Saturday, June 28, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមិទ្ធផល និងវឌ្ឍនភាពផ្នែកសង្គម-សេដ្ឋកិច្ចដែលកម្ពុជាសម្រេចបានក្នុងពេលជាង ២ទសវត្សរ៍នេះ បានបង្កើតនូវមោទនភាពជាតិថ្មីមួយទៀត នោះគឺការឈានឆ្ពោះទៅការចាកចេញពីក្រុមប្រទេសអភិវឌ្ឍតិចតួច នៅឆ្នាំ២០២៩

ភ្នំពេញ : សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជាបានថ្លែងក្នុងពិធីសំណេះសំណាល និង ពិសាអាហារសាមគ្គីមហាគ្រួសារសហគ្រាសធុនតូច និង មធ្យម និង សិប្បកម្មកម្ពុជា ក្នុងឱកាសទិវាជាតិសហគ្រាសធុនមីក្រូ, តូច និង មធ្យម លើកទី២ ថ្ងៃទី២៧ ខែមិថុនា ឆ្នំា២០២៥ ថា៖ សមិទ្ធផល និងវឌ្ឍនភាពផ្នែកសង្គម-សេដ្ឋកិច្ចដែលកម្ពុជាសម្រេចបានក្នុងពេលជាង ២ទសវត្សរ៍នេះ បានបង្កើតនូវមោទនភាពជាតិថ្មីមួយទៀត នោះគឺការឈានឆ្ពោះទៅការចាកចេញពីក្រុមប្រទេសអភិវឌ្ឍតិចតួច នៅឆ្នាំ២០២៩។ គោលដៅឆ្នាំ២០២៩ គឺជាវិញ្ញាសាមិនសាមញ្ញនោះទេ, ប៉ុន្តែ រាជរដ្ឋាភិបាលជឿជាក់ថា យើងអាចសម្រេចបាន។ សហគ្រាសធុនមីក្រូ, តូច និង មធ្យម ពិតជាបានរួមចំណែកយ៉ាងសំខាន់ ជាមួយនឹងតួនាទីគន្លឹះ ក្នុងដំណើរឆ្ពោះទៅសម្រេចបានគោលដៅនេះ។ សហគ្រាសធុនមីក្រូ, តូច និង មធ្យម បាន និង កំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការផលិត, ផ្គត់ផ្គង់ និង ផ្តល់សេវា ហើយកំពុងខិតខំអភិវឌ្ឍខ្លួនឱ្យឆ្លើយតបទៅនឹងនិន្នាការថ្មីៗ, ជាពិសេស គឺរបត់នៃការប្រែប្រួលតម្រូវការទីផ្សារ, លក្ខខណ្ឌតម្រូវផ្នែកបរិស្ថាន និងការវិវត្តដ៏លឿននៃបច្ចេកវិទ្យា។

ទោះបីស្ថិតក្នុងស្ថានភាពនៃការប្រកួតប្រជែងសកលកាន់តែខ្លាំង ក៏សហគ្រាសធុនមីក្រូ, តូច និង មធ្យមមួយចំនួន បានធ្វើទំនើបកម្មខ្សែច្រវាក់ផលិតកម្មរបស់ខ្លួនដោយជោគជ័យ និង បាននាំយកផលិតផលចូលទៅទីផ្សារទំនើបក្នុងស្រុក, ទីផ្សារតំបន់ និង អន្តរជាតិ។ យើងពិតជាមានមោទនភាពចំពោះសហគ្រាសដែលបានបំពេញអនុលោមភាព និងវិវឌ្ឍខ្លួនពីខ្នាតមីក្រូ ទៅ តូច, ពីតូច ទៅមធ្យម និង ពីមធ្យម ទៅធំ។ សម្ដេចបវរធិបតី នាយករដ្ឋមន្ត្រី បានជម្រាបបងប្អូនជាម្ចាស់សហគ្រាសធុនមីក្រូ, តូច និង មធ្យម ថា៖ “រាជរដ្ឋាភិបាលកម្ពុជា នៅជាមួយបងប្អូនជានិច្ច” ។

ក្នុងឱកាសនោះ, សម្ដេចបវរធិបតី នាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា៖ រាជរដ្ឋាភិបាល បាន និងកំពុងធ្វើពិពិធកម្មទីផ្សារ, ទាំងក្នុងតំបន់ និងសកល, តាមរយៈ៖ (ទី១). ការជំរុញលើកកម្ពស់សហគ្រាសធុនមីក្រូ, តូច និង មធ្យម ឱ្យក្លាយជាផ្នែកនៃខ្សែច្រវាក់ផលិតកម្ម ដែលផ្តល់តម្លៃបន្ថែមខ្ពស់ និងបម្រើជាឧស្សាហកម្មប្រតិគមន៍ (Backward Linkage Industry), (ទី២). ការជំរុញការរៀបចំបណ្តុំសហគ្រាសធុនតូច និង មធ្យម (SME Cluster)ឱ្យកាន់តែមានបរិមាណច្រើន, (ទី៣). ការជំរុញអនុវត្តគោលការណ៍បរិស្ថាន, សង្គម និង អភិបាលកិច្ច (ESG) ក្នុងចំណោមសហគ្រាសធុនមីក្រូ, តូច និង មធ្យម ដើម្បីរួមចំណែកដល់ការអនុវត្ត ESG ដែលជានិន្នាការសកល, (ទី៤). ការជំរុញការលើកកម្ពស់គុណភាព, សោភណភាព, ស្តង់ដា និង ភាពប្រកួតប្រជែងនៃផលិតផលក្នុងស្រុក, និង (ទី៥).ការជំរុញកសាងប្រព័ន្ធអេកូឡូស៊ីសហគ្រាសធុនមីក្រូ, តូច និង មធ្យម ដែលទាមទារការចូលរួម និង គាំទ្រពីគ្រប់តួអង្គពាក់ព័ន្ធទាំងអស់, រួមទាំងប្រជាពលរដ្ឋដែលជាអ្នកប្រើប្រាស់ផលិតផល។ រាជរដ្ឋាភិបាលកម្ពុជា បាន និង កំពុងពង្រីកការវិនិយោគសាធារណៈ បន្ថែមលើហេដ្ឋារចនាសម្ព័ន្ធរូបវន្តចាំបាច់នានា ដែលបម្រើដល់ការអភិវឌ្ឍនៃវិស័យ ក៏ដូចជាការពង្រឹងយន្តការស្ថាប័ន និង ការផ្ដល់សេវាសាធារណៈគ្រប់ប្រភេទ ប្រកបដោយនវានុវត្តន៍ ដើម្បីកសាងប្រព័ន្ធអេកូឡូស៊ីដែលមានភាពប្រទាក់ក្រឡាគ្នា, គាំទ្រគ្នាទៅវិញទៅមក, ប្រកបដោយសហថាមពល ដែលនឹងបង្កើតទំនុកចិត្ត និងទាក់ទាញការវិនិយោគបន្ថែម ដើម្បីធានាថា សហគ្រាសធុនមីក្រូ, តូច និង មធ្យម នៅតែជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិ នាពេលអនាគត ។

មុននឹងបញ្ចប់, សម្ដេចបវរធិបតី នាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា បានផ្តល់អាទិភាពខ្ពស់ដល់ការអភិវឌ្ឍសហគ្រាសធុនមីក្រូ, តូច និង មធ្យម ដោយបានដាក់ចេញ យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដើម្បី “កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព” សម្រាប់ជាមូលដ្ឋានក្នុងការសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។ ក្រសួង-ស្ថាប័ន និង វិស័យឯកជន រួមទាំងគ្រឹះស្ថានហិរញ្ញវត្ថុ ក៏បានរៀបចំយន្តការជាក់ស្តែង ដើម្បីកែលម្អបរិយាកាសធុរកិច្ច និងគាំទ្រដោយផ្ទាល់ដល់សហគ្រាសក្នុងស្រុក។ បរិវត្តកម្មឌីជីថលបានសម្រួលដល់ការចុះបញ្ជីពាណិជ្ជកមុ្ម, ចុះបញ្ជីពន្ធដារ, ការស្នើសុំប្រកាសបង្កើត និងដំណើរការអាជីវកម្មនានា ដោយកាត់បន្ថយពេល និង ការចំណាយ៕ រក្សាសិទ្ធដោយ : សុទ្ធលី

×