Wednesday, July 23, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រាជរដ្ឋាភិបាលកម្ពុជា ចាត់ទុកកុមារជាអ្នកបន្តវេនរបស់ប្រទេសជាតិ ដូចពាក្យស្លោកថា “កុមារជាទំពាំងស្នងឫស្សី” និង “កុមារជាសសរទ្រូងសម្រាប់ប្រទេសជាតិ”

កណ្តាល ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “មណ្ឌលផ្កាឈូករបស់អង្គភាពការពារកុមារ នៃអង្គការមូលនិធិកុមារកម្ពុជា” ដែលមានទីតាំងក្រុងតាខ្មៅ ខេត្តកណ្តាល នាព្រឹកថ្ងៃពុធ ទី២៣ ខែកក្កដា ឆ្នាំ២០២៥ ថា៖ រាជរដ្ឋាភិបាលកម្ពុជា ចាត់ទុកកុមារជាអ្នកបន្តវេនរបស់ប្រទេសជាតិ ដូចពាក្យស្លោកថា “កុមារជាទំពាំងស្នងឫស្សី” និង “កុមារជាសសរទ្រូងសម្រាប់ប្រទេសជាតិ”, ព្រមទាំងបានផ្តល់សច្ចាប័នអន្តរជាតិជាច្រើន ជាអាទិ៍៖ (១). អនុសញ្ញាស្តីពីសិទ្ធិកុមារនៅឆ្នាំ១៩៩២, (២). អនុសញ្ញាលេខ១៣៨ ស្តីពីការកម្រិតអាយុអប្បបរមាសម្រាប់ការចូលធ្វើការនៅឆ្នាំ១៩៩៩, (៣). ពិធីសារបន្ថែមស្តីពីការចូលរួមរបស់កុមារក្នុងជម្លោះប្រដាប់អាវុធ, (៤). ពិធីសារស្តីពីការជួញដូរកុមារ ការធ្វើពេស្យាកម្មកុមារ និងរូបភាពអាសអាភាសកុមារ នៅឆ្នាំ២០០២, (៥). អនុសញ្ញាលេខ១៨២ ស្តីពី ការហាមប្រាម និង សកម្មភាពបន្ទាន់សម្រាប់ការលុបបំបាត់ទម្រង់ធ្ងន់ធ្ងរនៃពលកម្មកុមារ នៅឆ្នាំ២០០៥, និង (៦). អនុសញ្ញាក្រុងឡាអេស្តីពីការការពារកុមារ និងសហប្រតិបត្តិការទាក់ទងនឹងស្មុំកូនអន្តរប្រទេស នៅឆ្នាំ២០០៧ ជាដើម ។

ក្នុងឱកាសនោះដែរ, សម្ដេចបវរធិបតី នាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ ជូនបងប្អូនប្រជាពលរដ្ឋនូវការប្តេជ្ញាចិត្តដ៏មោះមុត ក្នុងការប្រយុទ្ធប្រឆាំងចំពោះអំពើរំលោភបំពានគ្រប់រូបភាព សំដៅលើកស្ទួយសុខុមាលភាពប្រជាពលរដ្ឋ, ជាពិសេស ស្រ្តី និង កុមារ ដែលជាជនងាយរងគ្រោះបំផុត និងសូមអំពាវនាវដល់គ្រប់ក្រសួងស្ថាប័ន, អាជ្ញាធរគ្រប់លំដាប់ថ្នាក់, វិស័យឯកជន, សង្គមស៊ីវិល, ដៃគូអភិវឌ្ឍ, អង្គការជាតិ-អន្តរជាតិ សូមបង្កើនការចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងអំពើរំលោភបំពានគ្រប់រូបភាពនៅទូទាំងប្រទេសកម្ពុជា ។

សម្ដេចបវរធិបតី នាយករដ្ឋមន្ត្រី បានរំលេចអំពីការដាក់ចេញនូវគោលនយោបាយ និង លិខិតបទដ្ឋានគតិយុត្តជាច្រើន របស់រាជរដ្ឋាភិបាល ដើម្បីគាំពារ និង លើកកម្ពស់សុខុមាលភាពកុមារកម្ពុជា។ ជាក់ស្តែង, រាជរដ្ឋាភិបាលបានបង្កើតក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ ក្នុងឆ្នាំ២០០៩ និង ដាក់ចេញនូវគោលនយោបាយជាតិស្តីពីប្រព័ន្ធកិច្ចការពារកុមារ ឆ្នាំ២០១៩-២០២៩ ក្នុងឆ្នាំ២០២០ ជាមួយចក្ខុវិស័យ «ធានាឱ្យកុមារគ្រប់រូបនៅក្នុងព្រះរាជាណាចក្រកម្ពុជា ទទួលបានសិទ្ធិស្មើៗគ្នា ដូចមានចែងនៅក្នុងអនុសញ្ញាស្តីពីសិទ្ធិកុមារ និង ពិធីសារបន្ថែម, មានសិទ្ធិរស់រានមានជីវិត សិទ្ធិទទួលបាននូវការការពារ សិទ្ធិអភិវឌ្ឍ និង សិទ្ធិចូលរួម », និង គោលបំណង «ពង្រឹងការអនុវត្តប្រព័ន្ធកិច្ចការពារកុមារមានលក្ខណៈគ្រប់ជ្រុងជ្រោយ និង ប្រទាក់ក្រឡាគ្នា ពីគ្រប់ភាគីពាក់ព័ន្ធ សំដៅឆ្លើយតបទៅនឹងកិច្ចការពារកុមារពីការរំលោភបំពាន និង ការកេងប្រវ័ញ្ចគ្រប់ទម្រង់ ដើម្បីជាឧត្តមប្រយោជន៍របស់កុមារ» ។ ថ្មីៗនេះ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញផែនការសកម្មភាពជាតិស្តីពីការទប់ស្កាត់ និងឆ្លើយតបចំពោះអំពើហិង្សាលើកុមារឆ្នំា២០២៥-២០៣០។ ក្នុងនោះ, ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ បាន និង កំពុង ដើរតួនាទីជាយន្តការសម្របសម្រួល និង ផ្តល់យោបល់ជូនរាជរដ្ឋាភិបាល លើការងារទាក់ទងនឹងការរស់រានមានជីវិត, ការអភិវឌ្ឍ, ការការពារ, ការលើកកម្ពស់សុខុមាលភាព និង ការចូលរួមចំណែក របស់កុមារ ។

មុននឹងបញ្ចប់, សម្ដេចបវរធិបតី នាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា៖ រាជរដ្ឋាភិបាលកម្ពុជា យកចិត្តទុកដាក់ខ្ពស់សម្រាប់អង្គការក្រៅរដ្ឋាភិបាល និងដៃគូ ដែលធ្វើការពិតប្រាកដ នៅកម្ពុជា។ ជាក់ស្ដែង, អង្គភាពការពារកុមារ នៃអង្គការមូលនិធិកុមារកម្ពុជា គឺជាសមិទ្ធផលនៃកិច្ចសហប្រតិបត្តិការ រវាងអគ្គស្នងការដ្ឋាននគរបាលជាតិ និង អង្គការមូលនិធិកុមារកម្ពុជា ។ អង្គភាពការពារកុមារនេះ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១៣ ជាមួយគោលបំណងផ្តល់ការជ្រោមជ្រែងគ្រប់ជ្រុងជ្រោយនៅក្នុងកិច្ចការស៊ើបអង្កេត និង កិច្ចការគាំពារកុមាររងគ្រោះ ដោយសារបទល្មើស, បៀតបៀន, កេងប្រវ័ញ្ច និង ជួញដូរ ។ លើសពីនេះ, អង្គភាពការពារកុមារ មានចក្ខុវិស័យវែងឆ្ងាយ មានបេសកកម្មច្បាស់លាស់ និង គុណតម្លៃត្រឹមត្រូវ ដែលបាន និង កំពុងដើរតួនាទីជាត្រីវិស័យ សម្រាប់ដឹកនាំអង្គភាពនេះ ឱ្យទទួលបានជោគជ័យជាបន្តបន្ទាប់ ក្នុងការគាំពារកុមារកម្ពុជា, តាមរយៈ ការផ្តល់សេវាកម្មស៊ើបអង្កេត និង សេវាកម្មគាំពារកុមាររងគ្រោះ ដោយសារអំពើរំលោភបំពាននានា ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×