ភ្នំពេញ ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ បានថ្លែងជំរុញឲ្យកងកម្លាំងនគរបាលជាតិ បន្តស្រាវជ្រាវបង្រ្កាបបទល្មើសអនឡាញខុសច្បាប់ អនុវត្តឲ្យបានត្រឹមត្រូវតាមជំនាញ នីតិវិធី និងឲ្យស្របតាមច្បាប់និងក៏ដូចបន្តពង្រឹងការងារអន្តោប្រវេសន៍។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ បានថ្លែងយ៉ាងដូច្នេះ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២១ខែកក្កដាឆ្នាំ២០២៥ ក្នុងឱកាសអញ្ជើញជាអធិបតីប្រកាសផ្ទេរភាកិច្ច តែងតាំងមុខតំណែងនិង បំពាក់ឋានន្តរសក្តិជូនមន្រ្តីនគរបាលជាតិ និងបូកសរុបសភាពការណ៍ កិច្ចប្រតិបត្តិការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម ប្រចាំឆមាសទី១និងលើកទិសដៅការងារបន្តឆមាសទី២ ឆ្នាំ២០២៥ របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ។
នាឱកាសនោះ ឯកឧត្តម អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ បានលើកឡើង និងធ្វើការចូលរួមអបអរសាទរចំពោះមន្រ្តីនគរបាលដែលទើបទទួលតំណែងនិងតំឡើងឋានន្តរសក្តិនាពេលនេះ គឺជាការផ្តល់ជំនឿនិងលើកទឹកចិត្តពីសំណាក់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ក្រសួងមហាផ្ទៃ និងអគ្គស្នងការដ្ឋាននគរបាលជាតិ ចំពោះមន្រ្តីនគរបាលដែលមានស្នាដៃបានខិតខំបំពេញភារកិច្ចការពារថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គមបានល្អ និងជំរុញឲ្យមន្រ្តីបន្តខិតខំយកចិត្តទុកដាក់បំពេញភារកិច្ចបម្រើប្រជាពលរដ្ឋនិងរក្សាសន្តិសុខសណ្តាប់ធ្នាប់ឲ្យកាន់តែល្អប្រសើរ។
ឯកឧត្តម បានណែនាំឲ្យកងកម្លាំងនគរបាលជាតិ ពង្រឹងយកចិត្តទុកដាក់ដោះស្រាយបញ្ហាទុកកង្វល់របស់ប្រជាពលរដ្ឋដែលមានការបារម្ភលើបញ្ហាមួយចំនួន រួមមាន:បទល្មើស ឆក់ គាស់ផ្ទះ ក្មេងទំនើង ធាក់ប្លន់យកម៉ូតូ លក់ចែកចាយប្រើប្រាស់គ្រឿងញៀន និងកាន់កាប់ប្រើប្រាស់អាវុធខុសច្បាប់ ជាការឆ្លើយតបពង្រឹងអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ឲ្យកាន់មានប្រសិទ្ធភាពខ្ពស់ផងដែរ។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ ក៏បានជំរុញឲ្យបន្តស្រាវជ្រាវបង្រ្កាបបទល្មើសអនឡាញខុសច្បាប់ អនុវត្តឲ្យបានត្រឹមត្រូវតាមជំនាញ នីតិវិធី និងឲ្យស្របតាមច្បាប់និងក៏ដូចបន្តពង្រឹងការងារអន្តោប្រវេសន៍ផងដែរ។បានណែនាំស្រាវជ្រាវបង្ការទប់ស្កាត់ និងបង្រ្កាប ទីតាំងសង្ស័យជួញដូរមនុស្សខុសច្បាប់ ពង្រឹងផ្សព្វផ្សាយគោលនយោបាយភូមិ ឃុំសង្កាត់ មានសុវត្ថិភាព តាមបណ្តាមូលដ្ឋាន។
ឯកឧត្តមបានណែនាំមន្រ្តីជំនាញចរាចរណ៍ ត្រូវចុះអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកអនុវត្តឲ្យបានត្រឹមត្រូវតាមគោលការណ៍ច្បាប់ និងក្រមសីលធម៌ វិជ្ជាជីវៈ របស់កងកម្លាំងនគរបាលជាតិ ជាពិសេសត្រូវកាត់បន្ថយបញ្ហាភាពអសកម្មតាមដងផ្លូវដែលធ្វើឲ្យប៉ះពាល់អារម្មណ៍របស់ប្រជាពលរដ្ឋ។បន្តគ្រប់គ្រងតាមដានឆ្លើយតបចំពោះព័ត៌មានក្លែងក្លាយ និងព័ត៌មានមិនពិតបង្កប៉ះពាល់សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ។
ឯកឧត្តម អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ ក៏បានកោតសរសើរនិងវាយតម្លៃខ្ពស់ ចំពោះស្នាដៃនិងលទ្ធផលប្រតិបត្តិការរបស់កងកម្លាំងគ្រប់ផ្នែក និងជំនាញក្នុងរយៈពេល០៦ខែចុងក្រោយនេះបានរួមគ្នាធ្វើការបង្ការនិងបង្រ្កាបបទល្មើសព្រហ្មទណ្ឌបានសម្រេចជោគជ័យភាគច្រើន ពោលគឺនៅមានសេសសល់បទល្មើសមួយចំនួនតូចតែប៉ុណ្ណោះ មិនទាន់បង្រ្កាបបាន ហើយយើងនៅបន្តស្រាវជ្រាវតាមជំនាញស្វែងរកមុខសញ្ញាដើម្បីបង្រ្កាបថែមទៀតគឺមិនទុកចោលបទល្មើសនោះឡើយ។
សូមបញ្ជាក់ថា៖មន្រ្តីនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដែលត្រូវបានប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែងនិងបំពាក់ ឋានន្តរសក្តិសរុប១២១រូប ៕រក្សាសិទ្ធដោយ៖សុទ្ធលី









