ភ្នំពេញ : ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានកោតសរសើរ ចំពោះសម្ដេចតេជោ ហ៊ុន សែន ដែលមានវីរភាពដ៏ឧត្តុង្គឧត្តម មានគុណបំណាច់ដ៏ថ្លៃថ្លា ក្នុងភារកិច្ចជាអគ្គមគ្គុទេសក៍ដឹកនាំប្រទេសប្រកបដោយគតិបណ្ឌិតដ៏ឆ្នើម ឈ្លាសវៃ និងប៉ិនប្រសប់ ក្នុងការការពារបូរណភាពទឹកដី និងអធិបតេយ្យជាតិដ៏ឧត្តុង្គឧត្តម តាំងពីដើមរហូតមកដល់បច្ចុប្បន្ន។ នេះបើយោងតាមខ្លឹមសារលិខិតរបស់ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ផ្ញើជូនសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ចុះថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥។
ព្រះករុណា ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា មានហឫទ័យសោមនស្សរីករាយយ៉ាងក្រៃលែង និងបានថ្លែងអំណរគុណដ៏ខ្ពង់ខ្ពស់ជូន សម្ដេចតេជោ ហ៊ុន សែន ដែលបានអញ្ជើញបំពេញបេសកកម្មដ៏ឧត្តុង្គឧត្តមនៅក្នុងខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ ចុះសួរសុខទុក្ខនិងនាំយកអំណោយជូនដល់វីរៈកងទ័ព និងប្រជារាស្រ្តដែលបានជម្លៀសចេញពីតំបន់ប្រឈមតាមព្រំដែនកម្ពុជា-ថៃ នៅថ្ងៃទី២៦-២៧ ខែមិថុនា ឆ្នាំ២០២៥ ជាពិសេសសម្ដេចតេជោ ហ៊ុន សែន បាននាំនូវព្រះរាជបណ្ដាំសួរសុខទុក្ខ និងសេចក្តីនឹករលឹកដ៏ជ្រាលជ្រៅអំពីសម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងព្រះមហាក្សត្រ ជូនដល់វីរកងទ័ពដែលកំពុងបំពេញបេសកកម្មប្រចាំការនៅសមរភូមិជួរមុខ ដើម្បីការពារបូរណភាពទឹកដី និងអធិបតេយ្យជាតិកម្ពុជា និងប្រជារាស្រ្តដែលបានជម្លៀសមកស្នាក់នៅទីសុវត្ថិភាព។
នៅក្នុងព្រះរាជសារលិខិតនោះដែរ ព្រះករុណាព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានសម្តែងនូវហឫទ័យគាំទ្រទាំងស្រុង និងមានជំនឿជឿជាក់យ៉ាងមុតមាំក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ឆ្នើមឈ្លាសវៃ និងប៉ិនប្រសប់របស់សម្ដេចតេជោ ហ៊ុន សែន ព្រះរាជាណាចក្រកម្ពុជា មានឯកភាពជាតិ ព្រមទាំងរក្សាបាននូវឯករាជ្យជាតិ សុខសន្តិភាព ស្ថិរភាពសង្គម និងការអភិវឌ្ឍជាតិយ៉ាងច្បាស់លាស់ និងរីកចម្រើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យ ទទួលបាននូវភាពល្បីរន្ទឺនៅលើឆាកជាតិ និងអន្តរជាតិ៕ រក្សាសិទ្ធដោយ : សុទ្ធលី



