ថ្មីៗនេះ នារីម៉ាឡេស៊ីម្នាក់បានចែករំលែកពីបទពិសោធន៍ដ៏គួរឲ្យខ្លាចរបស់នាង នៅលើហ្វេសប៊ុក នៅពេលដែលនាងស្ទើរតែត្រូវបានរំលោភ ដោយបុគ្គលិកសណ្ឋាគារម្នាក់ ដែលបានពុំដឹងថាបានគ្រប់គ្រងចូលទៅក្នុងបន្ទប់របស់នាងនៅព្រឹកព្រលឹមដោយវិធីណា? ។
ផ្អែកតាមការផុសនៅលើគណនីហ្វេសប៊ុករបស់នាង ដែលកំពុងទទួលការចាប់អារម្មណ៍ នោះហេតុការណ៍ដ៏រន្ធត់នេះបានកើតឡើងនៅវេលាម៉ោងប្រហែល ៧ និង ២០ នាទី ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំមុន ។ នាងបានកក់បន្ទប់សណ្ឋាគារ៣ថ្ងៃ សម្រាប់ថ្ងៃឈប់សម្រាក នៅឯរមណីយដ្ឋានមួយនៅក្នុង Langkawi ។ ប៉ុន្តែ ខណៈនាងកំពុងរីករាយចិត្តយ៉ាងខ្លាំងជាមួយវិស្សមកាលសម្រាកលំហែកាយ នៅពេលនោះ នាងក៏បានឆ្លងកាត់បទពិសោធន៍នៃការរំលោភបំពានដ៏គួរឲ្យខ្លាចមួយ នៅក្នុងបន្ទប់សណ្ឋាគារ ។
ខណៈនាងភ្ញាក់ពីគេងនៅម៉ោង ៧ ព្រឹក នៅថ្ងៃទី២ ហើយកំពុងគេងនៅលើគ្រែស្ថិតក្នុងសម្លៀកបំពាក់ហាត់ប្រាណ សម្រាប់រត់កីឡា នៅពេលនោះ នាងបានកត់សម្គាល់ឃើញស្រមោលមួយ ស្ថិតនៅពីខាងក្រោយបន្ទះកញ្ចក់មួយ នៅក្នុងបន្ទប់គេងរបស់នាង ។
នាងសរសេរថា៖ «ខ្ញុំបានសួរថាតើអ្នកជានរណាគេ? នៅពេលនោះ ស្រាប់តែបុរសម្នាក់ស្ថិតក្នុងស្ថានភាពអត់ពាក់អាវ និងស្លៀកខោជើងវែងបានបង្ហាញខ្លួនភ្លាមៗ និងរុញខ្ញុំទៅនឹងគ្រែ ។ ខ្ញុំបានចាប់ផ្តើមស្រែក និងប្រឹងតស៊ូរើបម្រាស់ ។ បុរសនោះ បានខ្ទប់មាត់ខ្ញុំ ហើយស្នើឲ្យខ្ញុំឈប់ស្រែក ។ ខ្ញុំក៏សួរគាត់ថា តើអ្នកចង់បានអ្វីពីខ្ញុំ? អ្នកចង់បានលុយមែន?» ។
អ្វីៗធ្វើឲ្យនាងរន្ធត់កាន់ខ្លាំង ខណៈបុរសនោះនិយាយថា «ខ្ញុំចង់បាននាង» ហើយនាងចាប់ផ្តើមប្រតាយប្រតប់ជាមួយគាត់ ។ នៅចំណុចមួយនោះ នាងសូម្បីតែអាចដាល់គាត់១ដៃចំច្រមុះរហូតចេញឈាម ។ សំណាងណាស់ ដោយសារវាយតបតរបស់នាង មានឥទ្ធិពលខ្លាំងនៅលើ ជាហេតុធ្វើឲ្យបុរសនេះរុញនាងចូលបន្ទប់ទឹក ហើយបិទទ្វារ ដើម្បីបានឱកាសរត់គេចខ្លួន ។
នាងបានទូរស័ព្ទទៅកាន់កន្លែងទទួលភ្ញៀវ ឲ្យជួយសង្គ្រោះ ហើយពួកគេក៏បានបញ្ជូនឡាន (buggy) មួយទៅកាន់បន្ទប់របស់នាង ដែលបើកដោយបុរសម្នាក់ដែលមើលទៅគួរឲ្យកត់សម្គាល់ដូចអ្នកវាយប្រហាររបស់នាង ។ នាងបានចេញក្រៅនៅវេលាម៉ោង ៨ និង ៣០ នាទី ហើយអ្នកបើកបរតែមួយ បានជូននាងវិលត្រឡប់មកបន្ទប់របស់នាងវិញ ទីកន្លែងដែលនាងចាប់ផ្តើមខ្ចប់ និងនាំយកកម្រាលប្រឡាក់ឈាមទៅជាមួយនាង ដើម្បីធ្វើជាភស្តុតាង ។
នាងបានទៅកាន់ប៉ុស្តិ៍ប៉ូលីស Kuala Teriang ដើម្បីប្តឹងនៅវេលាម៉ោងប្រហែល ១០ ព្រឹក ហើយពួកគេបានបញ្ជូននាងទៅកាន់មន្ទីរពេទ្យ ដើម្បីពិនិត្យ ។ សំណាង ដែលនាងពុំរងរបួសណាមួយ នៅលើខ្លួនប្រាណរបស់នាង ។
បន្ទាប់ពីបើកស៊ើបអង្កេតមិនយូរប៉ុន្មាន ប៉ូលីសបានឈានទៅចាប់ខ្លួនជនសង្ស័យម្នាក់ ដែលអ្នកបើកបរ buggy របស់សណ្ឋាគារ ។ ប៉ូលីសនិយាយថា យុវជនអាយុ ១៧ ឆ្នាំ នោះបានសារភាព បន្ទាប់ពីសាកសួរចម្លើយមួយសន្ទុះធំ ប៉ុន្តែ គាត់បានបដិសេធថា គាត់ប៉ុនប៉ងរំលោភនាងទេ ។
នាងនិយាយថា៖ «ប៉ូលីសបានប្រាប់ខ្ញុំថា ជនសង្ស័យរូបនោះបានសារភាពថា បំណងរបស់គាត់ចូលទៅក្នុងបន្ទប់ គឺដើម្បីរំលោភខ្ញុំ ប៉ុន្តែ នៅពេលគាត់ដឹងថា នាងភ្ញាក់ដឹងខ្លួន គាត់ក៏បានលាក់ខ្លួននៅក្នុងបន្ទប់ខ្ញុំតែម្តង ។ គាត់បានយកសោរទៅកាន់បន្ទប់របស់ខ្ញុំពីកន្លែងរក្សាទុក ហើយបានដោះអាវយឺតរបស់គាត់ចេញ ព្រោះគាត់មិនចង់ឲ្យគេស្គាល់ថាជាបុគ្គលិកសណ្ឋាគារ» ៕ ចន្ទី (worldofbuzz)