ភ្នំពេញ ៖ ខណៈពេលដែលសម្តេចក្រុមព្រះនរោត្តម រណឫទ្ធិ ព្រះប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច ដែលកំពុងសម្រាកព្យាបាលសុខភាព នៅក្រៅប្រទេស កាលពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៨ បានសេចក្តីសម្រេចមួយ តែងតាំងបុត្ររបស់ព្រះអង្គ គឺព្រះអង្គម្ចាស់ នរោត្តម ចក្រាវុឌ្ឍ ជាប្រធានស្តីទី របស់គណបក្សរាជានិយមហ្វ៊ុនស៊ិនប៉ិច។
ពាក់ព័ន្ធនឹងគណបក្សហ្វ៊ុនស៊ិនប៉ិច សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចេញលិខិតមួយច្បាប់ ទូលថ្វាយសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច ស្តីពីការតែងតាំងព្រះប្រធានស្តីទីគណបក្ស។
ក្រសួងមហាផ្ទៃ បានបញ្ជាក់ថា ការតែងតាំងព្រះអង្គម្ចាស់ នរោត្តម ចក្រាវុឌ្ឍ ជាប្រធានស្តីទីគណបក្សហ្វ៊ុនស៊ិនប៉ិច មិនត្រឹមត្រូវតាមលក្ខន្តិកៈរបស់គណបក្សហ្វ៊ុនស៊ិនប៉ិច ដែលតម្កល់ទុកនៅក្រសួងមហាផ្ទៃនោះទេ ដូច្នេះសូមគណបក្សហ្វ៊ុនស៊ិនប៉ិច ពិនិត្យនិងអនុវត្តឲ្យបានត្រឹមត្រូវតាមលក្ខន្តិកៈរបស់ខ្លួន។
តាមលិខិតរបស់សម្តេចក្រឡាហោម ស ខេង បានឱ្យដឹងថា ក្រសួងមហាផ្ទៃបានទទួលរួចហើយ នូវសេចក្តីសម្រេច លេខពិសេស ចុះថ្ងៃទី៨ខែសីហា ឆ្នាំ២០១៨ របស់គណបក្សហ្វ៊ុនស៊ិនប៉ិច ដែលបានសម្រេចតែងតាំង ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុឌ្ឍ ជាព្រះប្រធានស្តីទីគណបក្សហ្វ៊ុនស៊ិនប៉ិច។ ពាក់ព័ន្ធនឹងករណីនេះ ក្រសួងមហាផ្ទៃ ស្នើឲ្យគណបក្សហ្វ៊ុនស៊ិនប៉ិច ពិនិត្យ និងអនុវត្តឲ្យបានត្រឹមត្រូវ តាមលក្ខន្តិកៈ របស់គណបក្ស ដែលបានតម្កល់ទុកនៅក្រសួងមហាផ្ងៃ។
បើតាមលក្ខន្តិកៈរបស់គណបក្សហ្វ៊ុនស៊ិនប៉ិច បានឱ្យដឹងថា ក្នុងករណីដែលប្រធានគណបក្សអវត្តមាន ឬមកធ្វើការពុំបានដោយប្រកាណាមួយ អនុប្រធានត្រូវបំពេញកិច្ចការជំនួស ប្រធានគណបក្សជាប្រធានស្តីទីតាមរយៈលិខិតផ្ទេរសិទ្ធិ។ ក្នុងករណីប្រធានសក្តិ គណៈកម្មាធិការនាយកត្រូវរៀបចំកោះប្រជុំសមាជ ដើម្បីជ្រើសតាំងប្រធានគណបក្សក្នុងរយៈពេល៦០ថ្ងៃយ៉ាងយូរ៕ ដោយ ៖ បញ្ញាស័ក្តិ