Tuesday, July 22, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្ដេចតេជោ ហ៊ុន សែន បានស្នើឱ្យក្រុមហ៊ុនMinebeaMitsumi Inc. ពាំនាំទៅភាគីថៃ នូវជំហររបស់កម្ពុជា ចំពោះការបិទច្រកព្រំដែនជាឯកតោភាគីរបស់ថៃ ពោលគឺធ្វើយ៉ាងណាឱ្យស្ថានភាពវិលត្រឡប់ទៅរកមុនថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៥

ភ្នំពេញ ៖ លោក YOSHIHISA Kainuma ប្រធាននិងជានាយកប្រតិបត្តិក្រុមហ៊ុន MinebeaMitsumi Inc.បានលើកឡើងអំពីផលប៉ះពាល់នៃការបិទច្រកព្រំដែនរបស់ថៃចំពោះដំណើរការវិនិយោគរបស់ក្រុមហ៊ុនលោក ដូចជាផលលំបាកនៃការដឹកគ្រឿងផ្គុំនៃខ្សែច្រវាក់ផលិតកម្មរបស់ក្រុមហ៊ុនរវាងប្រទេសទាំងពីរជាដើម។ នៅក្នុងន័យនេះ សម្តេចបានជម្រាបអំពីការប្រកាន់គោលជំហររួមរបស់កម្ពុជា ក្នុងការដោះស្រាយបញ្ហាដោយសន្តិវិធី និងបានគូសបញ្ជាក់ដោយស្នើឱ្យក្រុមហ៊ុនពាំនាំទៅភាគីថៃ នូវជំហររបស់កម្ពុជា ចំពោះការបិទច្រកព្រំដែនជាឯកតោភាគីរបស់ថៃ ពោលគឺធ្វើយ៉ាងណាឱ្យស្ថានភាពវិលត្រឡប់ទៅរកមុនថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៥។

នៅព្រឹកថ្ងៃអង្គារ ទី២២ ខែកក្កដា ឆ្នាំ២០២៥ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក YOSHIHISA Kainuma ប្រធាននិងជានាយកប្រតិបត្តិក្រុមហ៊ុន MinebeaMitsumi Inc. ចូលជួបសម្ដែងការគួរសម នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។
ជាកិច្ចចាប់ផ្តើម សម្ដេចតេជោ បានសម្តែងនូវក្តីរីករាយដែលបានទទួលជួបលោក YOSHIHISA Kainuma និងសហការី ជាថ្មីម្តងទៀត នៅក្នុងរយៈពេលនៃការទំនាក់ទំនងគ្នាអស់រយៈពេលជាង១០ឆ្នាំមកនេះ។ សម្តេចបានសង្កេតឃើញពីការបន្តយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលចំពោះក្រុមហ៊ុន ដែលបានធ្វើការពង្រីកខ្លួន ជាបន្តបន្ទាប់នៅកម្ពុជា។

នាឱកាសជំនួបនេះ លោក YOSHIHISA Kainuma បានគោរពថ្លែងអំណរគុណ និងជាកិត្តិយសដែលបានចូលជួបសម្តែងការគួរសមចំពោះសម្តេចតេជោ សាជាថ្មី។ លោក YOSHIHISA Kainuma បានសម្តែងនូវការអបអរសាទរចំពោះសុខភាពដ៏មាំមួនរបស់សម្តេច និងគោរពថ្លែងអំណរគុណសម្តេច ដែលតែងបានជួយជ្រោមជ្រែង និងធ្វើឱ្យក្រុមហ៊ុន MinebeaMitsumi Inc. ទទួលជោគជ័យក្នុងរយៈពេលជាង១៤ឆ្នាំមកនេះ តាំងពីពេលសម្តេច ធ្វើជានាយករដ្ឋមន្រ្តី។
ជាមួយនឹងការរីកចម្រើននេះ លោក YOSHIHISA Kainuma បានជម្រាបជូនសម្តេចអំពីគម្រោងនៃការបើកសម្ពោធរោងចក្រធំមួយទៀតនៅខេត្តពោធិ៍សាត់ នៅក្នុងខែធ្នូ ឆ្នាំ២០២៥ និងទន្ទឹមនឹងនេះ បានបង្ហាញនូវផលិតផលចុងក្រោយរបស់ក្រុមហ៊ុន ដែលនឹងដាក់ឱ្យចរាចរណ៍នៅលើទីផ្សារអន្តរជាតិនៅឆ្នាំ២០២៦។ ជាមួយគ្នានេះ លោក YOSHIHISA Kainuma បានលើកឡើងអំពីផលប៉ះពាល់នៃការបិទច្រកព្រំដែនរបស់ថៃចំពោះដំណើរការវិនិយោគរបស់ក្រុមហ៊ុនលោក ដូចជាផលលំបាកនៃការដឹកគ្រឿងផ្គុំនៃខ្សែច្រវាក់ផលិតកម្មរបស់ក្រុមហ៊ុនរវាងប្រទេសទាំងពីរជាដើម។

ជាការឆ្លើយតប សម្តេចតេជោ បានសម្តែងនូវក្តីរីករាយ និងមោទនភាពចំពោះវឌ្ឍនភាពរបស់ក្រុមហ៊ុន និងបានរំលឹកអំពីប្រវត្តិនៃការចូលមកឈរជើងនៅកម្ពុជារបស់ក្រុមហ៊ុននេះជាលើកដំបូង ដែលនាពេលនោះមានក្រុមហ៊ុនផ្សេងៗ ចូលមកប្រកួតប្រជែងជាមួយ។ សម្តេចបានគូសបញ្ជាក់ពីគោលការណ៍នៃការស្វាគមន៍ចំពោះក្រុមហ៊ុនវិនិយោគ ដោយក្រុមហ៊ុនណាមកមុន នឹងទទួលបានការស្វាគមន៍មុន មិនថាជាក្រុមហ៊ុនតូច ឬធំនោះទេ។ សម្តេចបានលើកឡើងដោយចង្អុលបង្ហាញថា នៅកម្ពុជា កម្រឃើញមានការទាត់ចោល ឬលុបចោលក្រុមហ៊ុនដែលបានចូលមកដំណើរការនៅកម្ពុជា មិនថាតូចឬធំនោះទេ។ គោលការណ៍នេះបានបង្កទំនុកចិត្តដល់វិនិយោគិននានាចំពោះបរិយាកាសវិនិយោគនៅកម្ពុជា។ នៅក្នុងបរិបទនេះ សម្តេចបានសម្តែងនូវក្តីរីករាយដែលបានឃើញផលិតផលរបស់ក្រុមហ៊ុន ជាមួយនឹងបច្ចេកវិទ្យាចុងក្រោយ “ផលិតនៅកម្ពុជា” (Made in Cambodia)។

សម្តេចបានលើកឡើងថា ការពង្រីករោងចក្រនៅខេត្តពោធិ៍សាត់ គឺជាទិសដៅល្អ ដោយហេតុថាមានហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងការផ្គត់ផ្គង់អគ្គីសនីគ្រប់គ្រាន់។
បន្ថែមពីលើនេះ សម្តេចបានជម្រាបជូនអំពីឫសគល់ និងសកម្មភាពតាមអំពើចិត្តរបស់ថៃ ដែលធ្វើឱ្យមានភាពតានតឹងនៅតាមព្រំដែនកម្ពុជា-ថៃ។ សម្តេចបានលើកឡើងអំពីការអំពាវនាវម្តងហើយម្តងទៀតទៅភាគីថៃថា កុំឱ្យបញ្ហានៅតំបន់ព្រំដែនមួយរីករាលដាលទៅតំបន់ផ្សេង និងពីវិស័យយោធា ទៅវិស័យសេដ្ឋកិច្ច សង្គម និងទេសចរណ៍។ ទោះជាយ៉ាងនេះក្តី ថៃមិនត្រឹមតែបានពង្រីកបញ្ហានេះនោះទេ និងថែមទាំងបានគំរាមកម្ពុជា ដូចជាបញ្ហាអគ្គិសនី អ៊ីនធឺណិត និងប្រេង ឧស្ម័ន និងថ្មីៗនេះ បញ្ហាការដើរជាន់មីនរបស់ទាហានថៃ។ នៅក្នុងន័យនេះ សម្តេចបានជម្រាបអំពីការប្រកាន់គោលជំហររួមរបស់កម្ពុជា ក្នុងការដោះស្រាយបញ្ហាដោយសន្តិវិធី និងបានគូសបញ្ជាក់ដោយស្នើឱ្យក្រុមហ៊ុនពាំនាំទៅភាគីថៃ នូវជំហររបស់កម្ពុជា ចំពោះការបិទច្រកព្រំដែនជាឯកតោភាគីរបស់ថៃ ពោលគឺធ្វើយ៉ាងណាឱ្យស្ថានភាពវិលត្រឡប់ទៅរកមុនថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៥។

ជាមួយគ្នានេះ សម្តេចបានលើកឡើងដោយក្តីសង្ឃឹមថា វាគួរមានដំណោះស្រាយអន្តរកាលមួយចំពោះតែក្រុមហ៊ុនបរទេសវិនិយោគឆ្លងដែន ដើម្បីជួយសម្រួលដល់ដំណើរខ្សែច្រវាក់ផ្គត់ផ្គង់ទៅមករបស់ក្រុមហ៊ុននៅក្នុងការវិនិយោគរបស់ខ្លួន។
នៅចុងបញ្ចប់ សម្តេចតេជោ បានជូនពរលោក YOSHIHISA Kainuma ទទួលបានជោគជ័យបន្ថែមទៀតក្នុងការដឹកនាំក្រុមហ៊ុន៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×