Friday, June 27, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គ.ជ.ប : ថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ ២០២៥ ជាថ្ងៃបិទផ្សាយបញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នកបោះឆ្នោតដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោត

ភ្នំពេញ : នាព្រឹកថ្ងៃសុក្រ ទី២៧ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង ១០:០០ នៅសាលសន្និសីទរបស់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) មានកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធនឹងការបោះឆ្នោត ក្រោមអធិបតីភាពរបស់ ឯកឧត្តម យិច សមិទ្ធិ សមាជិក គ.ជ.ប និងជាប្រធានដឹកនាំកិច្ចប្រជុំដើម្បី ផ្សព្វផ្សាយអំពី ការបិទផ្សាយបញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នកបោះឆ្នោតដែលនឹងត្រូវលុប ចេញពីបញ្ជីបោះឆ្នោត និងការដាក់ ការទទួល និងការដោះស្រាយពាក្យបណ្ដឹងតវ៉ា ឬ/និងពាក្យបណ្តឹង ជំទាស់ទាក់ទងនឹងបញ្ជីបោះឆ្នោតដំបូង។
មានប្រសាសន៍ក្នុងកិច្ចប្រជុំនោះ ឯកឧត្តម យិច សមិទ្ធិ បានលើកឡើងថា ដំណើរការន ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៥ នៅតាមឃុំ សង្កាត់ រយៈពេល ២៦ថ្ងៃ បានបញ្ចប់ដោយជោគជ័យ ដោយមានកិច្ចសហការល្អពីអាជ្ញាធរមានសមត្ថកិច្ច គ្រប់ភាគីពាក់ព័ន្ធ និងប្រជាពលរដ្ឋ ក៏ប៉ុន្តែដំណើរការនៃការរៀបចំបញ្ជីបោះឆ្នោត ឆ្នាំ២០២៥ មិនទាន់បញ្ចប់នៅឡើយទេ។ ការងារដែល គ.ជ.ប ត្រៀមអនុវត្តបន្តនៅពេលខាងមុខ គឺការបិទផ្សាយបញ្ជីបោះឆ្នោតដំបូង និង បញ្ជីឈ្មោះអ្នកបោះឆ្នោតដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោត ការដាក់ ការទទួល និងការដោះស្រាយ ពាក្យបណ្តឹងទាក់ទងនឹងបញ្ជីទាំងពីរនេះ និងការងារចុងក្រោយ គឺការផ្តល់សុពលភាពលើបញ្ជី បោះឆ្នោត។ ឯកឧត្តម បានបន្តថា ការបិទផ្សាយបញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នកបោះឆ្នោត ដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោត ឆ្នាំ២០២៥ ក្នុងឃុំ សង្កាត់នីមួយៗ មានចំនួន ៣ ច្បាប់៖
-បិទផ្សាយ ១ ច្បាប់ នៅទីប្រជុំជនណាមួយក្នុងឃុំ សង្កាត់ និង
-បិទផ្សាយ ១ ច្បាប់ នៅតាមសាលាឃុំ សង្កាត់
-១ ច្បាប់ សម្រាប់ប្រើប្រាស់តាមការចាំបាច់របស់ក្រុមប្រឹក្សាឃុំសង្កាត់។

ដើម្បីបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋ ក្នុងការពិនិត្យមើលឈ្មោះ និងទិន្នន័យនៅក្នុងបញ្ជី បោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នកបោះឆ្នោតដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោត គ.ជ.ប បាន បង្ហោះបញ្ជីទាំងពីរនេះ នៅលើអាសយដ្ឋានវេប voterlist.nec.gov.kh និងតាមកម្មវិធីទូរសព្ទឆ្លាត(Mobile App) NEC KH។

ឯកឧត្តម យិច សមិទ្ធិ បានបញ្ជាក់ថា ដើម្បីធានាការសម្ងាត់ សន្តិសុខ សុវត្ថិភាពទិន្នន័យ អត្តសញ្ញាណអ្នកបោះឆ្នោត បញ្ជីបោះឆ្នោតដំបូងដែលត្រូវបង្ហោះបង្ហាញតែឈ្មោះ និងលេខកូដ រាជធានី ខេត្ត ឃុំ សង្កាត់ ឈ្មោះភូមិ ឈ្មោះទីតាំង និងលេខកូដការិយាល័យបោះឆ្នោត លេខរៀងក្នុង បញ្ជីបោះឆ្នោត អត្តលេខ លេខអត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរ (អ.ខ) ឬ/និងលេខឯកសារបញ្ជាក់អត្ត- សញ្ញាណបម្រើឱ្យការចុះឈ្មោះបោះឆ្នោត (ឯ.អ) បង្ហាញតែលេខ ៣ ខ្ទង់ចុងក្រោយ នាមត្រកូល និងនាមខ្លួន ភេទ និងថ្ងៃខែឆ្នាំកំណើតរបស់អ្នកបោះឆ្នោតតែប៉ុណ្ណោះ ហើយសម្រាប់បញ្ជីឈ្មោះ អ្នកបោះឆ្នោតដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោត នឹងមានបង្ហាញបន្ថែមនូវការបញ្ជាក់ពីមូលហេតុដែលត្រូវលុបនៅលើនោះ និងមានសញ្ញាខ្វែងពណ៌ក្រហមនៅលើបញ្ជីឈោ្មះ។

ឯកឧត្តម យិច សមិទ្ធិ បានមានប្រសាសន៍បន្តទៀតថា ការបិទផ្សាយបញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នកបោះឆ្នោតដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោត ឆ្នាំ២០២៥ នឹងត្រូវធ្វើនៅ ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៥ ដែលការបិទផ្សាយត្រូវធ្វើព្រមគ្នានៅគ្រប់ឃុំ សង្កាត់ទូទាំងប្រទេស ហើយបញ្ជីទាំងពីរនេះ ត្រូវបិទនៅទន្ទឹមគ្នាលើទីតាំងតែមួយ ដើម្បីឱ្យអ្នកបោះឆ្នោតងាយស្រួលក្នុង ការពិនិត្យ ផ្ទៀងផ្ទាត់ឈោ្មះ និងទិន្នន័យរបស់ខ្លួន។ គោលដៅនៃការបិទផ្សព្វផ្សាយបញ្ជីឈ្មោះទាំងនោះ គឺដើម្បីឱ្យអ្នកបោះឆ្នោត ដែលបានចុះឈ្មោះបោះឆ្នោតរួចហើយទៅពិនិត្យផ្ទៀងផ្ទាត់ទិន្នន័យរបស់ខ្លួន ហើយអាចធ្វើការប្តឹងតវ៉ា ឬ/និងប្តឹងជំទាស់។
ឯកឧត្តម យិច សមិទ្ធិ ក៏បានជម្រាបជូនអំពីលទ្ធផលបណ្តោះអាសន្នក្នុងដំណាក់កាលន ការបិទផ្សាយបញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នកបោះឆ្នោតដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោត ឆ្នាំ២០២៥។ ប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីនេះ មានចំនួន ១០.១៦២.២១០ (ដប់លាន មួយរយហុកសិបពីរពាន់ពីររយដប់) នាក់ ស្មើនឹង ៩០,៥០% ធៀបនឹងស្ថិតិប៉ាន់ស្មានប្រជាពលរដ្ឋ មានអាយុ ១៨ឆ្នាំឡើងទៅ ក្នុងនោះស្ត្រីមានចំនួន ៥.៣៩៣.២៩៩ (ប្រាំលាន បីរយកៅសិបបីពាន់ ពីររយកៅសិបប្រាំបួន) នាក់។ អ្នកចុះឈ្មោះបោះឆ្នោតថ្មីសរុបចំនួន ២២៣.៩០៦ (ពីររយម្ភៃបីពាន់ ប្រាំបួនរយប្រាំមួយ) នាក់ អ្នកកែតម្រូវទិន្នន័យជីវប្រវត្តិសរុបចំនួន ១.៣៤០.៨៨៧ (មួយលាន បីរយសែសិបពាន់ប្រាំបីរយប៉ែតសិបប្រាំពីរ) នាក់ អ្នកធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាតសរុបចំនួន ២.៥៦២.៤៨៧ (ពីរលាន ប្រាំរយហុកសិបពីរពាន់បួនរយប៉ែតសិបប្រាំពីរ) នាក់ និងមានការិយាល័យ បោះឆ្នោតសរុបចំនួន ២៤.២៣៥ (ម្ភៃបួនពាន់ពីររយសាមសិបប្រាំ) ការិយាល័យ។ ដោយឡែក អ្នកបោះឆ្នោតដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោតដោយមូលហេតុផ្លាស់ទីនៅចេញ អ្នកដែលបានទទួលមរណភាព មានឈ្មោះស្ទួន និងអ្នកដែលត្រូវបានដកសិទ្ធិបោះឆ្នោត ត្រូវធ្វើឡើងដោយ ផ្អែកតាមឯកសារសំអាងត្រឹមត្រូវ និងច្បាស់លាស់ មានចំនួនសរុប ១៦៣.០៣៤ (មួយរយហុកសិបបីពាន់ សាមសិបបួន) នាក់។

សម្រាប់គណបក្សនយោបាយ ដែលបានចុះបញ្ជីស្របតាមច្បាប់ស្តីពីគណបក្សនយោបាយ
មានសិទ្ធិសុំបញ្ជីបោះឆ្នោតដំបូងច្បាប់ថតចម្លងបានដោយបង់ថ្លៃ។ តម្លៃនេះត្រូវគិតត្រឹមតែតម្លៃផលិត ប៉ុណ្ណោះ។ ម្យ៉ាងទៀត គណបក្សនយោបាយក៏អាចស្នើសុំបញ្ជីបោះឆ្នោតដំបូងនេះ តាមទម្រង់ PDF ដែលមានបង្ហាញតែឈ្មោះ និងលេខកូដរាជធានី ខេត្ត ឃុំ សង្កាត់ ឈ្មោះភូមិ ឈោ្មះទីតាំង និង លេខកូដការិយាល័យបោះឆ្នោត លេខរៀងក្នុងបញ្ជីបោះឆ្នោត អត្តលេខ លេខ អ.ខ ឬ/និងលេខ ឯ.អ បង្ហាញតែលេខ ៣ ខ្ទង់ចុងក្រោយ នាមត្រកូល និងនាមខ្លួន ភេទ និងថ្ងៃខែឆ្នាំកំណើត របស់អ្នកបោះឆ្នោត ប៉ុណ្ណោះ។
អំពីការដាក់ ការទទួល និងការដោះស្រាយពាក្យបណ្តឹងតវ៉ា ឬ/និងពាក្យបណ្តឹងជំទាស់ ទាក់ទងនឹងបញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នកបោះឆ្នោតដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោត ឆ្នាំ២០២៥ ឯកឧត្ដម យិច សមិទ្ធិ បានមានប្រសាសន៍ថា ជនណាក៏ដោយមានសិទ្ធិប្តឹងតវ៉ា ឬ/និង ប្តឹងជំទាស់ជាលាយលក្ខណ៍អក្សរ តាមពាក្យបណ្តឹង (ទ.១២០២) ទាក់ទងនឹងបញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នកបោះឆ្នោតដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោតទៅក្រុមប្រឹក្សាឃុំ សង្កាត់ ក្នុងរយៈពេល ៥ (ប្រាំ) ថ្ងៃយ៉ាងយូរ បន្ទាប់ពីថ្ងៃបិទផ្សាយ។

ចំពោះយន្តការនៃការដោះស្រាយពាក្យបណ្ដឹង ឯកឧត្តម យិច សមិទ្ធិ បានបញ្ជាក់ថា សមត្ថកិច្ច ក្នុងការទទួល និងដោះស្រាយពាក្យបណ្តឹងទាក់ទងនឹងបញ្ជីទាំងពីរនេះ មាន ៣ ថ្នាក់ គឺនៅក្រុមប្រឹក្សា ឃុំ សង្កាត់ នៅ គ.ជ.ប និងនៅក្រុមប្រឹក្សាធម្មនុញ្ញ។ សេចក្តីសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញ ជាសេចក្តីសម្រេចស្ថាពរបិទផ្លូវតវ៉ា។ ការដោះស្រាយពាក្យបណ្តឹងទាំងអស់ត្រូវធ្វើឡើងស្របតាម បទបពា្ជ និងនីតិវិធី ទាក់ទងនឹងការដាក់ ការទទួល និងការដោះស្រាយពាក្យបណ្ដឹងតវ៉ា ឬ/និង ពាក្យបណ្តឹងជំទាស់។
ភាគីដែលចូលរួមក្នុងកិច្ចប្រជុំបានលើកជាសំណួរទាក់ទងនឹងចំនួនអ្នកដែលនឹងត្រូវលុបឈ្មោះ
ចេញពីបញ្ជីបោះឆ្នោត និងអ្នកត្រូវបានដកសិទ្ធិបោះឆ្នោត តើសំអាងលើអ្វី?
តំណាង គ.ជ.ប បានឆ្លើយបញ្ជាក់ចំពោះសំណួរខាងលើនោះថា អ្នកបោះឆ្នោតដែលនឹងត្រូវលុប ចេញពីបញ្ជីបោះឆ្នោតចំនួន ១៦៣.០៣៤ (មួយរយហុកសិបបីពាន់សាបសិបបួន) នាក់ គ្រាន់តែជា តួលេខប៉ាន់ស្មាននៅឡើយទេ គ.ជ.ប មិនទាន់លុបឈ្មោះទេ គឺបញ្ជីឈ្មោះនោះទុកបិទផ្សាយជា សាធារណៈ ដើម្បីឱ្យប្រជាពលរដ្ឋពិនិត្យ ផ្ទៀងផ្ទាត់ និងធ្វើការប្តឹងតវ៉ា ឬ/និងប្តឹងជំទាស់ រួចត្រូវធ្វើ ការដោះស្រាយតាមនីតិវីធី ហើយមុននឹង គ.ជ.ប សម្រេចលុបឈ្មោះគឺផ្អែកលើឯកសារសំអាងត្រឹមត្រូវ និងច្បាស់លាស់។

ជាចុងក្រោយ ឯកឧត្តម យិច សមិទ្ធិ បានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋ ដែលបានចុះឈ្មោះ បោះឆ្នោតរួចហើយ អញ្ជើញទៅពិនិត្យ ផ្ទៀងផ្ទាត់ឈ្មោះ និងទិន្នន័យរបស់ខ្លួនក្នុងបញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នកបោះឆ្នោតដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោត ដែលមានបិទផ្សាយនៅតាម ឃុំ សង្កាត់ ឬនៅលើអាសយដ្ឋានវេប voterlist.nec.gov.kh និងតាមកម្មវិធីទូរសព្ទឆ្លាត (Mobile App) NEC KH ចាប់ពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៥។
ភាគីពាក់ព័ន្ធដែលចូលរួមក្នុងកិច្ចប្រជុំនោះ មានសមាសភាពមកពីតំណាងក្រុមប្រឹក្សាធម្មនុញ្ញ តំណាងអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា តំណាងអគ្គលេខាធិការដ្ឋានរដ្ឋសភា ក្រសួងមហាផ្ទៃ ក្រសួង ការពារជាតិ កងរាជអាវុធហត្ថលើផ្ទៃប្រទេស អគ្គស្នងការដ្ឋាននគរបាលជាតិ តំណាងក្រសួង សង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្រសួងព័ត៌មាន តំណាងគណបក្សនយោបាយចំនួន ២២ គណបក្ស តំណាងសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ចំនួន ១៦ ព្រមទាំងអ្នកសារព័ត៌មាន សរុបចំនួនប្រមាណ ៧៥ នាក់៕ រក្សាសិទ្ធដោយ : សុទ្ធលី

×