ខេត្តឧត្តរមានជ័យ : នៅព្រឹកថ្ងៃព្រហស្បតិ៍ ១កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹង ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥ បន្ទាប់ពីបានអញ្ជើញជួបប្រជុំជាមួយមេបញ្ជាការអង្គភាពចំណុះទិសទី២ និងទិសទី៣ នៅទីបញ្ជាការស្រាលទិសទី៣ ក្រុងសំរោង ខេត្តឧត្តរមានជ័យ ហើយនោះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានបន្តអញ្ជើញជួបសំណេះសំណាលជាមួយសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ស្រុក-ក្រុង ខេត្តឧត្តរមានជ័យចំនួន ២៤៨នាក់។
បន្ទាប់ពីរបាយការណ៍របស់ ឯកឧត្តម មានចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យរួចហើយសម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណសមាជិកក្រុមប្រឹក្សា ឃុំ-សង្កាត់ ស្រុក-ក្រុង-ខេត្ត ដែលបានចូលរួមក្នុងការបោះឆ្នោតកាលពីពេលកន្លងទៅ។ សម្តេចតេជោបានលើកឡើងថា សមាជិកក្រុមប្រឹក្សាទាំងអស់កើតចេញពីអង្គបោះឆ្នោតគឺជាប្រជាពលរដ្ឋ ដែលសម្តេចបានណែនាំឱ្យក្រុមប្រឹក្សា ត្រូវធ្វើការជាមួយប្រជាជន ទើបប្រជាជនបន្តបោះឆ្នោតអោយទៀត។ សម្តេចណែនាំថា ត្រូវចាំថាមន្ត្រីជាខ្ញុំបម្រើរបស់ប្រជាជន ដូច្ចេះសម្តេចចង់ឱ្យសមាជិកក្រុមប្រឹក្សាមានភាពជិតស្និតជាមួយអង្គបោះឆ្នោត គឺប្រជាពលរដ្ឋ និងបម្រើប្រជាពលរដ្ឋអោយបានល្អ។
សម្តេចតេជោ ក៏បានកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់អាជ្ញាធរថ្នាក់ក្រោមជាតិ ដែលខំប្រឹងដើម្បីប្រជាពលរដ្ឋនាពេលកន្លងមក ហើយឆ្លៀតក្នុងឱកាសនោះសម្តេចក៏បានបញ្ជាក់ជូនបន្ថែមទៅដល់ក្រុមប្រឹក្សាខេត្ត-ក្រុង-ស្រុក ឃុំ-សង្កាត់ទាំងអស់ អំពីបញ្ហាទំនាស់ព្រំដែនកម្ពុជាថៃថា ស្ថានភាពនយោបាយរបស់ប្រទេសជិតខាងគឺថៃ បានរុញច្រានទៅមានវិវាទជាមួយកម្ពុជា ទោះយ៉ាងណាក៏ដោយក្នុងកាលៈទេសៈនេះ សម្តេចមើលឃើញថា វិបត្តិបានក្លាយទៅជាកាលានុវត្តភាព។
សម្តេចតេជោ បានណែនាំដល់ក្រុមប្រឹក្សាជំរុញប្រជាពលរដ្ឋដាំដុះផលិតផលកសិកម្មប្រែក្លាយវិបត្តិទៅជាកាលានុវត្តភាព លើកទឹកចិត្តឱ្យមានការផលិតនៅក្នុងខេត្ត ផ្គត់ផ្គង់ក្នុងខេត្តហើយកងទ័ព នគរបាល ពលរដ្ឋចូលរួមសហការគ្នា ជំរុញពលរដ្ឋឱ្យមានការដាំដុះ ដើម្បីផ្គត់ផ្គង់កម្លាំងប្រដាប់អាវុធនៅនឹងកន្លែងហើយក៏តាមការប៉ាន់ស្មានសម្តេចមើលឃើញថា កម្លាំងប្រដាប់អាវុធអាចតម្រូវការយូរអង្វែង។
សម្ដេចតេជោបានបញ្ជាក់ថា ប្រទេសយើងកំពុងជួបប្រទះបញ្ហាវិវាទជាមួយថៃ បើមិនមានការផ្លាស់ប្តូរមេដឹកនាំក្រុងបាងកក អាចមានសង្គ្រាមយូរ ហើយមិនដូចកន្លងទៅកាលពីឆ្នាំ២០១១នោះទេ។សម្តេចបានណែនាំប្រជាពលរដ្ឋ ជីកលេណដ្ឋានដើម្បីការពារខ្លួនហើយកុំភ្លេចការបង្កបង្កើនផលទោះសភាពការណ៍កើតនៅទល់ដែនក៏ដោយ ខណៈដែលពេលនេះរដូវវស្សាបានមកដល់ហើយ។
បន្ថែមពីនេះទាក់ទងការរក្សាសន្តិសុខសុវត្ថិភាពសង្គម សម្តេចតេជោ លើកឡើងថា គោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាព ត្រូវអនុវត្តបន្ត ព្រោះមានសារសំខាន់ខ្លាំងណាស់។ ហើយអ្នកដឹកនាំមានប្រសិទ្ធភាព គឺលោក-លោកស្រីឃុំសង្កាត់នេះហើយ ដែលត្រូវចូលរួមគ្រប់គ្រងសន្តិសុខសង្គម បញ្ហាគ្រឿងញៀន ល្បែងស៊ីសង ត្រូវប្តូរផ្តាច់ប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលជាកង្វល់រួម និងកង្វល់ដោយឡែកសម្រាប់គ្រួសារនីមួយៗ។
ចំពោះការបិទព្រំដែនដែនតាមទំនើងចិត្តរបស់ថៃ សម្តេចតេជោ លើកឡើងថា ថៃបិទដោយខ្លួនឯង ហើយពេលខូចផ្លែឈើ មកសុំចរចា បិទខ្លួនឯងតែពេលចង់បើកឡើងវិញ តែបែរមកសុំចរចា។ ប្រទេសថៃបច្ចុប្បន្នប្រៀបដូចការបិទខ្ទប់ខ្លួនឯងអស់ហើយ ទាំងព្រំដែនជាមួយភូមា ឡាវ ម៉ាឡេស៊ីជាដើមក៏មានបញ្ហាជាមួយគ្នាដែរ។ សម្តេចបន្តថា សម្រាប់កម្ពុជា ចង់ឱ្យព្រំដែនជាមួយប្រទេសជិតខាង ជាព្រំដែនមិត្តភាពសន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ៕ រក្សាសិទ្ធដោយ : សុទ្ធលី












