មណ្ឌលគិរី និងសៀមរាប ៖ កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥ សមត្ថកិច្ចខេត្តមណ្ឌលគិរី និងខេត្តសៀមរាបឃាត់ខ្លួនជនបរទេសចំនួន១៦២នាក់ ដែលជាប់ពាក់ព័ន្ធនឹង បទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យា(Online Scams)។
ក្នុងនោះនៅខេត្តសៀមរាបឃាត់ខ្លួនជនជាតិនេប៉ាល់ ចំនួន១៣នាក់ ស្ត្រី០៤នាក់ នៅចំណុចផ្ទះវីឡាជួល ស្ថិតនៅភូមិខ្នារ សង្កាត់ជ្រាវ ក្រុង/ខេត្តសៀមរាប ព្រមទាំងរឹបអូសកុំព្យូទ័រលើតុ (Desktop) ចំនួន១៦គ្រឿង, កុំព្យូទ័រយួរដៃ (Laptop) ចំនួន០២គ្រឿង, ទូរសព្ទដៃ និងវត្ថុតាងមួយចំនួនទៀត។
ដោយឡែកនៅខេត្តមណ្ឌលគិរី ពេលចុះបង្ក្រាបទីតាំង អនឡាញ (តំបន់C) ស្ថិតក្នុងភូមិពូឆប ឃុំដាក់ដាំ ស្រុកអូររាំង ខេត្តមណ្ឌលគិរី សមត្ថកិច្ចបានឃាត់ខ្លួនមនុស្សសរុបចំនួន ១៤៩នាក់ (ស្ត្រីចំនួន៣១នាក់) ស្មើនឹង ១៣សញ្ជាតិ រួមទាំងបានដកហូតវត្ថុតាង មានដូចជា កុំព្យូទ័រ ទូរសព្ទ និងសម្ភារពាក់ព័ន្ធមួយចំនួន។
សរុបមកក្នុងប្រតិបត្តិការបង្រ្កាបបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យាកាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥ ម្សិលមិញ សមត្ថកិច្ចខេត្តមណ្ឌលគិរី និងខេត្តសៀមរាប បានឃាត់ខ្លួនជនបរទេសចំនួន១៦២នាក់ ស្ត្រី៣៥នាក់។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងទាំងអស់ត្រូវបានបញ្ជូនបន្តអនុវត្តនីតិវិធីតាមផ្លូវច្បាប់។
សូមបញ្ជាក់ថា សមត្ថកិច្ចនឹងចាត់វិធានការ តាមផ្លូវច្បាប់ឱ្យតឹងរឹងបំផុតចំពោះ មេក្លោងទាំងឡាយដែលជាប់ពាក់ព័ន្ធនឹងអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ៕ រក្សាសិទ្ធដោយ៖សុទ្ធលី






