Thursday, July 31, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រធានរដ្ឋសភាកម្ពុជានិងគុយបា សន្យាខិតខំពង្រឹងកិច្ចសហប្រតិបត្តិការនិងបន្តគំាទ្រគ្នាទៅវិញទៅមកទំាងក្របខ័ណ្ឌទ្វេភាគីនិងពហុភាគី

សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃអង្គារទី២៩ ខែ កក្កដា ឆ្នាំ២០២៥ នៅក្នុងទីក្រុងហ្សឺណែវ ប្រទេសស្វីស បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម Esteban Lazo Hernández ប្រធានរដ្ឋសភានៃសាធារណរដ្ឋគុយបា។
ជំនួបពិភាក្សានេះ បានលើកឡើងពីទំនាក់ទំងដ៏ល្អរវាងកម្ពុជានិងគុយបា ដែលមកដល់ពេលនេះ ឈានដល់ខួបទី៦៥ឆ្នាំ នៃចំណងមិត្តភាព ដោយឈរលើស្មារតីមិត្តភាពស្មោះត្រង់ និងការជឿជាក់គ្នាទៅវិញទៅមក បានផ្តល់ផលប្រយោជន៍ ជាច្រើនដល់ប្រទេសទំាងពីរ និងសកលលោកផងដែរ។ នៅក្នុងបរិបទដែលស្ថានការណ៍សកលលោកមានការប្រែប្រួលមិនទៀងទាត់ ជម្លោះភូមិសាស្រ្តនយោបាយ សេដ្ឋកិច្ច គួបផ្សំនិងការកើតឡើងនូវបញ្ហាសន្តិសុខមិនប្រពៃណី មានការប្រែប្រួលអាកាសធាតុ ជំងឺរាតត្បាតជាដើមនោះ ទាមទារឱ្យប្រទេសទំាងពីរពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យបន្ថែមទៀត ដើម្បីកាត់បន្ថយហានិភ័យ ជូនពលរដ្ឋ កសាងសុខសន្តិភាព ស្ថិរភាពសង្គម ប្រកបដោយសមធម៌និងបរិយាប័ន្ន។ នៅក្នុងជំនួបពិភាក្សាការងារនេះ ភាគីទំាងពីរក៏បានលើកឡើងពីការជំរុញ ការវិនិយោគ ពាណិជ្ជកម្មនិងទេសចរណ៍ រវាងប្រទេសទំាងពីរបន្ថែមទៀតផងដែរ។
សម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា កម្ពុជាពិតជាមានមោទនភាព ដែលថ្នាក់ដឹកនាំ ក៏ដូចជាប្រជាពលរដ្ឋនៃប្រទេសទាំងពីរបានបន្ដថែរក្សា ពូនជ្រំ មរតកនៃទំនាក់ទំនងដ៏ល្អនេះ តាំងពីថ្នាក់ដឹកនាំជំនាន់មុន រហូតដល់ថ្នាក់ដឹកបច្ចុប្បន្ន និងតទៅជំនាន់ក្រោយៗទៀត ទាំងក្នុងក្របខណ្ឌសភា រដ្ឋាភិបាល និងបក្ស ថែមទៀតផង។ ថ្នាក់ដឹកនាំជំនាន់ថ្មីនៅកម្ពុជា នៅតែប្តេជ្ញាបន្តប្រកាន់ខ្ជាប់នូវទស្សនវិស័យ ក្នុងការបន្ដកិច្ចសហប្រតិបត្ដិការល្អ និងទំនាក់ទំនងជាប្រវត្ដិសាស្រ្ដនេះ និងគាំទ្រគ្នាទៅវិញទៅមកនៅក្នុងវេទិកាពហុភាគីនានាសំដៅរួមចំណែកថែរក្សាសុខសន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់ និងសកលលោក។
សម្តេចប្រធានរដ្ឋសភា មានជំនឿយ៉ាងមុតមាំថា ជាមួយនឹងការដឹកនាំប្រកបដោយគតិបណ្ឌិត បញ្ញាឈ្លាសវៃ និងចក្ខុវិស័យច្បាស់លាស់ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំ នៃប្រទេសកម្ពុជា នឹងធ្វើឱ្យកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទំាងពីរកម្ពុជា -គុយបា ទំាងស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ ត្រូវបានលើកកម្ពស់ និងពង្រីកកាន់តែទូលំទូលាយ ផ្អែកលើការជឿទុកចិត្តគ្នា គាំទ្រគ្នា គោរពគ្នាទៅវិញទៅមក និងនាំមកនូវផលប្រយោជន៍រួម សម្រាប់ប្រជាជនទាំងសងខាងបន្ថែមទៀត។
ឯកឧត្តមប្រធានរដ្ឋសភាគុយបា បានអបអរសាទរបទឈប់បាញ់ តាមស្មារតីនៃកិច្ចព្រមព្រៀងរវាងកម្ពុជានិងថៃ ។ ជាមួយគ្នានេះសាធារណរដ្ឋគុយបានឹងបន្តសង្កេតការណ៍ដោយយកចិត្តទុកដាក់លើករណីនេះហើយប្តេជ្ញាបន្តគំាទ្រកម្ពុជាជានិច្ចនៅលើឆាកអន្តរជាតិ៕រក្សាសិទ្ធដោយ៖សុទ្ធលី

×