ភ្នំពេញ៖ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥នេះ បានលើកឡើងអំពីភាពមិនច្បាស់លាស់ និងការលឹបលរបស់នាយករដ្ឋមន្ត្រីថៃ និងក្រុមយោធាថៃ លើការបិទបើកព្រំដែនជាមួយកម្ពុជា ដោយម្តងបិទទាំងស្រុង បន្ទាប់មកបើកវិញនៅទីតាំងខ្លះ ប៉ុន្តែបើកតែទ្វារហាមមនុស្សចេញចូល ហើយបែរជាចោទកម្ពុជាថាជាអ្នកបិទព្រំដែនទៅវិញ។
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានថ្លែងថា ភាពមិនច្បាស់លាស់ និងការប្រែក្រឡាស់ភ្លាមៗមិនពិតប្រាកដ នៃជំហរនយោបាយរបស់រាជរដ្ឋាភិបាលថៃ រួមជាមួយភាពមិនស៊ីសង្វាក់គ្នារវាងគោលការណ៍ដែលថ្នាក់ដឹកនាំនយោបាយថៃបានដាក់ចេញ និងការអនុវត្តជាក់ស្ដែងនៅលើដីដោយកងទ័ពថៃ បានបង្កជាឧបសគ្គសម្រាប់ការស្វែងរកដំណោះស្រាយពិតប្រាកដ។
សម្តេចបានបញ្ជាក់ថា “ខ្ញុំរង់ចាំមើលអ្នកដែលមានអំណាចពិតប្រាកដ និងជំហរច្បាស់លាស់នៅក្នុងប្រទេសថៃ ដែលអាចងាយស្រួលធ្វើការជាមួយគ្នាប្រកបដោយភាពជឿជាក់ ដើម្បីស្វែងរកដំណោះស្រាយរួមសម្រាប់ផលប្រយោជន៍ប្រទេសនិងប្រជាជនទាំងពីរ”៕រក្សាសិទ្ធដោយ : សុទ្ធលី



















