រឿងរ៉ាវមួយដែលបានផ្ទុះឡើងនៅលើបណ្តាញសង្គម កាលពីពេលថ្មីៗ បង្កឲ្យមានការរិះគន់យ៉ាងខ្លាំង ទាក់ទងជំនួយការរបស់អនុរដ្ឋមន្ត្រីក្រសួងមហាផ្ទៃម៉ាឡេស៊ីម្នាក់ ដែលត្រូវបានឃើញនៅក្នុងវីដេអូ ប្រើប្រាស់ទូរស័ព្ទស្មាតហ្វូនលួចថតផ្នែកក្រោមសំពត់ស្ត្រីពេទ្យភ្នែកស្រស់ស្អាតម្នាក់ ហើយបុរសនោះក៏ត្រូវបានបណ្តេញចេញពីការងារទៀតផង សម្រាប់ទង្វើមិនគោរពស្រី្តបែបនេះរបស់គាត់ ។
ទោះយ៉ាងណា អ្នកលេងអ៊ីនធើរណែតម្នាក់ ដែលហាក់លាក់អត្តសញ្ញាណរបស់ខ្លួននៅពីខាងក្រោយឈ្មោះគណនីក្លែងក្លាយមួយ បានផុសបញ្ចេញគំនិតយល់ឃើញរបស់គាត់ អំពីរឿងរ៉ាវផ្ទុះឡើងនេះ ហើយបានធ្វើឲ្យមានភ្ញាក់ផ្អើលហួសចិត្តយ៉ាងខ្លាំងពីអ្នកដទៃ នៅពេលពួកគេបានឃើញការផុសបែបនេះរបស់គាត់ ។ នោះគឺដោយសារតែគាត់បានស្តីបន្ទោសជនរងគ្រោះ ហើយថែមទាំងនិយាយថា វាជាកំហុសនៃការស្លៀកពាក់សំពត់ខើចខ្លី ។
នៅក្នុងសារបង្ហោះរបស់គាត់ បុរសនោះបាននិយាយថា៖ «ប្រសិនបើស្ត្រីនោះពុំស្លៀកសំពត់ខ្លី នោះរឿងរ៉ាវទាំងអស់នេះក៏នឹងមិនកើតមានដែរ ។ កុំបន្ទោសមន្ត្រីនោះ ។ ចូរស្វែងយល់ពីមូលហេតុដែលគាត់ថតវីដេអូលើកទី១ ។ គាត់បានធ្វើវា ព្រោះតែស្ត្រីនោះកំពុងស្លៀកសំពត់ខ្លី ដែលជំរុញឲ្យគាត់ត្រូវធ្វើយ៉ាងដូច្នេះ ។ និយាយបែបនេះ មិនមែនថាខ្ញុំគាំទ្រទង្វើរបស់មន្ត្រីរូបនោះទេ ប៉ុន្តែ ត្រូវធ្វើការស៊ើបអង្កេតជាមុនសិន មុនពេលបញ្ចេញអារម្មណ៍របស់អ្នក» ។
ទោះយ៉ាងណា គណនីហ្វេសប៊ុកនេះ ទទួលការរិះគន់យ៉ាងខ្លាំង ពីសំណាក់អ្នកលេងអ៊ីនធើរណែតដទៃ ដែលនិយាយថា មនុស្សបែនេះ គឺកំពុងតែលើកទឹកចិត្តវប្បធម៌រំលោភផ្លូវភេទ ហើយដាក់ការស្តីបន្ទោសទៅលើជនរងគ្រោះតែម្តង ។ ទន្ទឹមនោះផងដែរ ពួកគេក៏បាននិយាយថា ស្ត្រីទាំងអស់គួរតែមានសេរីភាពក្នុងការស្លៀកពាក់ នូវអ្វីក៏ដោយដែលពួកគាត់ចង់ ហើយវាអាស្រ័យទៅលើបុរសចេះគ្រប់គ្រងអារម្មណ៍ខ្លួនឯង និងកុំទៅបៀតបៀនខ្លួនប្រាណរបស់នាង វាគ្មានបញ្ហាអ្វីកើតឡើងនោះឡើយ ។
យ៉ាងណាមិញ អត្តសញ្ញាណនៃមនុស្សនេះ ពុំអាចកំណត់បានទេ ព្រោះគ្មានរូបថតពិតណាមួយបញ្ជាក់ឲ្យលាស់ នៅក្នុងខោនដែលបានផុស ៕ ចន្ទី (worldofbuzz)