ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានលេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមបច្ចេកវិទ្យា(គ.ប.ឆ.ប.) បានអនុញ្ញាតឱ្យ ឯកឧត្តម Shaharuddin bin Onn ឯកអគ្គរដ្ឋទូតម៉ាឡេស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។
ជាកិច្ចចាប់ផ្តើម ឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ បានជម្រាបជូន ឯកឧត្តម ឯកអគ្គរដ្ឋទូត អំពីបទបញ្ជារបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានដាក់ចេញនូវវិធានការម៉ឺងម៉ាត់ក្នុងការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងអំពីលទ្ធផលសម្រេចបានគួរឱ្យកត់សម្គាល់ ដែលសមត្ថកិច្ចតាមបណ្តារាជធានី ខេត្ត បានបង្រ្កាប កន្លងមក ព្រមទាំងបានលើកសំណូមពរដល់ម៉ាឡេស៊ី ដែលជាប្រធានប្តូរវេនអាស៊ាន នៅឆ្នាំនេះ ផ្តល់កិច្ចសហការ លើការងារនេះ។
ជាការឆ្លើយតប ឯកឧត្តម ឯកអគ្គរដ្ឋទូតបានសម្តែងនូវជំនឿជឿជាក់លើការប្តេជ្ញាចិត្ត និងកិច្ចប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងថ្លែងអំណរគុណរាជរដ្ឋាភិបាលកម្ពុជា ដែលបានជួយសង្គ្រោះពលរដ្ឋម៉ាឡេស៊ី កន្លងមក។ ឯកឧត្តម ឯកអគ្គរដ្ឋទូត បានគូសបញ្ជាក់ថា ស្ថានទូត និងរដ្ឋាភិបាលម៉ាឡេស៊ីនឹងផ្តល់ការគាំទ្រ និងកិច្ចសហប្រតិបត្តិការដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា។
ភាគីទាំងពីរបានឯកភាពចំពោះសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការអន្តរជាតិ ក្នុងកិច្ចប្រឹងប្រែងប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងបានផ្លាស់ប្តូរយោបល់លើជំហានបន្ទាប់ក្នុងការជំរុញនិងបង្កើនកិច្ចសហការជាមួយគ្នារវាងលេខាធិការដ្ឋានគ.ប.ឆ.ប. និងស្ថានទូត៕ រក្សាសិទ្ធដោយ៖សុទ្ធលី


