Monday, July 21, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកអគ្គរដ្ឋទូតអូស្រ្តាលី ពង្រឹងយុត្តិធម៌ និងនិតិរដ្ឋនៅកម្ពុជា

ភ្នំពេញ ៖ ស្ថានទូតអូស្រ្តាលីប្រចាំកម្ពុជា នៅថ្ងៃទី២១ខែកក្កដានេះ បានចេញផ្សាយព័ត៌មានឲ្យដឹងថា កាលពីសប្តាហ៍មុន លោកឯកអគ្គរដ្ឋទូត យីប បានជួបជាមួយឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌។

ឯកឧត្តមទាំងពីរបានពិភាក្សាអំពីកំណែទម្រង់ប្រព័ន្ធតុលាការនៅកម្ពុជា និងកិច្ចសហប្រតិបត្តិការលើការតាក់តែង កែសម្រួលច្បាប់ និងការដោះស្រាយឧក្រិដ្ឋកម្មឆ្លងដែន។ ឯកឧត្តមទាំងពីរក៏បានពិភាក្សាផងដែរអំពីសារៈសំខាន់នៃការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធអ៊ីនធើណេត ការបង្កើតកិច្ចសហប្រតិបត្តិការលើការអនុវត្តច្បាប់ និងសារៈសំខាន់នៃឯករាជ្យភាពរបស់ប្រព័ន្ធតុលាការ និងសេរីភាពនយោបាយ។

អូស្ត្រាលីនៅតែជាដៃគូដ៏គួរឱ្យទុកចិត្តក្នុងការលើកកម្ពស់នីតិរដ្ឋ និងការអភិវឌ្ឍប្រកបដោយបរិយាបន្ននៅកម្ពុជា។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះការអញ្ជើញមកដល់របស់ឯកឧត្តម Derek Yip និងសហការី មកកាន់ទីស្តីការក្រសួងយុត្តិធម៌ ដែលនេះជាជំនួបលើកដំបូងតាំងពីឯកឧត្តមបានចូលកាន់តំណែងជាឯកអគ្គរដ្ឋទូតអូស្រ្តាលីប្រចាំព្រះរាជាណាចក្រកម្ពុជា។ ជាការឆ្លើយតប ឯកឧត្តមឯកអគ្គរដ្ឋទូតបានថ្លែងអំណរគុណជូនចំពោះឯកឧត្តមឧបនាយករដ្ឋមន្ត្រី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យឯកឧត្តម និងសហការីចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។ ឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានគូសបញ្ជាក់អំពីចំណងមិត្តភាពដ៏រឹងមាំ និងយូរអង្វែងរវាងកម្ពុជា និងអូស្រ្តាលី ដោយឆ្នាំ២០២៥នេះ គឺជាខួបគម្រប់ ៧៣ឆ្នាំ នៃទំនាក់ទំនងការទូតកម្ពុជា-អូស្រ្តាលី។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងឯកឧត្តមឯកអគ្គរដ្ឋទូត បានពិភាក្សាគ្នាអំពីកិច្ចសហប្រតិបតិ្តការរវាងកម្ពុជា និងអូស្ត្រាលីក្នុងវិស័យច្បាប់ និងយុត្តិធម៌ ជាពិសេសលើការងារពាក់ព័ន្ធនឹងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន និងការបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យច្បាប់ និងយុតិ្តធម៌ ព្រមទាំងកិច្ចសហប្រតិបត្តិការផ្នែកច្បាប់ដទៃទៀតផងដែរ។ ឆ្លៀតក្នុងឱកាសនេះផងដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីក៏បានជម្រាបជូនឯកឧត្តមឯកអគ្គរដ្ឋទូតអំពីកិច្ចការងារកែទម្រង់ប្រព័ន្ធយុត្តិធម៌ ព្រមទាំងការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) តាមរយៈការបង្កើតគណៈកម្មការចំពោះកិច្ចមួយ ដែលដឹកនាំផ្ទាល់ដោយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានឯកភាពគ្នាក្នុងការពិនិត្យលទ្ធភាពដើម្បីបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងរវាងកម្ពុជា និងអូស្រ្តាលី ឱ្យកាន់តែមានភាពរឹងមាំ ស្និទ្ធស្នាល និងប្រកបដោយប្រសិទ្ធភាពថែមទៀត៕រក្សាសិទ្ធដោយ៖សុទ្ធលី

×