ខេត្តព្រះវិហារ : នៅរសៀល ថ្ងៃព្រហស្បតិ៍ ១កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹង ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥ សម្តេចតេជោ ហ៊ុន សែន នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ និងជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញសួរសុខទុក្ខនិងពិនិត្យស្ថានភាពរស់នៅបណ្តោះអាសន្នរបស់បងប្អូនប្រជាពលរដ្ឋ ដែលបានជម្លៀសដោយស្ម័គ្រចិត្តមកកាន់មណ្ឌលសុវត្ថិភាព វត្តពោធិ៍៥០០០ ជាង១៥០០គ្រួសារ ស្ថិតនៅភូមិគូលែន ឃុំគូលែន ស្រុកគូលែន ខេត្តព្រះវិហារ។
សម្ដេចតេជោ ហ៊ុន សែន ផ្ដើមថ្លែងទៅកាន់ប្រជាពលរដ្ឋនៅតំបន់ភៀសសឹកថា ប៉ុន្មានថ្ងៃមុននាយករដ្ឋមន្ដ្រីបានមកជួបពលរដ្ឋម្ដងរួចមកហើយ។ ថ្ងៃនេះឪពុកនាយករដ្ឋមន្ដ្រីបានជួបពលរដ្ឋម្ដង។ សម្ដេចតេជោបាននាំយកនូវព្រះរាជបណ្ដាំសាកសួរសុខទុក្ខពីសំណាក់ព្រះមហាក្សត្រ និងហ្លូងម៉ែ ជូនប្រជាពលរដ្ឋនៅតំបន់ភៀសសឹកទាំងអស់ដែលព្រះអង្គទាំងទ្វេតែងខ្វាយខ្វល់អំពីសុខទុក្ខពលរដ្ឋ និងកងទ័ពគ្រប់ពេលវេលា។ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បន្តថា វត្តមានសម្ដេចនៅតំបន់ភៀសសឹក បាននឹកឃើញនូវអ្វីដែលហៅថាសន្ដិភាព និងអ្វីទៅដែលហៅថាសង្គ្រាម។ សម្ដេចសម្ដែងនូវការអណោចអធម៌ ចំពោះអតីតកាលរបស់កម្ពុជា ដែលពេលនេះវិលត្រឡប់មកវិញដោយសារការឈ្លានពានរបស់ប្រទេសជិតខាង។
នៅថ្ងៃនេះ សម្ដេចតេជោ ហ៊ុន សែន ប្រកាសប្រាប់អន្ដរជាតិថា «តើកម្ពុជា ឬថៃ អ្នកណាឈ្លានពានអ្នកណា»? តើថៃបានជម្លៀសពលរដ្ឋខ្លួនចេញពីព្រំដែនដោយសារកម្ពុជាឈ្លានពានទេ? សម្ដេចតេជោបានថ្លែងថា កម្ពុជាជាប្រទេសរងគ្រោះដោយសារការឈ្លានរបស់កងទ័ពថៃ ដែលជារឿងអកុសកល និងសូមឲ្យបរទេសទាំងឡាយដែលប្រកាន់សច្ចធម៌ ស្រលាញ់សន្ដិភាព មើលឃើញឲ្យច្បាស់អំពីការឈ្លានពានរបស់ថៃ។
សម្ដេចបានថ្លែងបន្តថា កម្ពុជាប្រាថ្នាជាមិត្ត ប៉ុន្ដែថៃចិញ្ចឹមចិត្តឈ្លានពានកម្ពុជា តាំងពីឆ្នាំ២០០៨ ដល់ឆ្នាំ២០១៣។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ក្នុងរយៈពេលជិត១០ឆ្នាំ ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២៣ និងឆ្នាំ២០២៥នេះ ពុំមានរឿងអ្វីកើតឡើងជាមួយថៃឡើយ ដោយសម្ដេចធ្វើការបានយ៉ាងល្អជាមួយអតីតនាយករដ្ឋមន្ដ្រីថៃ។ ក្រោយមកនាយករដ្ឋមន្ដ្រីថៃ ដែលបានឡើងកាន់តំណែងប៉ុន្មានខែមុននេះ ក៏មានបញ្ហាកើតឡើង។សម្ដេចបន្តថា នៅថ្ងៃទី២៧ ខែមិថុនាស្អែកនេះ សម្តេចនឹងថ្លែងសារទៅកាន់ពលរដ្ឋខ្មែរ និងថៃ អំពីបញ្ហាព្រំដែន និងទំនាក់ទំនងគ្រួសាររវាងសម្ដេច ជាមួយគ្រួសារនាយករដ្ឋមន្ដ្រីថៃផែថងថាន។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងព្រមានទម្លាយសារសំខាន់ៗពាក់ព័ន្ធក្រុមគ្រួសារថាក់ស៊ីន ប្រមាថព្រះមហាក្សត្រថៃរបស់ខ្លួនឯង។សម្ដេចតេជោ ហ៊ុន សែន សម្ដែងការសោកស្ដាយនូវអ្វីដែលបានកើតឡើង ជុំវិញបញ្ហាព្រំដែនកម្ពុជា-ថៃ។ សម្ដេចបានថ្លែងថា មុនដាក់ចេញយុទ្ធសាស្ដ្រត្រីកោណ បានប្ដេជ្ញា ប្រែក្លាយតំបន់អតីតសមរភូមិទៅតំបន់អភិវឌ្ឍន៍ ទើបរាជរដ្ឋាភិបាលសម្រេចក៏សាងភូមិឋានរបស់ពលរដ្ឋនៅពេលនេះ និងគោលដៅទី២ ប្រែក្លាយខ្សែព្រំដែនទាំងអស់ ទៅជាមិត្តភាព សន្ដិភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ។
ជិត៣០ឆ្នាំហើយ ដែលសម្រេចបាននូវលទ្ធផលទាំងពីរខាងលើនេះ។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា អ្នកដែលមានសិទ្ធិបញ្ជាកងទ័ព គឺនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ និងអគ្គមេបញ្ជាការ តែសម្ដេចជាមនុស្សទី២ បន្ទាប់ពីព្រះមហាក្សត្រ ដែលជាមេដឹកនាំរបស់ប្រទេស។ សម្ដេចបានលះបង់តំណែងជានាយករដ្ឋមន្ដ្រី ដូច្នេះមិនចាំបាច់ទៅកាន់អគ្គមេបញ្ជាការកងទ័ពដោយខ្លួនឯងនោះទេ។ សម្ដេចតេជោ ហ៊ុន សែន ទទួលយកតំណែងជាអគ្គភ័ស្ដុភារជាន់ខ្ពស់ដោយការពេញចិត្ត ដើម្បីផ្គង់ផ្គត់កងទ័ពវាយកម្ទេចចោរសៀមឈ្លានពាន។សម្ដេចមិនត្រឹមតែជាមេទ័ពទេ តែជាអ្នកបង្កើតទ័ពដើម្បីវាយកម្ទេចប៉ុលពត។ សម្ដេចតេជោ ហ៊ុន សែន បានជូនសារទៅថៃ កុំភ្លេចប្រវត្តិសាស្ដ្រ កុំបំភ្លៃប្រវត្តិសាស្ដ្រ អ្នកត្រូវគោរពកិច្ចព្រមព្រៀង បើមិនគោរពទេស្មើចោរ។ សម្ដេចសោកសង្រែកនៅពេលឃើញស្ដ្រីមានផ្ទៃពោះ ជនពិការ ត្រូវរត់ភៀសខ្លួនដោយសារថៃឈ្លានពានកម្ពុជា។
សម្តេចតេជោ ហ៊ុន សែន នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ និងជាប្រធានព្រឹទ្ធសភាកម្ពុជា បានថ្លែងថា ខណៈនេះកម្ពុជាកំពុងរង់ចាំមើលនាយករដ្ឋមន្ដ្រីថ្មីរបស់ថៃ ដែលអាចនឹងមានការផ្លាស់ប្តូរនៅពេលខាងមុខដើម្បីដោះស្រាយ ករណីជម្លោះព្រំដែនជាមួយកម្ពុជា ព្រោះការដោះស្រាយបញ្ហានេះ លុះត្រាតែមាននាយករដ្ឋមន្ដ្រីថៃថ្មី ទើបមានឆន្ទៈក្នុងការដោះស្រាយបាន។
សម្តេចតេជោបានគូសបញ្ជាក់យ៉ាងដូច្នេះថា «យើងសង្ឃឹមរង់ចាំថា នៅប្រទេសថៃនឹងមាននាយករដ្ឋមន្រ្តីថ្មី ហើយចេញមកដើម្បីនឹងដោះស្រាយជាកម្ពុជា ព្រោះនៅពេលនេះយើងមិនដឹងថាត្រូវចរចាជាមួយអ្នកណា អំណាចពិតប្រាកដ គឺជាអ្នកណា តើជាទ័ព ឬក៏ជាបក្សនយោបាយ ឬក៏អ្នកនៅក្រោយបក្សនយោបាយ ឬក៏ជានាយករដ្ឋមន្រ្តី វាអត់ដឹងថាអ្នកណាជាអ្នកមានអំណាចពិតប្រាកដ»។
សម្តេចបានបញ្ជាក់បន្ថែមថា ស្ថានភាពនៅថៃបច្ចុប្បន្ននេះ អាចបង្ហាញបានថា លុះត្រាតែមាននាយករដ្ឋមន្រ្តីថ្មី ចូលកាន់តំណែងនាពេលខាងមុខ ទើបអាចនឹងមានសុឆន្ទៈដោះស្រាយជាមួយកម្ពុជា ហើយកម្ពុជាបានត្រៀមខ្លួនហើយក្នុងការធ្វើការជាមួយនាយករដ្ឋមន្រ្តីថៃក្រោយ។
សម្តេចបានមានប្រសាសន៍ទៀតថា មិនមែនតែកម្ពុជាទេដែលរំពឹងថា កម្ពុជានឹងមាននាយករដ្ឋមន្រ្តីថ្មី សូម្បីតែប្រជាជនថៃក៏ត្រូវការមានមេដឹកនាំថ្មីផងដែរ។
ទន្ទឹមគ្នាសម្តេចតេជោ សង្កត់ធ្ងន់ថា កម្ពុជាមិនមើលទៅថៃ និងទុកថៃជាសត្រូវនោះទេ ហើយកម្ពុជាក៏មិនដែលគាំទ្រខាងបក្សអាវក្រហម ឬអាវលឿង ឬបក្សណានោះទេ គឺកម្ពុជាធ្វើការគ្រប់ជាមួយតួអង្គទាំងអស់ដែលចូលមកគ្រប់គ្រងប្រទេសថៃ។
ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន បានរំលឹកផងដែរថា ក្នុងជំនាន់អតីតនាយករដ្ឋមន្ដ្រីថៃ ប្រាយុទ្ធ ចាន់អូចារ ដែលបានដឹកនាំថៃរយៈពេលជិត១០ឆ្នាំ ដែលកាលនោះទំនាក់ទំនងកម្ពុជា-ថៃ មិនដែលមានរឿងអ្វីកើតឡើងនោះទេ ហើយបានឈានទៅការភ្ជាប់ទំនាក់ទំនងខ្ពស់បំផុត។ បើទោះបីជាលោកចេញពីយោធាក៏ដោយ ប៉ុន្តែលោកបានដឹកនាំប្រទេស និងបង្កើនទំនាក់ទំនងសាមគ្គីភាពជាមួយបណ្តាប្រទេសទាំងអស់ ផ្ទុយពីបច្ចុប្បនេះ ប្រទេសថៃមានបញ្ហាជាមួយគ្រប់ប្រទេសជាប់របងទាំងអស់ ដែលរួមមានបញ្ហាព្រំដែនជាមួយ ម៉ាឡេស៊ីមីយ៉ាន់ម៉ាឡាវ ហើយបបច្ចុប្បន្ននេះ ក៏មានបញ្ហាព្រំដែនជាមួយកម្ពុជាទៀត ដែលព្រំដែនត្រូវបានបិទជាឯកតោភាគី។
នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥ សម្តេចតេជោ ហ៊ុន សែន បានទម្លាយឱ្យដឹងថា កាលពីថ្ងៃទី១៥ ខែមិថុនាកន្លងទៅ នាយករដ្ឋមន្ត្រីថៃ ធ្លាប់បានផ្តាំតាមមនុស្សម្នាក់ មកប្រាប់សម្តេចអំពីផែនការប្តូរលោក អនុធីន ឆានវីរ៉ៈគូន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃថៃ ចេញពីដោយរៀបចំតំណែងនេះ ដាក់គ្នារបស់ខ្លួន ដែលមកពីគណបក្សភឿថៃវិញ។
បន្ថែមលើសពីនេះ សម្តេចតេជោ ហ៊ុន សែន ព្រមានខ្លាំងទម្លាយសារសំខាន់ៗ អំពីក្រុមគ្រួសាររបស់លោក ថាក់ ស៊ីន រាប់ទាំងការប្រមាថព្រះមហាក្សត្រថៃរបស់ខ្លួន។ សម្តេចបានបង្ហាញនូវការខកចិត្ត ដែលធ្លាប់បានជួយលោក ថាក់ ស៉ីន និងក្រុមគ្រួសាររបស់លោក ដល់ពេលមានឱកាសឡើងកាន់តំណែងជានាយករដ្ឋមន្ត្រី បែរជាបណ្តោយឱ្យមានបញ្ហាធ្ងន់ធ្ងរជាមួយកម្ពុជា ក្នុងទម្លោះព្រំដែននៅពេលនេះ។
សម្តេចបញ្ជាក់ថា «ថ្ងៃស្អែកខ្ញុំនឹងបកស្រាយជូនអ្នកឯង សូម្បីតែអ្នកឯង ដូរឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃថៃ ក៏អ្នកឯងផ្តាំមកខ្ញុំដែរ សូម្បីតែគ្នារបស់អ្នកឯង អ្នកឯងក្បត់ទៅហើយ តើជាមួយខ្ញុំអ្នកឯងក្បត់ទេ ច្បាស់ជាហ៊ានក្បត់។ ថ្ងៃទី១៥ ខែមិថុនា អ្នកឯងផ្តាំតាមមនុស្សម្នាក់ ដូរ អនុធីន ចេញពីរដ្ឋមន្ត្រីមហាផ្ទៃ ដើម្បីយកក្រសួងមកឱ្យភឿថៃ កាន់ ខ្ញុំបានប្រាប់ទៅអ្នកឯងវិញថា ដូរគេប្រយ័ត្នគេដូរខ្លួនឯង ហើយអ្នកឯងរង់ចាំមើលទៅនូវលទ្ធផល បើអ្នកឯងព្រហើនខ្ញុំនឹងលាតត្រដាងទាំងអស់នៅថ្ងៃស្អែក»។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ជម្លោះនយោបាយនៅបាងកក ត្រូវផ្ទេរមកជាជម្លោះនៅព្រំដែនជាមួយកម្ពុជា។ សម្ដេចតេជោបានផ្ដាំទៅលោក ថាក់ស៊ីន ឱ្យប្រដៅកូនខ្លួនដែលជានាយករដ្ឋមន្ដ្រីថៃ កុំប្រមាថអ្នកដទៃ។ សម្ដេចកំពុងរង់ចាំមើលបេក្ខភាពនាយករដ្ឋមន្ដ្រីថ្មីរបស់ថៃ។ លុះត្រាតែមាននាយករដ្ឋមន្ដ្រីថៃថ្មី ទើបមានឆន្ទៈដោះស្រាយបញ្ហាជាមួយកម្ពុជា។ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណព្រះចៅអធិការវត្តពោធិ៍៥០០០ដើម ដែលផ្ដល់ទីតាំងស្នាក់នៅជូនជនភៀសសឹកនៅផ្ទះនេះ។
សម្ដេចក៏បានអំពាវនាវពលរដ្ឋនៅតាមភូមិឋាន ត្រូវចាត់ចែងរៀបចំលេណដ្ឋាន ព្រោះពួកថៃអាចនឹងវាយប្រហារកម្ពុជា។ សម្ដេចក៏បានណែនាំអាជ្ញាធរខេត្ត ស្រុក ឃុំ ភូមិ ត្រូវជួយរៀបចំលេណដ្ឋានរបស់ប្រជាពលរដ្ឋនៅតាមផ្ទះ។ សម្ដេចតេជោអំពាវនាវពលរដ្ឋនៅតំបន់ភៀសសឹក រក្សាអនាម័យ និងការពារខ្លួន ពិសេសស្ដ្រីមានផ្ទៃពោះ ព្រោះពេលនេះម្នាក់តែជីវិតពីរ។ សម្ដេចតេជោ ក៏ណែនាំអាជ្ញាធរខេត្ត ត្រូវរៀបចំក្រុមគ្រូពេទ្យប្រចាំឲ្យកាន់ច្បាស់លាស់ ហើយក្រសួងសុខាភិបាល កាកបាទក្រហមនិងផ្នែកពាក់ព័ន្ធត្រូវរួមគ្នាទទួលខុសត្រូវចំពោះជនរួមជាតិខ្មែរ និងសោកស្ដាយចំពោះបញ្ហាដែលបានកើតឡើង ដោយសារថៃឈ្លានពាន។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ជំនាន់នាយករដ្ឋមន្ដ្រីថៃ ប្រាយុទ្ធ ចាន់អូចារ គឺកម្ពុជា-ថៃ បានឈានទៅភ្ជាប់ទំនាក់ទំនងខ្ពស់បំផុត។ នៅពេលនេះថៃ ជម្លោះជាមួយប្រទេសផ្សេងទាំងអស់នៅជុំវិញប្រទេស, ព្រំដែនកម្ពុជាបិទក្រោយគេ ដោយថៃជាអ្នកបិទជាឯកតោភាគី។ សម្ដេចតេជោ ហ៊ុន សែន បានទាយទុកមុនថា ក្នុងរយៈពេល៣ខែ ថៃនឹងមាននាយករដ្ឋមន្ដ្រីថ្មី តុលាការធម្មនុញ្ញថៃ មិនត្រូវការមេដឹកនាំសព្វថ្ងៃនេះឡើយ។
នៅថ្ងៃនេះ សម្ដេចតេជោបាននាំយកនូវថវិកាជូនដល់គ្រួសារភៀសសឹកនៅទីនេះជាង១៥០០គ្រួសារ ដោយ១គ្រួសារទទួលបាន៥០មុឺនរៀល និងស្ត្រីមានផ្ទៃពោះ១លានរៀល។ ជាគ្នានោះសម្ដេចតេជោក៏បានលើកយោបល់ឲ្យរាជរដ្ឋាភិបាលទម្លាក់ថវិកាបន្ថែមសម្រាប់ឧបត្ថម្ភនៅតំបន់ជនភៀសសឹកបន្តទៀត៕ រក្សាសិទ្ធដោយ : សុទ្ធលី


























