កាសែត The Guardian បានដកស្រង់សម្តីរបស់មន្ត្រីបក្ស ZANU-PF កំពុងកាន់អំណាចម្នាក់នៅ Zimbabwe ប្រាប់ថា ប្រធានាធិតបីប្រទេសនេះ លោក Mugabe អាចបានទទួលខ្ទង់ប្រាក់ដល់ទៅ ១០លានដុល្លារ ក្រោយពេលលាចាកពីមុខតំណែង។
នេះជាផ្នែក១ ក្នុងកិច្ចព្រមព្រៀងលាលែងពីមុខតំណែងរបស់លោកបូកបន្ថែមលើកាដែលលោកព្រមទាំងក្រុមគ្រួសារ ទទួលបានការលើកលែងទាំងស្រុងឲ្យបទចោទប្រកាន់នានា។ គ្រួសារប្រធានាធិបតីរូបនេះល្បីល្បាញខាងចាយវាយលុយកាក់ហ៊ឺហារ ហួសហេតុក្នុងសភាពដែលពលរដ្ឋ Zimbabwe ស្ទើរមួយប្រទេសកំពុងប្រឈមនឹងស្ថានភាពក្រីក្រតោកយ៉ាក។
មន្ត្រីនៃបក្សកាន់អំណាចឲ្យដឹងថា លោកអតីតប្រធានាធិបតីនឹងបានទទួលភ្លាមៗនូវខ្ទង់ប្រាក់ ៥លានដុល្លារ ក្នុងពេលដែលទឹកប្រាក់នៅសល់ នឹងត្រូវបានប្រគល់ឲ្យនៅខែក្រោយ។ ក្រៅពីនោះអតីតប្រជានាធិបតីវ័យ ៩៣ឆ្នាំ រូបនេះ នឹងបន្តទទួលប្រាក់សោធនវិវត្តន៍ ១៥០.០០០ដុល្លារ ក្នុង១ឆ្នាំៗ រហូតទល់ពេលលោកទទួលមរណៈភាព ហើយភរិយារបស់លោក អ្នកស្រី Grace Mugabe នឹងទទួលបានប្រាក់នេះពាក់កណ្តាល ក្រោយពេលស្វាមីស្លាប់ រហូតដល់ពេលនាង “ចាកចេញ” ទៅដែរ។
ប្តីប្រពន្ធអតីត ប្រធានាធិបតីរូបនេះ ក៏ទទួលបានការបន្តរស់នៅក្នុងតំបន់ភូមិគ្រឹះបៃតង។ ចំណែកភាគហ៊ុន ទ្រព្យសម្បត្តិមុខជំនួញរបស់គ្រួសារលោកក៏ពុំអាចចោទប្រកាន់លោកបានឡើយ។ ពួកអ្នកច្បាប់នៃក្រុមជំទាស់ បានបដិសេធដោយចាត់ទុកថា រឿងនេះពុំស្របនឹង “ធម្មនុញ្ញ”។
តាមធម្មនុញ្ញ ដែលជាច្បាប់កំពូល លោក Mugabe ជាប្រធានាធិបតីចូលនិវត្តន៍ ហេតុនេះពុំអាចមានអំណាចលើកលែងទោសណាមួយចុះពោះទង្វើបំពានច្បាប់ព្រហ្មទណ្ឌ ឬរដ្ឋប្បវេណី ដែលធ្លាប់ប្រព្រឹត្តអំឡុងពេលកាន់អំណាចឡើយ ក្រុមជំទាស់បានលើកឡើងពីជំហររបស់ខ្លួន៕ សូយន