Thursday, June 26, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កងកម្លាំងនគរបាលជាតិ បានដើរតួនាទី និងបំពេញភារកិច្ចយ៉ាងសំខាន់ក្នុងការធានាសន្តិសុខ សុវត្ថិភាពប្រកបដោយជោគជ័យ ថ្វាយព្រះមហាក្សត្រ ឥស្សរជន និងថ្នាក់ដឹកនាំជាតិ-អន្តរជាតិ ក្នុងព្រះរាជពិធី និងព្រឹត្តិការណ៍ជាតិ-អន្តរជាតិនានា ដែលប្រារព្វធ្វើនៅព្រះរាជាណាចក្រកម្ពុជា

ភ្នំពេញ : សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងក្នុងពិធី ប្រគល់សញ្ញាបត្រជាន់ខ្ពស់, បរិញ្ញាបត្រវិទ្យាសាស្ត្រនគរបាល, បរិញ្ញាបត្រគ្រប់គ្រងពន្ធនាគារ និងវិញ្ញាបនបត្រជូនដល់ សិស្ស និង និស្សិតនគរបាល នៅបណ្ឌិត្យសភានគរបាលកម្ពុជា ខេត្តកណ្តាល នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៦ ខែមិថុនា ឆ្នាំ២០២៥ ថា៖ កងកម្លាំងនគរបាលជាតិ បានដើរតួនាទី និងបំពេញភារកិច្ចយ៉ាងសំខាន់ក្នុងការធានាសន្តិសុខ សុវត្ថិភាពប្រកបដោយជោគជ័យ ថ្វាយព្រះមហាក្សត្រ ឥស្សរជន និងថ្នាក់ដឹកនាំជាតិ-អន្តរជាតិ ក្នុងព្រះរាជពិធី និងព្រឹត្តិការណ៍ជាតិ-អន្តរជាតិនានា ដែលប្រារព្វធ្វើនៅព្រះរាជាណាចក្រកម្ពុជា។ លើសពីនេះ, ទោះបីជាស្ថិតនៅក្នុងដំណាក់កាលដែលសភាពការណ៍តាមព្រំដែនមានសភាពស្ងប់ស្ងាត់ និងក្នុងដំណាក់កាលដែលមានជម្លោះព្រំដែនជាមួយប្រទេសថៃ, កងកម្លាំងនគរបាលការពារព្រំដែនបានចូលរួមគាំទ្រយ៉ាងសកម្ម និងមានកិច្ចសហការបានយ៉ាងល្អ ជាមួយកងយោធពលខេមរភូមិន្ទ ដោយហ៊ានធ្វើពលិកម្មគ្រប់បែបយ៉ាង ដើម្បីការពារអធិបតេយ្យជាតិ និងបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ឱ្យបានស្ថិតស្ថេរគង់វង្ស។

ជាមួយគ្នានេះ, សម្ដេចបវរធិបតី នាយករដ្ឋន្ត្រី ក៏បានកោតសរសើរ និងការដឹងគុណជានិច្ច ចំពោះវីរភាពដ៏អង់អាចក្លាហានរបស់កងកម្លាំងនៅគ្រប់ជំនាន់ទាំងអស់ ដែលបានតស៊ូពុះពារជម្នះរាល់គ្រប់ឧបសគ្គ និងធ្វើពលិកម្មគ្រប់បែបយ៉ាង ដើម្បីបុព្វហេតុជាតិ មាតុភូមិ ក្នុងការរក្សាសន្តិសុខ, សុវត្ថិភាព, ភាពសុខសាន្ត និងសុខុមាលភាព ជូនសង្គមជាតិទាំងមូល។ នាពេលកន្លងមក, កងកម្លាំងនគរបាលជាតិរបស់យើង បានសម្រេចស្នាដៃជាច្រើន ក្នុងការរក្សាសន្តិសុខ ផ្ទៃក្នុង, ការបង្ការ, ការទប់ស្កាត់, ការបញ្ចៀសឱ្យបាននូវអំពើភេរវកម្ម និងការបង្រ្កាបបឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទ, សកម្មភាពវិច្ឆេទកម្ម, វិទ្ធង្សនា, ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams), បទល្មើសគ្រឿងញៀន, ការជួញដូរមនុស្សគ្រប់ទម្រង់, ល្បែងស៊ីសងខុសច្បាប់, សកម្មភាពក្មេងទំនើង, ការដាក់ ចេញវិធានការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងជំរុញការអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់មាន សុវត្ថិភាព ឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀត។

មុននឹងបញ្ចប់, សម្ដេចបវរធិបតី នាយករដ្ឋមន្ត្រី បានកត់សម្គាល់ថា បណ្ឌិត្យសភានគរបាលកម្ពុជា កំពុងតែមានវឌ្ឍនភាពគួរឱ្យកត់សម្គាល់ និងកំពុងស្ថិតនៅលើរបត់នៃការកែទម្រង់ដ៏ត្រឹមត្រូវ ប្រកប ដោយការប្តេជ្ញាចិត្ត និងការទទួលខុសត្រូវខ្ពស់ ដែលគួរឱ្យកោតសរសើរ និងលើកទឹកចិត្ត។ ជាមួយគ្នានេះដែរ, ការបណ្តុះបណ្តាលធនធានមនុស្សនៅទីនេះ ក៏ទទួលបានលទ្ធផលជាផ្លែផ្កា គួរជាទីមោទនៈ ពីមួយឆ្នាំទៅមួយឆ្នាំ ស្របតាមតម្រូវការរបស់អង្គភាពប្រើប្រាស់កងកម្លាំង, ទោះបីជាមានការលំបាក និងជួបបញ្ហាប្រឈមមួយចំនួន ក៏ដោយ។ ចំពោះការលំបាក និង បញ្ហាប្រឈមទាំងនេះ, យើងនឹងបន្តរួមគ្នាដោះស្រាយជាបន្តបន្ទាប់ តាមដំណាក់កាល, តាមលំដាប់នៃអាទិភាព និងតាមលទ្ធភាពជាក់ស្ដែង។ នេះជាសក្ខីភាពដែលបង្ហាញឱ្យឃើញកាន់តែច្បាស់ថែមទៀត អំពីតួនាទីដ៏សំខាន់របស់បណ្ឌិត្យសភានគរបាលកម្ពុជា ដែលជាអង្គភាពបណ្តុះបណ្តាលធនធានមនុស្សបន្តវេន តាមរយៈការអប់រំបណ្ដុះបណ្ដាលប្រកបដោយគុណភាព, សមត្ថភាព និងងក្រមសីលធម៌វិជ្ជាជីវៈ ដើម្បីបម្រើជាតិ មាតុភូមិ និងប្រជាពលរដ្ឋ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល និងតម្រូវការរបស់សង្គមជាតិ៕ រក្សាសិទ្ធដោយ : សុទ្ធលី

×