ភ្នំពេញ ៖ ឯកឧត្តមនេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន នៅថ្ងៃទី៣១ខែកក្កដានេះ បានថ្លែងសារអរគុណក្លឹបអ្នកកាសែតកម្ពុជាដែលបានចូលរួមជាមួយក្រសួងព័ត៌មាន ក្នុងការប្រយុទ្ធប្រឆាំង នឹងព័ត៌មានក្លែងក្លាយ ព័ត៌មានក្លែងបន្លំ (Disinformation) និងព័ត៌មានបំភ្លៃ (Malinformation) ដែលបង្កើតឡើងដោយរោងចក្រផលិត ព័ត៌មានក្លែងក្លាយថៃមួយចំនួនក្នុងនោះដូចជា Khaosod English, The Nation Thailand ដែលបានប្រឌិតព័ត៌មានបំពុលសង្គម និងបំភ្លៃខុសពីការពិតទាក់ទងនឹងជម្លោះព្រំដែនកម្ពុជានិងថៃ។
ឯកឧត្តមនេត្រ ភក្រ្តា បានថ្លែងបន្តទៀតថា ការនេះសូម្បីតែតំណាងរាស្ត្ររបស់ខ្លួនក៏បានលើកឡើងថាសូមកុំជឿព័ត៌មានក្លែងក្លាយដែលផលិតដោយប្រព័ន្ធផ្សព្វផ្សាយថៃដែលស្ថិតនៅក្រោមការចាត់តាំងច្បាស់លាស់មួយ។
ជាមួយគ្នា នេះ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងព័ត៌មាន ក៏សូមថ្លែងនូវការកោតសរសើរក្លឹបអ្នកកាសែតកម្ពុជាដែលបានអនុវត្តវិជ្ជាជីវៈខ្ពស់ និងបានចូលរួមចំណែកក្នុងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ផ្សព្វផ្សាយពីព័ត៌មានពិតដល់ប្រជាជន និងពិភពលោកបានដឹងពីការពិត។ សូមអរគុណប្រព័ន្ធផ្សព្វផ្សាយជាតិនិងអន្តរជាតិដែលបានខិតខំរួមគ្នាប្រឆាំងនឹង«យុទ្ធសាស្ត្រកខ្ខក់-យុទ្ធសាស្ត្រព័ត៌មានបំភ្លៃបំផ្លើស មួលបង្កាច់កម្ពុជា»។ បច្ចុប្បន្ននេះ ការពិតត្រូវបានបង្ហាញ និងការពិតឈ្នះការភូតកុហក។ កម្ពុជានិយាយការពិតទៅកាន់ពិភពលោក តាមរយៈគ្រប់មធ្យោបាយ ក្នុងនោះប្រព័ន្ធផ្សព្វផ្សាយព័ត៌មានបានដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់ការពិត ព័ត៌មានត្រឹមត្រូវ និងព័ត៌មានដែលបានផ្ទៀងផ្ទាត់ប្រភពច្បាស់លាស់ និងមិនមែនជា រោងចក្រផលិតព័ត៌មានក្លែងក្លាយ!៕ រក្សាសិទ្ធដោយ៖សុទ្ធលី


