Monday, July 14, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ព្រឹទ្ធសភា ៖ សេចក្តីស្នើច្បាប់ធម្មនុញ្ញមាត្រា៣៣ រៀបចំឡើងក្នុងគោលបំណងដើម្បីលើកកម្ពស់ឧត្តមគតិជាតិ បន្សុទ្ធមនសិការស្មារតីស្នេហាជាតិ

ភ្នំពេញ ៖ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជម្រាបជូនសាធារណជនជ្រាបថា នាថ្ងៃចន្ទ ទី១៤ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោង ៩:៣០នាទី ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានបើកសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ នីតិកាលទី៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដែលមានវត្តមានសមាជិកព្រឹទ្ធសភា ចូលរួមចំនួន ៦០រូប។

អង្គប្រជុំបានដំណើរការដោយមានរបៀបវារៈតែមួយគឺ ពិនិត្យហើយឱ្យយោបល់លើសេចក្តី ស្នើច្បាប់ធម្មនុញ្ញ ស្តីពីវិសោធនកម្មមាត្រា៣៣ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។

សេចក្តីស្នើច្បាប់ធម្មនុញ្ញនេះ រៀបចំឡើងក្នុងគោលបំណងដើម្បីលើកកម្ពស់ឧត្តមគតិជាតិ បន្សុទ្ធមនសិការស្មារតីស្នេហាជាតិ និងរក្សាគោលជំហរស្មោះត្រង់ឥតងាកររបស់ប្រជាពលរដ្ឋខ្មែរ គ្រប់រូប ចំពោះជាតិមាតុភូមិ និងប្រជាជនកម្ពុជានៅគ្រប់កាលៈទេសៈទាំងអស់ ជាពិសេសការតម្កល់ ផលប្រយោជន៍ជាតិជាធំ ស្របតាមមាត្រា៤៩ថ្មី នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដែលបាន ចែងថា«ប្រជាពលរដ្ឋខ្មែរគ្រប់រូបត្រូវគោរពរដ្ឋធម្មនុញ្ញ និងគោរពច្បាប់។ ប្រជាពលរដ្ឋខ្មែរគ្រប់រូបត្រូវ តម្កល់ផលប្រយោជន៍ជាតិជាធំ ហើយមិនត្រូវធ្វើសកម្មភាពណាមួយ ទោះដោយផ្ទាល់ក្តី ឬដោយ ប្រយោលក្តី នាំឱ្យប៉ះពាល់ដល់ផលប្រយោជន៍របស់ព្រះរាជាណាចក្រកម្ពុជា និងប្រជាពលរដ្ឋ ខ្មែរឡើយ។ប្រជាពលរដ្ឋខ្មែរគ្រប់រូបមានកាតព្វកិច្ចរួមចំណែកកសាងប្រទេសជាតិ និងការពារ មាតុភូមិ។ កាតព្វកិច្ចការពារមាតុភូមិត្រូវអនុវត្តតាមបញ្ញត្តិច្បាប់»។

ទន្ទឹមនឹងនេះ សេចក្តីស្នើច្បាប់ធម្មនុញ្ញនេះ ក៏ជាឧបករណ៍គតិយុត្តដ៏សំខាន់ ការពារសន្តិភាព ស្ថិរភាព អធិបតេយ្យជាតិ ទប់ស្កាត់ ប្រឆាំងនឹងការជ្រៀតជ្រែកពីខាងក្រៅចូលមក ក្នុងកិច្ចការផ្ទៃក្នុងរបស់កម្ពុជា ជាពិសេសការប្រឆាំងនឹងអំពើក្បត់ជាតិ និងអំពើគប់គិតជាមួយ បរទេស ដែលធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់សន្តិសុខជាតិ និងឧត្តមប្រយោជន៍ជាតិ។ ការធ្វើវិសោធនកម្ម មាត្រា៣៣ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជានេះ បានបង្ហាញឱ្យឃើញអំពីភាពរឹងមាំន ក្របខ័ណ្ឌច្បាប់ក្នុងការពង្រឹងកិច្ចការពារជាតិ ស្របតាមស្ដង់ដារ និងនិយាមអន្តរជាតិ។

គួរធ្វើការកត់សម្គាល់ផងដែរថា នាពេលថ្មីៗនេះ ស្ថិតនៅក្នុងស្ថានភាពដែលប្រទេសជាតិ កំពុងតែប្រឈមនឹងការឈ្លានពានទឹកដី ហើយនៅពេលដែលរាជរដ្ឋាភិបាលកម្ពុជាកំពុងខិតខំ ប្រឹងប្រែងទប់ស្កាត់ការគំរាមកំហែងដ៏ស្មុគស្មាញពីបរទេស ដើម្បីរក្សាការពារអធិបតេយ្យជាតិ បូរណភាពទឹកដី សន្តិភាព ស្ថិរភាព និងសុវត្ថិភាពជូនប្រជាពលរដ្ឋ បែរជាជនជ្រុលនិយមមួយក្តាប់តូច គប់គិតជាមួយបរទេស ព្យាយាមបិទបាំងអំពើឈ្លានពានរបស់បរទេស បកស្រាយព្រឹត្តិការណ៍ ខុសស្រឡះពីការពិត និងធ្វើសកម្មភាពប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ផលប្រយោជន៍ជាតិ និង ប្រជាពលរដ្ឋ ដែលនេះឆ្លុះបញ្ចាំងឱ្យឃើញយ៉ាងជាក់ស្ដែងពីភាពគ្មានទំនួលខុសត្រូវចំពោះជាតិ និងបំផ្លាញផលប្រយោជន៍ជាតិខ្លួនឯង។

ការរៀបចំក្របខ័ណ្ឌច្បាប់សម្រាប់ការដកសញ្ជាតិខ្មែរនេះ ក៏មិនមែនជារឿងចម្លែក ឬជា រឿងថ្មីដែលទើបកើតមានលើកទី១ នៅក្នុងប្រវត្តិសាស្ត្ររបស់កម្ពុជានោះទេ។ ផ្អែកតាមការ សិក្សាស្រាវជ្រាវ កាលពីសម័យមុន កម្ពុជាក៏មានច្បាប់កំណត់អំពីការដកសញ្ជាតិខ្មែរដែរ ដូចជា ក្រមរដ្ឋប្បវេណីឆ្នាំ១៩២០ ដែលត្រូវបានធ្វើវិសោធនកម្មជាបន្តបន្ទាប់ និងមានច្បាប់ស្តីពី បាត់បង់ សញ្ញាតិខ្មែរ ដែលត្រូវបានប្រកាសឱ្យប្រើ តាមព្រះរាជក្រមលេខ ៣៧៧/ ៦៨-ប.រ. ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ១៩៦៨។ មិនតែប៉ុណ្ណោះ នៅបណ្តាប្រទេសជាច្រើន ដូចជា បារាំង, អាម៉េរិក, អង់គ្លេស, អាល្លឺម៉ង់, អូស្ត្រាលី, អ៊ីតាលី, ប៊ែលហ្សិក, ឥណ្ឌា, សាធារណរដ្ឋកូរ៉េ និងសិង្ហបុរី ជាដើម សុទ្ធតែមាន ច្បាប់កំណត់អំពីការដកសញ្ជាតិពីពលរដ្ឋរបស់ខ្លួន ជាពិសេសក្នុងករណីប្រព្រឹត្តអំពើធ្វើឱ្យប៉ះពាល់ ធ្ងន់ធ្ងរដល់ផលប្រយោជន៍របស់ជាតិ ឬអំពើធ្វើឱ្យប៉ះពាល់ដល់វិស័យសន្តិសុខជាតិ។

សេចក្តីស្នើច្បាប់នេះ រៀបចំឡើងមាន ២មាត្រា ត្រូវបានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា អនុម័តយល់ព្រមលើកដំបូងចំនួន១២៥សំឡេង នៃចំនួនសមាជិករដ្ឋសភាទាំងមូល នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ នាសម័យប្រជុំរដ្ឋសភាលើកទី៤ នីតិកាលទី៧។

លោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី ប្រធានគណៈកម្មការនីតិកម្ម និងយុត្តិធម៌នៃព្រឹទ្ធសភា បានអញ្ជើញឡើងរាយការណ៍អំពីលទ្ធផលនៃការពិនិត្យសិក្សាសេចក្តីស្នើច្បាប់នេះ និងមានសមាជិក ព្រឹទ្ធសភាចំនួន ៥រូប បានឡើងមានយោបល់ ព្រមទាំងមានការឆ្លើយបំភ្លឺជូនអង្គប្រជុំព្រឹទ្ធសភា ពីសំណាក់ឯកឧត្តម អង្គ វង្ស វឌ្ឍនា តំណាងក្រុមតំណាងរាស្រ្តហត្ថលេខី និងឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ។

អង្គប្រជុំព្រឹទ្ធសភា បានពិនិត្យហើយឱ្យយោបល់ឯកភាពទាំងស្រុងលើសេចក្តីស្នើច្បាប់ ទាំងមូល ដោយឥតកែប្រែចំនួន ៥៨សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×