Thursday, June 26, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សារលិខិតសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងឱកាសប្រារព្ធទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យម លើកទី២ ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥

ភ្នំពេញ : សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា​ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា សម្តេចសូមចូលរួម អបអរសាទរ «ទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យមលើកទី២ ឆ្នាំ២០២៥» ក្រោមប្រធានបទ «ការត្រៀម លក្ខណៈរបស់សហគ្រាសធុនមីក្រូ តូច និងមធ្យម សម្រាប់ការចាកចេញពីប្រទេសដែលមានការអភិវឌ្ឍតិចតួច (MSMES Readiness for LDC Graduation) »។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ការប្រារព្ធទិវាជាតិជាលើកទី២ បានបញ្ជាក់សារជាថ្មីអំពីការយកចិត្តទុកដាក់ ការប្តេជ្ញាជំរុញគាំទ និងការផ្តល់តម្លៃដល់វិស័យនេះ ដែលជាឆ្អឹងខ្នងនិងជាកម្លាំងចលករអូសទាញកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍ សង្គម។ សហគ្រាសធុនមីក្រូ តូច និងមធ្យម បានរួមចំណែកដល់សកម្មភាពសេដ្ឋកិច្ចគ្រប់ប្រភេទ បង្កើតការងារ ផ្តល់នូវមុខរបរ បង្កើនប្រាក់ចំណូល កាត់បន្ថយចំណាកស្រុក ជួយរក្សាលំនឹងជីវភាព រក្សាស្ថិរភាពសង្គម និង រួមចំណែកដល់ការរីកចម្រើននៃវិស័យឯកជន។
សមិទ្ធផល និងវឌ្ឍនភាពផ្នែកសង្គមសេដ្ឋកិច្ចដែលកម្ពុជាសម្រេចបានក្នុងពេលជាង២ទសវត្សរ៍នេះ បានបង្កើតនូវមោទនភាពជាតិថ្មីមួយទៀត នោះគឺការឈានឆ្ពោះទៅចាកចេញពីឋានៈប្រទេសមានការអភិវឌ្ឍ តិចតួចនៅចុងឆ្នាំ២០២៩។ សហគ្រាសធុនមីក្រូ តូច និងមធ្យម ពិតជាបានរួមចំណែកយ៉ាងសកម្ម ហើយនឹង ត្រូវមានតួនាទីកាន់តែធំធេងនិងគន្លឹះក្នុងដំណើរឆ្ពោះទៅគោលដៅនេះ។ លក្ខខណ្ឌពាណិជ្ជកម្ម ជំនួយអភិវឌ្ឍន៍ ផ្លូវការ និងភាពអនុគ្រោះដែលបណ្តាប្រទេសជាមិត្តនិងដៃគូអភិវឌ្ឍបានផ្តល់ជូនកម្ពុជា នឹងមានការប្រែប្រួល ហើយកាន់តែតឹងរឹងជាងមុន។ ប្រការនេះទាមទារឱ្យគ្រប់តួអង្គមិនថាវិស័យសាធារណៈ ឬវិស័យឯកជន ជាពិសេសសហគ្រាសគ្រប់ប្រភេទ ត្រូវបង្កើននិងពង្រឹងសមត្ថភាព មានការអភិវឌ្ឍនិងវិវត្តអាជីវកម្មខ្លួនជាប្រចាំ ដើម្បីទទួលបានទំនុកចិត្តពីអតិថិជន និងអាចបន្តប្រកួតប្រជែងក្នុងសង្វៀនធុរកិច្ច ពាណិជ្ជកម្ម និងវិនិយោគក្នុងយុគសម័យបច្ចេកវិទ្យាកាន់តែទំនើប និងសេដ្ឋកិច្ចពិភពលោកដែលមានភាពមិនច្បាស់លាស់។ បង្គោលចរ ២០២៩ គឺជាវិញ្ញាសាមិនសាមញ្ញនោះទេ ប៉ុន្តែរាជរដ្ឋាភិបាលជឿជាក់ថាយើងអាចសម្រេចបាន។

សម្តេចនាយករដ្ឋមន្រ្តី បានថ្លែងបន្តទៀតថា ស្របពេលដែលកម្ពុជា បន្តទទួលបានកំណើនការវិនិយោគផ្ទាល់ពីបរទេសខ្ពស់ ហើយកំណើនក្នុង វិស័យឧស្សាហកម្មកំពុងឈានមុខគេនិងអាចសម្រេចបានក្នុងរង្វង់ប្រមាណ ៧,៨ ភាគរយ ក្នុងឆ្នាំ២០២៥ និន្នាការនេះបានផ្ដល់នូវកាលានុវត្តភាពថ្មីៗ សម្រាប់សហគ្រាសធុនមីក្រូ តូច និងមធ្យម ក្នុងការចូលរួមពង្រីក ពិពិធកម្មសេដ្ឋកិច្ច និងផ្សារភ្ជាប់ខ្លួនទៅនឹងខ្សែច្រវាក់ផ្គត់ផ្គង់ ដែលកំពុងត្រូវការធាតុចូលពីក្នុងស្រុកកាន់តែច្រើន និងការបង្កើនតម្លៃបន្ថែមដែលកាន់តែមានសក្តានុពល។
ក្នុងរយៈពេលមួយឆ្នាំកន្លងទៅនេះ វិស័យសហគ្រាសធុនមីក្រូ តូច និងមធ្យម សម្រេចបាននូវសមិទ្ធផល ថ្មីៗជាច្រើនគួរជាទីសាទរ។ តាមរយៈគោលនយោបាយ យុទ្ធសាស្ត្រ និងវិធានការគាំទ្រនានាដែល រាជរដ្ឋាភិបាល បានដាក់ចេញ ការទទួលបានសេវាសាធារណៈពីបណ្តាក្រសួងស្ថាប័ន ជារួម មានភាពល្អប្រសើរ កាន់ត ងាយស្រួល និងធ្វើឡើងតាមមធ្យោបាយឌីជីថលច្រើនឡើង។ ក្រសួងស្ថាប័ននានាកំពុងបន្តដាក់ចេញនូវវិធានការ ដើម្បីពង្រឹងនិងលើកកម្ពស់សមត្ថភាពវិស័យឯកជន ការសម្រួលពាណិជ្ជកម្ម និងរកដំណោះស្រាយចំពោះ បញ្ហាប្រឈមដែលនៅសេសសល់។ ការធ្វើទំនើបកម្មប្រព័ន្ធទូទាត់សងប្រាក់ដូចជាប្រព័ន្ធបាគង និងស្តង់ដា ខេអេចហ្សូអរជាដើម បានរួមចំណែកសម្រួលដល់ការធ្វើប្រតិបត្តិការ ដែលគាំទ្រដល់ការរីកចម្រើននៃអាជីវកម្ម ខ្នាតតូចនិងអនឡាញ។ ជាមួយគ្នានេះ គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុបានបើកគណនី និងផ្តល់ជា QR Code ប្រមាណជាង ១,៥ លាននាក់ សម្រាប់បុគ្គលស្វ័យនិយោជន៍។ ចំនួនអ្នកខ្ចីជាសហគ្រាសធុនមីក្រូ តូច និងមធ្យម មានប្រមាណ ៨២០ ៩៨៧ នាក់ គិតជាទឹកប្រាក់ប្រមាណ ៨៥ ៣៣០ ប៊ីលានរៀល ស្មើនឹង ៣៦,៣ ភាគរយ នៃឥណទានសរុបនៃប្រព័ន្ធធនាគារ។ ក្នុងរយៈពេល៦ខែចុងក្រោយនេះ អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធប្រមាណជាង ៧០ ០០០ បានចុះឈ្មោះដើម្បីបានការទទួលស្គាល់ពីរាជរដ្ឋាភិបាល និងទទួលបានអត្ថប្រយោជន៍នានា។
រាជរដ្ឋាភិបាល សូមវាយតម្លៃខ្ពស់ នឹងប្តេជ្ញាគាំទ្រចំពោះសហគ្រាសធុនមីក្រូ តូច និងមធ្យមដែលបាន បន្តពុះពារនិងខិតខំកសាងអភិវឌ្ឍអាជីវកម្មរបស់ខ្លួន ទោះបីកំពុងស្ថិតក្នុងបរិការណ៍សេដ្ឋកិច្ចដែលមានការ ប្រឈមក្តី។ ដ្បិតកំណើននៃធុរកិច្ចមួយចំនួនបានកំពុងថមថយ ហើយការផ្លាស់ប្តូរឥរិយាបថអ្នកប្រើប្រាស់ និង ពាណិជ្ជកម្មអនឡាញកំពុងគំរាមកំហែងដល់ធុរកិច្ចជាប្រពៃណីមួយចំនួន រាជរដ្ឋាភិបាលបានមើលឃើញនូវ
ឱកាសធុរកិច្ចថ្មីៗពីឧស្សាហូបនីយកម្ម ក៏ដូចជាសក្តានុពលនៃការពង្រឹងនិងពង្រីកសមត្ថភាពនៃធុរកិច្ចដែលបាន និងកំពុងបន្តចូលរួមចំណែកដល់កំណើនសេដ្ឋកិច្ចជាតិ។

ឈរលើមូលដ្ឋាននេះ ការចាកចេញពីឋានៈប្រទេសមានការអភិវឌ្ឍតិចតួចនៅដំណាច់ឆ្នាំ២០២៩ គួរត្រូវបានយើងទាំងអស់គា្នជាពិសេសសហគ្រាសធុនមីក្រូ តូច និងមធ្យម ចាត់ទុកជាឱកាសដែលត្រូវក្ដាប់យក និងទាញប្រយោជន៍ឱ្យបានជាអតិបរមា ជាជាងការភ័យព្រួយបារម្ភ និងខ្លបខ្លាចនូវការគំរាមកំហែងក៏ដូចជា ការប្រកួតប្រជែងពីខាងក្រៅ។ តាមរយៈបទពិសោធនៃបណ្តាសេដ្ឋកិច្ចជឿនលឿន មានតែការត្រៀមលក្ខណៈ ការពង្រឹងនិងអភិវឌ្ឍសមត្ថភាព សហគ្រិនភាព នវានុវត្តន៍ និងការខិតខំព្យាយាមបំពេញអនុលោមភាពប៉ុណ្ណោះ ដែលជាកត្តាកំណត់នៃភាពជោគជ័យក្នុងដំណើរការវិវត្តនេះ។
អនុលោមភាព ទោះបីអាចជាបន្ទុកបន្ថែមមកលើអាជីវកម្ម និងធុរកិច្ច ប៉ុន្តែ ក៏ជាឃ្នាស់និងជាស្ពាន ចម្លងសហគ្រាសធុនមីក្រូ តូច និងមធ្យម ឱ្យអាចរីកធំធាត់និងបោះជំហានទៅមុខបន្តទៀតបាន។ ជាក់ស្ដែងនិងជាសត្យានុម័ត បន្ទុកនៃអនុលោមភាព គឺត្រូវបានយន្តការទីផ្សារ អ្នកប្រើប្រាស់ និងនិយាមស្ដង់ដាអន្តរជាតិ ជាអ្នកកំណត់ ហើយមិនចំណុះលើកត្តារាជរដ្ឋាភិបាលទាំងស្រុងនោះទេ។ អនុលោមភាព នឹងមិនមែនគ្រាន់ត ជាជម្រើសទៀតទេ ប៉ុន្តែគឺជាកាតព្វកិច្ច និងជាគន្លងដែលអាជីវកម្មនិងធុរកិច្ចមិនអាចគេចវេសរួច។ ក្នុងន័យនេះ រាជរដ្ឋាភិបាលសូមអំពាវនាវដល់សហគ្រាសធុនមីក្រូ តូច និងមធ្យម គ្រប់ប្រភេទ គ្រប់វិស័យ មេត្តាខិតខំពង្រឹង សមត្ថភាពនិងអភិបាលកិច្ចអាជីវកម្មរបស់ខ្លួន ដើម្បីឈានឆ្ពោះទៅរកអនុលោមភាពពេញលេញ និងអាច ចាប់យកឱកាសពីវដ្ដសេដ្ឋកិច្ចថ្មីនេះ។ ការផ្លាស់ប្តូរឥរិយាបថ ផ្នត់គំនិត របៀបរបបការងារ អភិបាលកិច្ច ការពង្រឹងនិងលើកកម្ពស់គុណភាព សុវត្ថិភាព ស្តង់ដា អនាម័យ ការវិនិយោគបន្ថែមដើម្បីលើកកម្ពស់ផលិតភាព ដូចជាការប្រើប្រាស់បច្ចេកវិទ្យា និងទំនើបកម្មគ្រឿងម៉ាស៊ីន និងជាពិសេសការវិនិយោគលើការបណ្តុះបណ្តាល និងអភិវឌ្ឍន៍ជំនាញ គឺជាគន្លឹះដើម្បីឈានទៅរកអនុលោមភាព ហើយគួរត្រូវបានចាត់ទុកជាការវិនិយោគ ជាជាង បន្ទុកមកលើអាជីវកម្មនិងធុរកិច្ច។

រាជរដ្ឋាភិបាលសង្ឃឹមយ៉ាងមុតមាំថា សហគ្រាសទាំងអស់នឹងបន្តជះឥទ្ធិពលជាវិជ្ជមានបន្ថែមទៀត ទៅថ្ងៃអនាគត និងសូមឱ្យប្រធានបទនៃទិវាជាតិលើកទី២នេះ ដាស់នូវស្មារតី និងផ្តល់នូវសញ្ញាណ ថាមពល និងកម្លាំងចិត្តដ៏ខ្លាំងក្លា សម្រាប់សហគ្រាសធុនមីក្រូ តូច និងមធ្យម ទាំងអស់ត្រៀមខ្លួនតម្រង់ឆ្ពោះទៅរកអនាគត សេដ្ឋកិច្ចមួយដែលរឹងមាំ រីកចម្រើន និងខ្លាំងក្លាទាំងអស់គ្នា។ ក្នុងនាមរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំនៃក្រសួង ស្ថាប័នទាំងអស់ ខ្ញុំសូមគាំទ្រនូវសកម្មភាពនិងវិធានការទាំងឡាយណា ដែលនឹងពូនជ្រំ និងជ្រោមជ្រែងឱ្យ វិស័យនេះ ឱ្យកាន់តែរីកចម្រើន ដើម្បីវិបុលភាពនៃប្រជាពលរដ្ឋយើងគ្រប់ៗរូប។

ជាទីបញ្ចប់ សម្តេច ហ៊ុន ម៉ាណែត បានអំពាវនាវឱ្យម្ចាស់សហគ្រាសធុនមីក្រូ តូច និងមធ្យម និងភាគីពាក់ព័ន្ធទាំងអស់ បន្តកិច្ចសហការគាំទ្រដល់ការដឹកនាំនិងសម្របសម្រួលរបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍ ដើម្បីជំរុញវិស័យនេះឱ្យក្លាយទៅជាខឿនអភិវឌ្ឍសង្គមសេដ្ឋកិច្ចកម្ពុជា។ ខ្ញុំសូមជូនពរឱ្យទិវាជាតិ សហគ្រាសធុនមីក្រូ តូច និងមធ្យមលើកទី២ ឆ្នាំ២០២៥ ក្រោមប្រធានបទ «ការត្រៀមលក្ខណៈរបស់សហគ្រាស ធុនមីក្រូ តូច និងមធ្យម សម្រាប់ការចាកចេញពីប្រទេសដែលមានការអភិវឌ្ឍតិចតួច (MSMEs Readiness for LDC Graduation)» នេះ ប្រព្រឹត្តទៅប្រកបដោយរលូននិងជោគជ័យ៕ រក្សាសិទ្ធដោយ : សុទ្ធលី

×