Saturday, July 12, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តម កើត រិទ្ធ ៖ វិសោធនកម្មមាត្រា៣៣ នៃរដ្ឋធម្មនុញ្ញនេះ ដើម្បីរួមចំណែកយ៉ាងសំខាន់ ក្នុងការប្រឆាំងនឹងការជ្រៀតជ្រែកពីខាងក្រៅ ចូលមកក្នុងកិច្ចការផ្ទៃក្នុងរបស់កម្ពុជា និងការប្រឆាំងនឹងអំពើឃុបឃិតគ្នាជាមួយនឹងបរទេស

ភ្នំពេញ ៖ នៅព្រឹកថ្ងៃសុក្រ ១រោច ខែអាសាឍ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥វិមានរដ្ឋសភា, ដោយទទួលបានការចាត់តាំងដ៏ខ្ពង់ខ្ពស់ពី សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា, ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ដែលជាតំណាងរាជរដ្ឋាភិបាល បានអញ្ជើញដឹកនាំគណៈប្រតិភូនៃក្រសួងយុត្តិធម៌ ចូលរួមជាមួយតំណាងក្រុមតំណាងរាស្ត្រហត្ថលេខី ដើម្បីការពារសេចក្ដីស្នើច្បាប់ធម្មនុញ្ញស្ដីពីវិសោធនកម្មមាត្រា៣៣ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា នាសម័យប្រជុំរដ្ឋសភាលើកទី៤ នីតិកាលទី៧ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា។ ជាលទ្ធផល, រដ្ឋសភាបានអនុម័តជាឯកច្ឆន្ទលើសេចក្តីស្នើច្បាប់ធម្មនុញ្ញ ដោយសម្លេងគាំទ្រ ១២៥ លើ ១២៥សំឡេង។

សេចក្ដីស្នើច្បាប់ធម្មនុញ្ញស្ដីពីវិសោធនកម្មមាត្រា៣៣ នៃរដ្ឋធម្មនុញ្ញ ដែលរដ្ឋសភាទើបបានអនុម័តរួចនេះ ត្រូវបានរៀបចំឡើងក្រោមគំនិតផ្ដួចផ្ដើមរួមគ្នារបស់ សម្ដេចមហារដ្ឋសភាធិការធិបតី ប្រធានរដ្ឋសភា តាមសេចក្តីស្នើសុំរបស់តំណាងរាស្ត្រទាំង ១២៥ រូប និងរបស់ សម្ដេចមហាបវរធិបតី នាយករដ្ឋមន្ត្រី។ សម្ដេចប្រធានរដ្ឋសភា និង សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានធ្វើលិខិតរួមគ្នាចុះថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ក្រាបបង្គំទូលថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដើម្បីព្រះអង្គទ្រង់មានព្រះរាជតម្រិះពិគ្រោះមតិក្រុមប្រឹក្សាធម្មនុញ្ញ។ បន្ទាប់មក, នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៥ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទ្រង់បានផ្ញើព្រះរាជសារតបដោយភ្ជាប់នូវមតិរបស់ក្រុមប្រឹក្សាធម្មនុញ្ញ ដែលបានបញ្ជាក់ថា សេចក្ដីស្នើសុំធ្វើវិសោធនកម្មមាត្រា ៣៣ នេះ អាចធ្វើទៅបាន ដោយសារ សេចក្ដីស្នើសុំធ្វើវិសោធនកម្មមាត្រា ៣៣ នេះ មិនប៉ះពាល់ឡើយដល់ប្រព័ន្ធប្រជាធិបតេយ្យ សេរីពហុបក្ស និង របបរាជានិយមអាស្រ័យដោយរដ្ឋធម្មនុញ្ញ ព្រមទាំងធ្វើឡើងនៅពេលប្រទេសជាតិមិនឋិតក្នុងភាពអាសន្ន។

ថ្លែងក្នុងសម័យប្រជុំរដ្ឋសភាលើកទី៤ នេះ, ឯកឧត្តម កើត រិទ្ធ បានលើកឡើងថា វិសោធនកម្មមាត្រា៣៣ នៃរដ្ឋធម្មនុញ្ញនេះ ត្រូវបានធ្វើឡើងក្នុងគោលបំណងសំខាន់ៗ ចំនួន ៣ រួមមាន៖ (ទី១)-ដើម្បីបន្សុទ្ធទឹកចិត្តស្នេហាជាតិរបស់ប្រជាពលរដ្ឋខ្មែរចំពោះជាតិ មាតុភូមិ និងប្រជាជនកម្ពុជា ពោលគឺការលើកកម្ពស់ឧត្តមគតិជាតិ, មនសិការស្នេហាជាតិ និង គោលជំហរស្មោះត្រង់ឥតងាករេ របស់ប្រជាពលរដ្ឋខ្មែរគ្រប់រូប ចំពោះជាតិ មាតុភូមិ និង ប្រជាជនកម្ពុជារបស់ខ្លួន នៅគ្រប់កាលៈទេសៈទាំងអស់, (ទី២)-ដើម្បីធានាការគោរពមាត្រា៤៩ ថ្មី នៃរដ្ឋធម្មនុញ្ញ ដែលចែងថា “ប្រជាពលរដ្ឋខ្មែរគ្រប់រូបត្រូវតម្កល់ផលប្រយោជន៍ជាតិជាធំ ហើយមិនត្រូវធ្វើសកម្មភាពណាមួយ ទោះដោយផ្ទាល់ក្តី ឬដោយប្រយោលក្តី នាំឱ្យប៉ះពាល់ដល់ផលប្រយោជន៍របស់ព្រះរាជាណាចក្រកម្ពុជា និង ប្រជាពលរដ្ឋខ្មែរឡើយ” និង (ទី៣)-ដើម្បីរួមចំណែកយ៉ាងសំខាន់ក្នុងការប្រឆាំងនឹងការជ្រៀតជ្រែកពីខាងក្រៅចូលមកក្នុងកិច្ចការផ្ទៃក្នុងរបស់កម្ពុជា ជាពិសេស ការប្រឆាំងនឹងអំពើឃុបឃិតគ្នាជាមួយនឹងបរទេស ប្រព្រឹត្តអំពើក្បត់ជាតិឯង ឬធ្វើសកម្មភាពបណ្តាលឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់វិស័យសន្តិសុខជាតិ, សេចក្តីសុខសាន្តរបស់ប្រជាពលរដ្ឋខ្មែរ និងឧត្តមប្រយោជន៍របស់ប្រទេសជាតិ។

ទន្ទឹមនេះ, ឯកឧត្តម កើត រិទ្ធ ក៏បានគូសបញ្ជាក់បន្ថែមថា ផ្អែកតាមការសិក្សាស្រាវជ្រាវលើច្បាប់របស់បណ្តាប្រទេសនានា នៅជុំវិញពិភពលោក ឃើញថា មានប្រទេសជាង ១៥០ ប្រទេស មានច្បាប់កំណត់អំពីការដកសញ្ជាតិពីពលរដ្ឋរបស់ខ្លួន ក្នុងនោះប្រទេសខ្លះក៏អនុញ្ញាតឱ្យដកសញ្ជាតិដែលទទួលបានពីកំណើតផងដែរ ដូចជា សហរដ្ឋអាម៉េរិក, បារាំង, អ៊ីតាលី, អង់គ្លេស, អាល្លឺម៉ង់, អូទ្រីស, អូស្ត្រាលី, ហូឡង់, កូរ៉េខាងត្បូង, ម៉ាឡេស៊ី, ឥណ្ឌូនេស៊ី, ហ្វីលីពីន, ឡាវ, មីយ៉ាន់ម៉ា, វៀតណាម ជាដើម។ ទន្ទឹមនេះ, ក្នុងចំណោមប្រទេសទាំងនេះ ប្រទេសខ្លះបានអនុញ្ញាតឱ្យមានការដកសញ្ជាតិពីពលរដ្ឋរបស់ខ្លួនឱ្យទៅជាជនគ្មានសញ្ជាតិតែម្ដង។

បន្ទាប់ពីកិច្ចប្រជុំរដ្ឋសភា ត្រូវបានបញ្ចប់, ឯកឧត្តម កើត រិទ្ធ និងឯកឧត្តម អង្គ វង្ស វឌ្ឍានា ប្រធានគណៈកម្មការនីតិកម្ម និងយុត្តិធម៌នៃរដ្ឋសភា បានរួមគ្នាធ្វើសន្និសីទដើម្បីជម្រាបជូនអ្នកសារព័ត៌មាន និងសាធារណៈជន អំពីកិច្ចដំណើរការ, គោលបំណង, ខ្លឹមសារ និងមូលដ្ឋាននៃសេចក្ដីស្នើច្បាប់ធម្មនុញ្ញ ក៏ដូចជា ដើម្បីឆ្លើយបំភ្លឺនូវរាល់សំណួរនិងមតិនានាពាក់ព័ន្ធនឹងសេចក្ដីស្នើច្បាប់ធម្មនុញ្ញស្ដីពីវិសោធនកម្មមាត្រា៣៣ នៃរដ្ឋធម្មនុញ្ញនេះផងដែរ៕រក្សាសិទ្ធដោយ : សុទ្ធលី

×