគ្រឿងញៀនចេញពីសង្គមកម្ពុជា។
សម្តេចបានថ្លែងថា កម្ពុជា ពិតជាមានមោទនភាព ខ្ពស់ ដែលត្រូវបានទទួលការវាយតម្លៃពីការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកកិច្ចការគ្រឿងញៀន និង ឧក្រិដ្ឋកម្ម (UNODC) ជាប្រទេសគំរូមួយក្នុងការប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនកាលពីឆ្នាំ ២០២៤ កន្លងទៅ ដែលមានលក្ខណៈអធិកអធម ទាំងនៅថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិទូទាំង ២៥ រាជធានី ខេត្ត។ សម្រាប់ខ្លឹមសារស្នូលនៃទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនឆ្នាំ២០២៥ នេះ ការិយាល័យ UNODC គឺបានផ្ដោតសំខាន់ទៅលើវិធានការបង្ការ ការពារ ទប់ស្កាត់ ដើម្បីឈានទៅការកាត់ផ្តាច់ឫសគល់និងវិវដ្តនៃបញ្ហា គ្រឿងញៀន ដោយក្នុងនោះ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចកំណត់យកប្រធានបទនៃទិវាសម្រាប់ឆ្នាំ២០២៥ នេះ គឺ «រួមគ្នា បង្ការ ទប់ស្កាត់ និងកាត់ផ្តាច់ឫសគល់នៃបញ្ហាគ្រឿងញៀននៅកម្ពុជា» ក្នុងគោលដៅសំដៅធ្វើយ៉ាងណា បំផុសជាចលនាជាតិមួយ ដែលមានការចូលរួមពីគ្រប់វិស័យក្នុងការលើកកម្ពស់ការអប់រំពីផលប៉ះពាល់និងគ្រោះថ្នាក់ នៃគ្រឿងញៀន និងមានវិធានការម៉ឺងម៉ាត់ដាច់ខាតពីគ្រប់តួអង្គពាក់ព័ន្ធទាំងអស់ ដើម្បីឈានដល់ការកាត់ផ្តាច់ ឫសគល់នៃបញ្ហា និងទប់ស្កាត់ការវិលត្រលប់មកវិញនៃបញ្ហាគ្រឿងញៀន ដែលស្របទៅនឹងពាក្យស្លោកជា ភាសាអង់គ្លេសរបស់អង្គការសហប្រជាជាតិសម្រាប់ទិវាអន្តរជាតិឆ្នាំ២០២៥ នេះ គឺ BREAK THE CYCLE
(កាត់ផ្ដាច់ការវិវដ្តនៃបញ្ហាគ្រឿងញៀន)។
ជាការពិត ស្ថានភាពគ្រឿងញៀននៅលើសកលលោក គឺបានកំពុងធ្លាក់ក្នុងសភាពមួយដែលមានលក្ខណៈ
ស្មុគស្មាញ ប្រទាក់ក្រឡា បង្កើតបានជាបញ្ហាវិលទៅវិលមក ប្រៀបដូចជាវដ្តមួយដែលមិនអាចកាត់ផ្តាច់បាន ព្រមទាំងផ្សារភ្ជាប់ទៅនឹងឧក្រិដ្ឋកម្មដែលមានអង្គការចាត់តាំង បង្កបានជាបទល្មើសច្រើនប្រភេទ និង ភាពអសន្តិសុខ ញាំញី បំផ្លិចបំផ្លាញសុខុមាលភាពសង្គមជាតិ ដែលជាឧបសគ្គរារាំងដល់ការអភិវឌ្ឍសង្គមនិង សេដ្ឋកិច្ចជាតិ។ ដោយពិនិត្យឃើញមហន្តរាយដែលបណ្ដាលមកពីឧក្រិដ្ឋកម្មគ្រឿងញៀននេះ ការិយាល័យ UNODC រួមទាំងប្រទេសកម្ពុជាដែលជាសមាជិកនៃអនុសញ្ញា និងពិធីសារស្តីពីគ្រឿងញៀនរបស់អង្គការ សហប្រជាជាតិ បានរួបរួមគ្នាសម្រេចដាក់ចេញនូវប្រធានបទទិវាឆ្នាំនេះ ដែលឈរលើទស្សនវិស័យមួយ គឺការចាត់ ទុកបញ្ហាគ្រឿងញៀនគឺជាបញ្ហារួមរបស់យើងទាំងអស់គ្នា ដែលចាប់ផ្តើមចេញពីសមាជិកគ្រួសារមួយរហូតដល់ សង្គមទាំងមូល ត្រូវមានភារកិច្ចចូលរួម បង្ការ ទប់ស្កាត់ ដើម្បីកាត់ផ្តាច់បញ្ហាដ៏រ៉ាំរ៉ៃមួយនេះចេញពីសង្គមកម្ពុជា។ នៅក្នុងឆ្នាំ២០២៤ កន្លងទៅ រាជរដ្ឋាភិបាលកម្ពុជាបានខិតខំពូនជ្រំបន្តរក្សាកេរដំណែលគោលនយោបាយ ដ៏មុតស្រួចរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បច្ចុប្បន្នជាប្រធាន ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា គឺការតម្កល់ការប្រយុទ្ធប្រឆាំងគ្រឿងញៀនជាទិសដៅអាទិភាពចម្បង រួមនឹងមរតកអភិក្រម «ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់» តាមរយៈការដាក់ចេញនូវវិធានការ មុតស្រួចដូចជាគោលការណ៍«សម្អាតផ្ទះយើង» និងគោលការណ៍«សម្អាតចកចេញពីផ្ទៃបឹង» ដើម្បីលើកកម្ពស់ អភិបាលកិច្ចល្អ ភាពស្អាតស្អំ និងគំរូនៃការអនុវត្តច្បាប់។ លើសពីនេះទៀត រាជរដ្ឋាភិបាលកម្ពុជាដែលមានអាជ្ញាធរ ជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនជាសេនាធិការ បានដាក់ចេញនូវគោលនយោបាយ យុទ្ធសាស្ត្រ និងវិធីសាស្ត ថ្មីៗជាច្រើន ដើម្បីកៀរគរឱ្យសង្គមជាតិទាំងមូលចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងយុទ្ធនាការបោសសម្អាត និងយកបញ្ហាគ្រឿងញៀនចេញពីសហគមន៍។ ជាក់ស្ដែងនៅឆ្នាំកន្លងទៅ ការចូលរួមលើកកម្ពស់ការអប់រំពីផល ប៉ះពាល់និងវិនាសកម្មនៃគ្រឿងញៀន ត្រូវបានចូលរួមយ៉ាងសកម្មផុសផុលពីសំណាក់យុវជន យុវនារី សិស្ស និស្សិត កម្មករ កម្មការិនី សិល្បករ សិល្បការិនី និងកីឡាករ កីឡាការិនី ដែលទាំងនេះ បង្កើតបានជាចលនាជាតិ និងស្មារតីរួមមួយ ដែលដាស់ស្មារតីដល់យុវវ័យកម្ពុជាគ្រប់រូបមានជំនឿមុតមាំថា ខ្លួននឹងមិនធ្លាក់ក្នុងអន្ទាក់ភ្នក់ភ្លើង នៃគ្រឿងញៀនជាដាច់ខាត ដើម្បីជាការកសាងមូលធនមនុស្សរឹងមាំសម្រាប់អភិវឌ្ឍសង្គមជាតិ។
ជាមួយនឹងការអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ រាជរដ្ឋាភិបាលកម្ពុជាក៏បានពង្រឹងការធ្វើ បរិវត្តកម្មឌីជីថលយ៉ាងសកម្មផុសផុល ដោយក្នុងនោះ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានបង្កើតជា ថ្នាលឌីជីថលដ៏មានសារៈសំខាន់មួយ គឺកម្មវិធីទូរស័ព្ទដៃ NoDrug ដែលជាវិធីសាស្ត្រអប់រំបែបឌីជីថល ទាន់សម័យនិងជាបណ្តុំនូវមេរៀន ខ្លឹមសារ និងព័ត៌មានពាក់ព័ន្ធនឹងគ្រឿងញៀន ជាពិសេស ក៏ជាមធ្យោបាយ រាយការណ៍ដ៏មានប្រសិទ្ធភាព ២៤ ម៉ោង និងរក្សាការសម្ងាត់សម្រាប់ប្រជាពលរដ្ឋជូនដំណឹងអំពីករណីចែកចាយ និងប្រើប្រាស់គ្រឿងញៀនក្នុងសហគមន៍ ដោយកន្លងទៅប្រជាពលរដ្ឋបានរាយការណ៍ជិត ១៤០០ ករណី ហើយសមត្ថកិច្ចមូលដ្ឋានបានសហការដោះស្រាយបង្ក្រាបបានជិត ១២០០ ករណី ដែលនេះសបញ្ជាក់ឱ្យ
ឃើញពីការចូលរួមសហការគ្នារវាងប្រជាពលរដ្ឋនិងកម្លាំងអនុវត្តច្បាប់ក្នុងការយកបញ្ហាគ្រឿងញៀនចេញពី សហគមន៍។ ទោះបីជាវិធានការបង្ការ ទប់ស្កាត់ និងអប់រំ ជាទិសដៅអាទិភាពក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន ក៏ពិតមែន ប៉ុន្តែរាជរដ្ឋាភិបាលកម្ពុជាក៏មិនមានការបន្ធូរបន្ថយដល់វិធានការអនុវត្តច្បាប់នោះដែរ ជាក់ស្តែង នៅក្នុងឆ្នាំ២០២៤ កន្លងទៅ កម្លាំងនគរបាលជាតិ និងកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបើកប្រតិបត្តិការ យ៉ាងសស្រាក់សម្រាំក្រោមស្មារតីមោះមុតជាទីបំផុត ក្នុងការបង្ក្រាបបទល្មើសគ្រឿងញៀនជាច្រើនករណី និងបានឃាត់ខ្លួនជនសង្ស័យ ព្រមទាំងកសាងសំណុំរឿងបញ្ជូនទៅតុលាការ និងបានចាត់វិធានការយ៉ាងតឹងរ៉ឹង ក្នុងការត្រួតពិនិត្យ ទប់ស្កាត់លំហូរចូលគ្រឿងញៀនពីបរទេស ទាំងតាមមធ្យោបាយផ្លូវគោក ទឹក អាកាស និង បញ្ញើប្រៃសណីយ៍។
គោលការណ៍រួមរបស់រាជរដ្ឋាភិបាលកម្ពុជា គឺសំដៅធ្វើយ៉ាងណាខិតខំបញ្ចៀសឱ្យបាន មិនឱ្យកម្ពុជា ក្លាយជាគោលដៅនៃការប្រព្រឹត្តបទល្មើសគ្រឿងញៀន និងមិនឱ្យបញ្ហាគ្រឿងញៀនជះឥទ្ធិពលបំផ្លិចបំផ្លាញដល់សង្គមជាតិដោយត្រូវធ្វើយ៉ាងណាកាត់ផ្តាច់ការប្រើប្រាស់គ្រឿងញៀនក្នុងសហគមន៍ តាមរយៈវិធានការអប់រំ បង្ការ ទប់ស្កាត់ និងកាត់ផ្តាច់ឱ្យបានដល់ឫសគល់នៃបញ្ហាគ្រឿងញៀន ដោយឈរលើទស្សនវិស័យ «ចូលរួម ទាំងអស់គា្ន ដើម្បីជីវិតនិងសហគមន៍គ្មានគ្រឿងញៀន»។
ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ ជាទីគោរពសក្ការៈ និងបងប្អូនជនរួមជាតិទាំងអស់ជាទីគោរពស្រឡាញ់! ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន គឺពុំអាចចាត់ទុកជាសមត្ថកិច្ចផ្ដាច់មុខរបស់ស្ថាប័នឬអង្គភាពណាមួយឡើយ ប៉ុន្តែគឺជាកាតព្វកិច្ចរួមរបស់ប្រជាពលរដ្ឋកម្ពុជាយើងទាំងអស់គ្នា ដែលយើងម្នាក់ៗសុទ្ធត មានភារកិច្ចរៀងៗខ្លួន តាមរយៈការចូលរួមផ្សព្វផ្សាយ អប់រំ អំពីវិនាសកម្មនៃគ្រឿងញៀន និងការប្រកាន់គោលជំហរ ដាច់ខាតពេញមួយជីវិត គឺមិនពាក់ព័ន្ធនឹងការប្រើប្រាស់និងជួញដូរគ្រឿងញៀន។ ក្នុងន័យនេះ ការចូលរួមពី គ្រប់វិស័យទាំងអស់ ដូចជាវិស័យអប់រំ សាសនា វប្បធម៌ កីឡា សិល្បៈ ទាំងរដ្ឋនិងឯកជន រួមទាំងអង្គការជាតិ និងអន្តរជាតិនានា គឺពិតជាកម្លាំងចលករដ៏ខ្លាំងក្លាមួយមិនអាចខ្វះបាន ដែលជួយជំរុញឱ្យរាជរដ្ឋាភិបាលកម្ពុជា សម្រេចបានជោគជ័យជាផ្លែផ្កា ក្នុងបេសកកម្មដ៏មានសារៈសំខាន់មួយនេះ។
ដើម្បីឆ្លើយតបទៅនឹងអត្ថន័យនៃទិវាអន្ដរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥ ដែលមានប្រធានបទ «រួមគ្នា បង្ការ ទប់ស្កាត់ និងកាត់ផ្តាច់ឫសគល់នៃបញ្ហាគ្រឿងញៀននៅកម្ពុជា» តាងនាម រាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានធ្វើការអំពាវនាវនិងណែនាំដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដូចតទៅ៖
១. បន្តស្មារតីរួមនិងចលនាជាតិមួយក្នុងការចូលរួមផ្សព្វផ្សាយ អប់រំ ឱ្យបានទូលំទូលាយដល់គ្រប់ មជ្ឈដ្ឋានទូទាំងប្រទេស អំពីផលប៉ះពាល់និងវិនាសកម្មនៃគ្រឿងញៀន និងបង្កើនភាពជឿជាក់សម្រាប់រាល់ ប្រជាពលរដ្ឋកម្ពុជាគ្រប់រូបថា «មួយជីវិតគឺមិនពាក់ព័ន្ធនឹងគ្រឿងញៀន»។
២. លើកទឹកចិត្តប្រជាពលរដ្ឋទាំងអស់ ជាពិសេស យុវជននិងយុវនារី ទាញយកនិងប្រើប្រាស់កម្មវិធី ទូរស័ព្ទដៃ NoDrug របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលជាបណ្ដុំនៃមេរៀន សារអប់រំ ព័ត៌មាន សវា ព្យាបាលនិងស្ដារនីតិសម្បទា ជាពិសេស ជាមធ្យោបាយរាយការណ៍ដ៏រហ័សនិងសម្ងាត់អំពីករណីប្រើប្រាស់និង ចែកចាយគ្រឿងញៀនក្នុងសហគមន៍។ ការប្រើប្រាស់ App NoDrug គឺស្មើនឹងចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការ ប្រយុទ្ធប្រឆាំងគ្រឿងញៀននៅកម្ពុជា។
៣. គ្រប់ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវបន្តធ្វើជាគំរូនៃភាពស្អាតស្អំ និងអភិបាលកិច្ចល្អ តាមរយៈការធ្វើតេស្តរកសារធាតុញៀន ចំពោះមន្ត្រីរាជការស៊ីវិលនិងកងកម្លាំងប្រដាប់អាវុធជាប់ជាប្រចាំ និងមាន វិធានការម៉ឺងម៉ាត់តាមបទបញ្ជារបស់រាជរដ្ឋាភិបាលលេខ០១បប ចុះថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ ស្តីពីការដាក់ ចេញវិធានការម៉ឺងម៉ាត់ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់នៅតាមក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់
ក្រោមជាតិ ព្រមទាំងលើកទឹកចិត្តដល់វិស័យឯកជននានាដែលស្ម័គ្រចិត្តចូលរួមអនុវត្តបទបញ្ជានេះ។
៤. អគ្គស្នងការដ្ឋាននគរបាលជាតិ បញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងគណៈបញ្ជាការ ឯកភាពរាជធានី ខេត្ត ត្រូវបន្តពង្រឹងតួនាទីភារកិច្ច ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀន កាត់ផ្តាច់ ឫសគល់មេក្លោង និងលុបបំបាត់ទីផ្សារគ្រឿងញៀន ជាពិសេស ទប់ស្កាត់ខ្សែរយៈចែកចាយទៅក្នុងសហគមន៍ និងជនបទ ដោយឈរលើគោលការណ៍ «៣កុំ ១រាយការណ៍» គឺកុំពាក់ព័ន្ធ កុំអន្តរាគមន៍ កុំលើកលែង និង ត្រូវរាយការណ៍។
៥. រដ្ឋបាលរាជធានី ខេត្ត ត្រូវម្ចាស់ការលើការងារផ្សព្វផ្សាយអប់រំ ដោយត្រូវបញ្ជ្រាបការអប់រំអំពីផលប៉ះពាល់ និងវិនាសកម្មនៃគ្រឿងញៀន ឱ្យចំគោលដៅហានិភ័យនៅក្នុងមូលដ្ឋានតាមក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ និង ភូមិ និងរៀបចំរបៀបរៀបរយសណ្តាប់ធ្នាប់បរិវេណជុំវិញសាលារៀនឱ្យបានល្អប្រសើរ ដោយគ្មានការប្រើប្រាស់ គ្រឿងញៀន។
៦. លើកទឹកចិត្តឱ្យវិស័យឯកជនទាំងអស់ ចូលរួមវិនិយោគជាមួយរាជរដ្ឋាភិបាល លើការងារលើកកម្ពស់ ការផ្សព្វផ្សាយអប់រំអំពីបញ្ហាគ្រឿងញៀន តាមគ្រប់មធ្យោបាយនិងគ្រប់រូបភាព។
៧. លើកទឹកចិត្តឱ្យគ្រប់ព្រឹត្តិការណ៍នានា ដូចជាព្រឹត្តិការណ៍សិល្បៈ តន្ត្រី កីឡា វប្បធម៌ និងសាសនា ក៏ដូចជាប្រព័ន្ធផ្សព្វផ្សាយនានា សូមឱ្យមានបង្កប់សារដាស់តឿននិងអប់រំឱ្យប្រជាពលរដ្ឋជៀសឆ្ងាយពីគ្រឿងញៀន។ ៨. លើកទឹកចិត្ត មាតា បិតា អាណាព្យាបាល និងសាមីខ្លួនអ្នកញៀន ត្រូវមានស្មារតីរឹងមាំក្លាហាន ក្នុងការទទួលយកសេវាបន្សាប ព្យាបាល និងស្តារនីតិសម្បទា នៅតាមមជ្ឈមណ្ឌលនិង/ឬមណ្ឌលរដ្ឋនិង ឯកជន ដើម្បីចូលរួមកសាងធនធានមនុស្សឡើងវិញសម្រាប់សង្គមជាតិ។
៩. ផ្សព្វផ្សាយ អប់រំ និងណែនាំឱ្យបានទូលំទូលាយដល់សិស្សានុសិស្សកុំឱ្យប្រើប្រាស់បារីអេឡិចត្រូនិក វេប ស៊ីហ្សា ដែលអាចប៉ះពាល់ដល់សុខភាពនិងប្រព័ន្ធប្រសាទរបស់យុវវ័យដែលជាទំពាំងស្នងឫស្សី៕ រក្សាសិទ្ធដោយ៖សុទ្ធលី




