ខេត្តស្វាយរៀង ៖ លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀងនៅថ្ងៃពុធ ០៣កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨នេះបានចូលរួមជាមួយលោក ផាម វ៉ាន់តឹន អនុលេខាបក្ស និងជាប្រធានគណៈកម្មាធិការប្រជាជនខេត្តតៃនិញ នៃសាធារណរដ្ឋសង្គមនិយមវៀតណាមបានអញ្ជើញជាសក្ខីភាពក្នុងពិធីចុះអនុស្សរណៈយោគយល់គ្នាលើកិច្ចសហប្រតិបត្តិការ រវាងសហភាពសហព័ន្ធយុជនកម្ពុជាខេត្តស្វាយរៀង ដឹកនាំដោយលោកឌី វិជ្ជា និងសមាគមសម្ព័ន្ធយុវជនវៀតណាម ខេត្តតៃនិញ ដឹកនាំដោយលោក វ៉ គួកខាញ់ ដែលប្រារព្ធធ្វើនៅខេត្តតៃនិញ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ។
ពិធីនេះក៏មានការអញ្ជើញចូលរួមពីលោកប្រធានក្រុមប្រឹក្សាប្រជាជនខេត្តតៃនិញ លោក តូច ប៉ូលីវ៉ា អភិបាលរងខេត្ត និងជាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តស្វាយរៀង លោក ទុំ សារាវុធ លោក ហួត ឃាងវេង អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តស្វាយរៀង លោក លោកស្រីជាថ្នាក់ដឹកនាំយុវជន ព្រមទាំងយុវជន យុវនារី នៃសហភាពសហព័ន្ធយុជនកម្ពុជាខេត្តស្វាយរៀង និងសមាគមសម្ព័ន្ធយុវជនវៀតណាម ខេត្តតៃនិញ ជាច្រើនរូបទៀត ។
មានប្រសាសន៍ក្នុងឱកាសនោះ លោក ម៉ែន វិបុល អភិបាល ខេត្តស្វាយរៀង បានចូលរួមអបអរសាទរ និងសម្ដែងនូវការគាំទ្រ ចំពោះអនុស្សរណៈយោគយល់គ្នាលើកិច្ចសហប្រតិបត្តិការ រវាងអង្គភាពយុវជននៃខេត្តទាំងពីរនៅថ្ងៃនេះ ហើយក្នុងនាមអាជ្ញាធរខេត្តស្វាយរៀង លោកអភិបាលខេត្ត បានចាត់ទុកថានេះជាគំនិតផ្ដួចផ្ដើមដែលឆ្លុះបញ្ចាំងឲ្យឃើញអំពីឆន្ទៈដ៏មុះមុតប្រកបដោយគំនិតច្នៃប្រឌិតរបស់យុវជន ក្នុងការគាំទ្រ និងរួមចំណែកជាមួយរដ្ឋាភិបាលប្រទេសទាំងពីរក្នុងការបន្តពួនជ្រំនូវប្រពៃណីទំនាក់ទំនងសាមគ្គីភាព មិត្តភាព និងសហប្រតិបត្តិការលើគ្រប់វិស័យ រឹងមាំ គង់វង្ស យូរអង្វែង ។
ជាមួយនេះ លោក ម៉ែន វិបុល អភិបាលខេត្ត ក៏បានបង្ហាញនូវសុទិដ្ឋិនិយមយ៉ាងវិជ្ជមានចំពោះកិច្ចសហប្រតិបត្តិការនេះ ផងដែរ ៕
ដោយ ៖ វ៉ៃកូ