Tuesday, July 22, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សេចក្តីថ្លែងការណ៍ របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បដិសេធការចោទប្រកាន់ថាកម្ពុជាប្រើប្រាស់មីនប្រឆាំងមនុស្ស

ភ្នំពេញ ៖ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិបានចេញសេចក្តីថ្លែងការណ៍បដិសេធទាំងស្រុងចំពោះការតវ៉ានិងចោទប្រកាន់របស់ថៃដែលថា កម្ពុជាបានប្រើប្រាស់មីនប្រឆាំងមនុស្សដែលទើបតែដាក់ថ្មីៗ។ ក្រសួងការបរទេសកម្ពុជាបញ្ជាក់ថា កងទ័ពថៃបានដើរចូលដីកម្ពុជាទាំងបំពានលើកិច្ចព្រមព្រៀងហើយជាន់មីនដែលសល់ពីសម័យសង្គ្រាម។

បើយោងតាមក្រសួងការបរទេសកម្ពុជា ឧប្បត្តិហេតុខាងលើនេះសបញ្ជាក់អំពីភាពចាំបាច់ដែលប្រទេសទាំងពីរត្រូវរកដំណោះ ស្រាយជាបន្ទាន់និងដោយសន្តិវិធីតាមរយៈយន្តការអន្តរជាតិដោយជំរុញឱ្យប្រទេសថៃទទួលយកយុត្ថាធិការតុលាការយុត្តិធម៌អន្តរជាតិដើម្បីដោះស្រាយបញ្ហានេះ។

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា ច្រានចោល ទាំងស្រុងនូវសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសនៃព្រះរាជាណាចក្រថៃ កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៥ ដែលមានចំណងជើងថា “ការតវ៉ាប្រឆាំងនឹងការប្រើប្រាស់មីនប្រឆាំងមនុស្ស” ដែលចោទ ប្រកាន់កម្ពុជាថាបានដាក់មីនថ្មីប្រឆាំងមនុស្ស ដោយរំលោភលើអនុសញ្ញាស្តីពីការហាមឃាត់មីនប្រឆាំង មនុស្ស (អនុសញ្ញាទីក្រុង អូតាវ៉ា) ដែលបានបណ្តាលឲ្យទាហានថៃរងរបួសនាពេលថ្មីៗនេះ។

រាជរដ្ឋាភិបាលកម្ពុជាបដិសេធយ៉ាងដាច់អហង្ការចំពោះការចោទប្រកាន់ដោយគ្មានមូលដ្ឋាន និង គ្មានភស្តុតាងនេះ។ ក្នុងនាមជារដ្ឋភាគីមួយ ដែលមានការប្តេជ្ញាចិត្តយ៉ាងពេញទំហឹងចំពោះខ្លឹមសារ និង ស្មារតីនៃអនុសញ្ញាទីក្រុងអូតាវ៉ា កម្ពុជាសូមបដិសេធយ៉ាងដាច់អហង្ការនូវរាល់ការលើកឡើងថាកម្ពុជាបាន រំលោភចំពោះកាតព្វកិច្ចរបស់ខ្លួនក្រោមអនុសញ្ញានេះ។ កិច្ចខិតខំប្រឹងប្រែងជាប់ជាប្រចាំ និងសមិទ្ធផល ដែលកម្ពុជាសម្រេចបានក្នុងសកម្មភាពកម្ចាត់មីន ត្រូវបានសហគមន៍អន្តរជាតិទទួលស្គាល់យ៉ាងទូលំ ទូលាយ ក្នុងនោះរួមមាន់ទាំងវឌ្ឍនភាពយ៉ាងធំក្នុងការបោសសម្អាតសំណល់ជាតិផ្ទុះពីសង្គ្រាមនៅលើ ទឹកដីរបស់កម្ពុជា ក៏ដូចការរួមចំណែករបស់កម្ពុជាក្នុងប្រតិបត្តិការដោះមីនរបស់អង្គការសហប្រជាជាតិ នៅតាមប្រទេសនានាដែលបានបញ្ចប់ជម្លោះ។

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិចាំបាច់ត្រូវតែបញ្ជាក់ជាថ្មីថា ហេតុការណ៍ ពាក់ព័ន្ធនឹងការចោទប្រកាន់គឺបានកើតឡើងនៅក្នុងភូមិតេជោមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដែល ជាតំបន់មួយស្ថិតនៅក្នុងដែនដីកម្ពុជាដែលមានការទទួលស្គាល់ជាអន្តរជាតិ។ ដែនដីនេះត្រូវបានកំណត់ ដោយផែនទីខ្នាត ១:២០០០០០ ដែលផលិតដោយគណៈកម្មការចម្រុះបារាំង-សៀម អនុលោមតាម អនុសញ្ញាឆ្នាំ១៩០៤ និងសន្ធិសញ្ញាឆ្នាំ ១៩០៧។ ផែនទីទាំងនេះត្រូវបានរដ្ឋាភិបាលកម្ពុជា និងថៃ ទទួលស្គាល់ជាយូរមកហើយថាជាមូលដ្ឋានសម្រាប់ការងារវាស់វែងខណ្ឌសីមាព្រំដែននៃប្រទេសទាំងពីរ។ ផែនទីទាំងនេះក៏ជាឯកសារយោងសម្រាប់តុលាការយុត្តិធម៌អន្តរជាតិ សម្រេចចេញសាលក្រមឆ្នាំ១៩៦២ ពាក់ព័ន្ធនឹងករណីប្រាសាទព្រះវិហារ និងការបកស្រាយសាលក្រមនេះក្នុងឆ្នាំ ២០១៣។
វាជាការសោកស្តាយយ៉ាងខ្លាំង ដែលកម្លាំងយោធាថៃបានចូលទៅក្នុងតំបន់នេះដោយរំលោភ លើអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០០ ដែលមានចែងយ៉ាងច្បាស់អំពីការងារខណ្ឌសីមាព្រំដែន រួមគ្នា និងការហាមឃាត់មិនឲ្យមានសកម្មភាពឯកតោភាគីនៅក្នុងតំបន់ដែលមិនទាន់បានកំណត់ខ្សែ ព្រំដែនរួច។ ទោះបីជាកម្ពុជាបានព្រមានអំពីគ្រោះថ្នាក់ ដែលអាចបង្កឡើងដោយគ្រាប់មីនមិនទាន់ផ្ទុះ បន្សល់ពីជម្លោះប្រដាប់អាវុធរាប់ទសវត្សរ៍ក៏ដោយ ក៏ទាហានថៃបានងាកចេញពីផ្លូវល្បាតដែលប្រទេស ទាំងពីរ បានសម្របសម្រួលគ្នាកន្លងមក ហើយបានបង្កើតផ្លូវថ្មីមួយឆ្លងចូលកាត់មកលើទឹកដីកម្ពុជា។ សកម្មភាពមិនទទួលខុសត្រូវនេះបានរំលោភលើការយោគយល់គ្នាជាទ្វេភាគី រំលោភលើទឹកដីក្រោម អធិបតេយ្យរបស់កម្ពុជា បង្កហានិភ័យដល់អាយុជីវិតមនុស្ស និងបំផ្លាញការទុកចិត្តគ្នាទៅវិញទៅមក។ នេះនៅមិនទាន់លើកផងទេអំពីបំណងខុសច្បាប់ និងមិនស្របតាមច្បាប់ ក្នុងការដាក់ចេញបទបញ្ញត្តិ សម្រាប់ភ្ញៀវទេសចរ និងអ្នកធ្វើធម្មយាត្រាចូលទៅក្នុងប្រាសាទតាមាន់ធំ ដូចដែលយោធាថៃបានប្រកាស ដោយសារតែគេអះអាងអធិបតេយ្យរបស់ថៃលើតំបន់ប្រាសាទនេះ។

ទោះបីជាការពិតច្បាស់លាស់ និងមិនអាចប្រកែកបានក៏ដោយ ក៏ប្រទេសថៃនៅតែបន្តចេញ សេចក្តីថ្លែងការណ៍ដែលមិនមានការទទួលខុសត្រូវ និងបំភ័ន្តមតិ ដោយអះអាងថាខ្លួនបានបោស សម្អាតមីននៅតំបន់ដែលទាហានថៃរងរបួសដោយសារការផ្ទុះមីន។ តាមការពិត ទាហានកម្ពុជានៅតែ ឈរជើងក្នុងតំបន់នោះដដែល ហើយក៏មិនដែលមានសកម្មភាពដោះមីនកើតឡើងដូចការអះអាង របស់ថៃនោះទេ ព្រោះថាតំបន់នេះស្ថិតនៅក្នុងទឹកដីកម្ពុជា។ ជាជាងទទួលស្គាល់ការពិត និងទទួលយក ការទទួលខុសត្រូវ ថៃនៅតែបន្តផ្សព្វផ្សាយព័ត៌មានមិនពិតដល់សាធារណជន និងសហគមន៍អន្តរជាតិ។ កម្ពុជាជំរុញឱ្យថៃបញ្ឈប់ជាបន្ទាន់នូវសកម្មភាពទាំងអស់នេះ ហើយចាត់វិធានការឱ្យបានសមស្របដើម្បី កែតម្រូវការនិយាយមិនពិតរបស់ខ្លួន។

ឧប្បត្តិហេតុខាងលើនេះបង្ហាញយ៉ាងច្បាស់អំពីភាពចាំបាច់ឲ្យប្រទេសទាំងពីររកដំណោះស្រាយ ជាបន្ទាន់ដោយសន្តិវិធី និងមានចំណងកាតព្វកិច្ចច្បាប់ តាមរយៈយន្តការអន្តរជាតិសមស្រប។ ដូច្នេះហើយ កម្ពុជាសូមបញ្ជាក់ជាថ្មីនូវជំហរយូរអង្វែងរបស់ខ្លួនថា តុលាការយុត្តិធម៌អន្តរជាតិ ដែលជាស្ថាប័នតុលាការ ដ៏សំខាន់របស់អង្គការសហប្រជាជាតិ គឺជាវេទិកាដ៏គួរឱ្យទុកចិត្តបំផុត និងមិនលំអៀងបំផុតសម្រាប់ការ ដោះស្រាយជម្លោះព្រំដែនដែលនៅសេសសល់រវាងប្រទេសទាំងពីរ។ កម្ពុជាសូមជំរុញឱ្យប្រទេសថៃទទួល យកយុត្ថាធិការរបស់តុលាការយុត្តិធម៌អន្តរជាតិលើបញ្ហានេះដោយស្មោះត្រង់ ក្នុងការបំពេញនូវកាតព្វកិច្ច របស់ខ្លួនក្រោមធម្មនុញ្ញអង្គការសហប្រជាជាតិ និងការប្តេជ្ញាចិត្តយ៉ាងស្មោះស្ម័គ្រចំពោះការដោះស្រាយ ជម្លោះព្រំដែនដោយត្រឹមត្រូវ យុត្តិធម៌ និងតាមសន្តិវិធី ដើម្បីធានាបាននូវសន្តិភាពយូរអង្វែង ទប់ស្កាត់កុំ ឲ្យមានឧប្បត្តិហេតុអកុសលកើតឡើងទៀត និងរួមចំណែកដល់ស្ថិរភាពយូរអង្វែងសម្រាប់ប្រទេសទាំងពីរ និងតំបន់ទាំងមូលផងដែរ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×