Monday, July 21, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ព្រះមហាក្សត្រ ចេញព្រះរាជក្រម ប្រកាសឱ្យប្រើប្រាស់ ច្បាប់ស្ដីពីសញ្ជាតិ រួមមាន ទទួលសញ្ជាតិ បាត់សញ្ជាតិ និងដកសញ្ជាតិ

ភ្នំពេញ ៖ ច្បាប់ធម្មនុញ្ញ ស្តីពី វិសោធនកម្មមាត្រា ៣៣ នៃរដ្ឋធម្មនុញ្ញព្រះរាជាណាចក្រកម្ពុជា ដើម្បីបើកផ្លូវដល់ការទទួលសញ្ជាតិខ្មែរ ការបាត់សញ្ជាតិខ្មែរ និងការដកសញ្ជាតិ ដែលរដ្ឋសភា បានអនុម័តកាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ នាសម័យប្រជុំរដ្ឋសភា លើកទី៤ នីតិកាលទី៧ ហើយដែលព្រឹទ្ធសភា បានពិនិត្យចប់សព្វគ្រប់លើទម្រង់ គតិច្បាប់នេះ និងឯកភាពទាំងស្រុង កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ នាសម័យប្រជុំព្រឹទ្ធសភាវិសាមញ្ញ នីតិកាលទី៥ ត្រូវបានព្រះមហាក្សត្រ ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ចេញព្រះរាជក្រម ប្រកាសឱ្យប្រើប្រាស់, នេះបើយោង ព្រះរាជក្រម នស រកម ០៧២៥ / ០២៩ ចុះថ្ងៃទី១៥  ខែកក្កដា ឆ្នាំ២០២៥ ព្រះហស្ដលេខា ព្រះមហាក្សត្រ នរោត្តម សីហមុនី។

ច្បាប់នេះ មានខ្លឹមសារ ដូចតទៅ ÷

ប្រជាពលរដ្ឋខ្មែរ មិនអាចត្រូវបាននិរទេស ឬចាប់បញ្ជូនខ្លួនទៅឱ្យប្រទេសក្រៅណាមួយឡើយ លើកលែងតែមានកិច្ចព្រមព្រៀងជាមួយគ្នាទៅវិញទៅមក។
ប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅឯបរទេស ត្រូវបានរដ្ឋគាំពារ។
ការទទួលសញ្ជាតិខ្មែរ និងការបាត់សញ្ជាតិខ្មែរ ដោយរួមទាំងការដកសញ្ជាតិ ត្រូវកំណត់ក្នុងច្បាប់។

ទាក់ទិននឹងការដកសញ្ជាតិនេះដែរ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ធ្លាប់បានបញ្ជាក់ហើយក្នុងពេលប្រជុំព្រឹទ្ធសភាវិសាមញ្ញ ថា ពលរដ្ឋខ្មែរគ្រប់រូប កុំទៅភ័យ កុំទៅព្រួយបារម្ភរឿងដកសញ្ជាតិនេះ ច្បាប់នេះមិនមែនចេះតែដកសញ្ជាតិពីពលរដ្ឋខ្មែរផ្ដេសផ្ដាសនោះទេ វៀរលែងតែជននោះ ប្រព្រឹត្តទង្វើក្បត់ជាតិ គប់គិតជាមួយបរទេស បំផ្លាញផលប្រយោជន៍ជាតិ បំផ្លាញឧត្តមប្រយោជន៍ជាតិ ហ្នឹងហើយត្រូវដកសញ្ជាតិ ចុះបើយើងមិនបានក្បត់ចិត្តផង ចាំបាច់បារម្ភធ្វើអ្វី ចាំបាច់ភ័យខ្លាចធ្វើអ្វី ?! ៕ រក្សាសិទ្ធដោយ៖ពិសិដ្ឋ CEN

×