កណ្ដាល៖ ដោយអនុវត្តតាមប្រកាសអន្តរក្រសួងលេខ៥៧៤ រវាងក្រសួងពាណិជ្ជកម្ម និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងដោយមានការគាំទ្រដោយមន្ទីរពិសោធន៍ចល័តផ្នែកម្ហូបអាហាររបស់អគ្គនាយកដ្ឋាន ក.ប.ប. នៃក្រសួងពាណិជ្ជកម្ម សាខា ក.ប.ប. ខេត្តកណ្ដាល នាថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥ បានសហកាជាមួយសាខាគយ និងរដ្ឋាករខេត្តកណ្ដាល រួមជាមួយអាជ្ញាធរមូលដ្ឋាន ចុះត្រួតពិនិត្យទំនិញបន្លែផ្លែឈើ ដែលនាំចូលតាមឡានដឹកទំនិញ នៅច្រកទ្វាអន្តរជាតិជ្រៃធំ ដោយបានធ្វើតេស្តបឋមលើសំណាកគំរូចំនួន ២២សំណាកគំរូ រួមមានស្លឹកខ្ទឹម ប៉េងប៉ោះ ស្ពៃបូកគោ ការ៉ុត ម្ដេញ ម្រះ មើមឆៃថាវ ខ្ទឹមបារាំង ម្ទេសម៉ាឡេ ម្ទេសហាវ៉ៃ ស្ពៃក្ដោបពណ៌ស្វាយ ស្ពៃក្ដោប មើមត្រាវ(តូច-ធំ) ដំឡូវបារាំង ក្រូចតែជ្រក់ សណ្ដែកហោឡាំងតាវ មើមដំឡូវជ្វា មើមខ្ទឹមក្រហម ផ្លែក្រូចឆ្មារ ត្រប់វែង និងសណ្ដែកបារាំងបៃតង។
ជាលទ្ធផល ក្រោយការត្រួតពិនិត្យយ៉ាងហ្មត់ច៉ត់ មន្ត្រីជំនាញបានរកឃើញបន្លែ ចំនួន ៤សំណាកគំរូ រួមមានស្លឹកខ្ទឹម មើមខ្ទឹមក្រហម ផ្លែក្រូចឆ្មារ និងសណ្ដែកហោឡាំងតាវ មានវត្តមានសំណល់ថ្នាំកសិកម្ម ដូចនេះមន្ត្រីយើងបានសម្រេចបញ្ជូនសំណាកគំរូទាំងនោះទៅនាយកដ្ឋានមន្ទីរពិសោធន៍ នៃអគ្គនាយកដ្ឋាន ក.ប.ប. ដើម្បីវិភាគលម្អិតបន្តស្វែងរកអនុលោមភាព៕ រក្សាសិទ្ធដោយ : សុទ្ធលី








