Sunday, December 22, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ណែនាំ​ដល់​មន្ត្រីនគរបាល ខិតខំ​ប្រឹងប្រែង បម្រើសេវា​សាធារណៈ ជូន​ប្រជាពលរដ្ឋ ស្រប​ទៅ​នឹង​គោលនយោបាយ​

​ភ្នំពេញ ៖ លោក​អភិបាល​រាជធានី​ភ្នំពេញ បាន​ណែនាំ​ដល់​មន្ត្រីនគរបាល ខិតខំ​ប្រឹងប្រែង ក្នុង​ការបម្រើ​សេវា​សាធារណៈ ជូន​ប្រជាពលរដ្ឋ ស្របទៅនឹង​គោលនយោបាយ​របស់ រាជរដ្ឋាភិបាល​អាណត្តិ​ទី​៦ ដែល​បាន​ដាក់ចេញ​ធ្វើយ៉ាងណា​ខិតខំ​បម្រើសេវា​ជូន​ប្រជាពលរដ្ឋ ដើម្បី​កុំឲ្យ​ពួកគាត់​មាន​ការ​ថ្នាំងថ្នាក់​។​

​លោក​ឃួង ស្រេង ក៏​បាន​ព្រមាន​ចាត់វិធានការ​តាម​ច្បាប់​កងកម្លាំង ចំពោះ​មន្ត្រី​នគរបាល ក្នុង​រាជធានី​ភ្នំពេញ ដែល​អសកម្ម ក្នុង​ការបម្រើ​សេវា​ជូន ប្រជាពលរដ្ឋ​។​

​នៅ​រសៀល​ថ្ងៃ​ទី​១១ ខែ​កញ្ញា ឆ្នាំ​២០១៨​នេះ នៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ លោក​ឧត្តមសេនីយ៍ឯក ស ថេត ត្រូវបាន​ប្រកាស​ចូល​កាន់​តំណែង ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ថ្មី ខណៈ​លោកនាយ​ឧត្តមសេនីយ៍ ជួន សុវណ្ណ ត្រូវបានព្រះ មហាក្សត្រ​ត្រាស់បង្គាប់​តែងតាំង ជា​អនុប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រៀង​ញៀន មាន​ឋានៈ​ស្មើ​រដ្ឋមន្ត្រី ។​

​លោក ឃួ​ង ស្រេង បាន​មានប្រសាសន៍ថា ស្នងការ​ថ្មី​ត្រូវ​មើល​បញ្ហា​នេះ​ឲ្យបាន​ខ្លាំងក្លា ខណៈ​ដែល​នេះ​ជា​បញ្ហា​មួយ​ត្រូវតែ​នាំគ្នា​ធ្វើ​ឲ្យបាន​ល្អ ពី​ព្រោះនេះ​ជា​តម្រូវការ​របស់​ប្រជាពលរដ្ឋ​។​

​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ និង​ជា​អគ្គស្នងការ​រង​នគរបាលជាតិ លោក​ឧត្តមសេនីយ៍ឯក ស ថេត បាន​ធ្វើ​ការប្ដេជ្ញាចិត្ត​យ៉ាង​មុតមាំ ក្នុង​ការគោរព​នូវ​បញ្ជា​នានា ថ្នាក់ដឹកនាំ ដើម្បី​បម្រើ​ផលប្រយោជន៍​ជូន​ជាតិ ក៏ដូចជា​ប្រជាពលរដ្ឋ​ឲ្យបាន​ល្អ​ប្រសើរ រួម​ទាំង​ប្រតិបត្តិ​ឲ្យបាន​ម៉ឺងម៉ាត់​ចំពោះ​រដ្ឋ​ធម្មនុញ្ញ​និង​បទ​បញ្ញាតិ​ផ្សេងៗ​ទៀត ។​

​លោក​ឧត្តមសេនីយ៍ឯក ស ថេត បាន​អះអាង​ថា ប្ដេជ្ញា​អនុវត្តន៍​យ៉ាង​ស្មោះត្រង់​បំផុត​ចំពោះ​ជាតិ សាសនា ព្រះមហាក្សត្រ គោរព និង​ប្រតិបត្តិ​យ៉ាង​ម៉ឺងម៉ាត់ ចំពោះ​រដ្ឋ​ធម្មនុញ្ញ នៃ​ព្រះរាជាណាចក្រ​កម្ពុជា គោរព និង​អនុវត្តន៍​តាម​កម្មវិធី​នយោបាយ​ចតុកោណ ដំណាក់ កាល​ទី​៤ របស់​រាជរដ្ឋាភិបាល ប្រតិបត្តិ​យ៉ាង​ម៉ឹងម៉ាត់ និង​ដោយ​សច្ចធម៌ ចំពោះ​មុខ​ច្បាប់ និង​បទបញ្ញត្តិ​ផ្សេងៗ របស់​ថ្នាក់ដឹកនាំ​គ្រប់​លំដាប់ថ្នាក់ យក​អស់​កម្លាំងកាយ​ចិត្ត​នូវ​គំនិត​ប្រាជ្ញា ដើម្បី​បម្រើ​សេវា​សាធារណៈ​ជូន​ដល់​ប្រជាពលរដ្ឋ រក្សា​សាមគ្គីភាព​ផ្ទៃក្នុង និង​អង្គភាព​ពាក់ព័ន្ធ​ផ្សេងៗ​ទៀត ឲ្យបាន​ល្អប្រសើរ​បន្ថែមទៀត ។​

​លោកស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បន្ថែមទៀតថា ដើម្បី​សម្រេច​បាន​ការងារ​ថ្មីៗ ត្រូវ​មាន​ការចាំបាច់​ស​ហ​ប្រតិបត្តិការ ពី​សំណាក់​ ថ្នាក់ដឹកនាំ​គ្រប់​លំដាប់ថ្នាក់ ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ​នានា ដែល​មាន​កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរ​មូលដ្ឋាន អង្គការ​ជាតិ​-​អន្តរជាតិ ក្នុងការ​សំដៅ​ឆ្លុះបញ្ចាំង​អំពី​ចំណុច​អវិជ្ជមាន​មួយចំនួន ដើម្បី​ធានា​អនុវត្តន៍​ឲ្យមាន​ប្រសិទ្ធភាព​ខ្ពស់ និង​ទទួលបាន​ជោគជ័យ​ដ៏​ត្រ​ជះ​ត្រចង់​ផងដែរ ។​

​លោក​ឧត្តមសេនីយ៍ឯក ស ថេត បាន​បញ្ជាក់ទៀតថា កត្តា​ដែល​នាំ​ឲ្យ​រាជធានី​ភ្នំពេញ​មាន​សន្តិសុខ សុវត្ថិភាព និង​សណ្ដាប់ធ្នាប់​បានល្អ គឺជា​ជោគជ័យ នៃ​ការអនុវត្ត​គោលនយោបាយ របស់​រាជរដ្ឋាភិបាល ដំណាក់កាល​ទី​៤ និង​ការអនុវត្ត​ទិសដៅ ដែល​ក្រសួង​មហាផ្ទៃ និង​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​បាន​ដាក់ចេញ ៕ ដោយ ​៖​ បញ្ញា​ស័ក្តិ​

×