Saturday, August 2, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាជ្ញាធរជាតិអប្សរា និងអគ្គកុងស៊ុលចិន បើកសម្ពោធស្ពានហាលផ្នែកខាងកើតនៃប្រាសាទបេងមាលា ឱ្យដំណើរការសម្រាប់ភ្ញៀវទេសចរ

សៀមរាប ៖ ឯកឧត្តម ហង់ ពៅ អគ្គនាយកនៃអាជ្ញាធរជាតិអប្សរា និងលោក Lu Qizhi អគ្គកុងស៊ុលចិនប្រចាំខេត្តសៀមរាប បានអញ្ជើញជាអធិបតីនៃពិធីបើកសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវស្ពានហាលខាងកើតរបស់ប្រាសាទបេងមាលា នៅព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥។

ស្ពានហាលខាងកើតរបស់ប្រាសាទបេងមាលាដែលធ្លាប់តែរងការខូចខាត គឺបានជួសជុលរួចរាល់ជាស្ថាពរហើយ ក្រោមជំនួយថវិកាពីមូលនិធិពិសេសមេគង្គ-ឡានឆាង របស់រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន។
លោក Lu Qizhi អគ្គកុងស៊ុលចិនប្រចាំខេត្តសៀមរាប បានថ្លែងនៅក្នុងពិធីបើកសម្ពោធដាក់ស្ពានហាលខាងកើតរបស់ប្រាសាទបេងមាលា ឱ្យប្រើប្រាស់នោះថាគម្រោងជួសជុលនេះ គឺជាកិច្ចសហការរវាងក្រុមចិននិងកម្ពុជា ដើម្បីបន្តដំណើរការនៃការអភិរក្ស និងការជួសជុលប្រាសាទបុរាណឡើងវិញ។ លោកថា រដ្ឋាភិបាលចិនបញ្ចប់ជំនួយតែត្រឹមការជួសជុលស្ពានហាលផ្នែកខាងកើតរបស់ប្រាសាទបេងមាលាប៉ុណ្ណោះទេគឺរដ្ឋាភិបាលចិនបានអនុម័តលើគម្រោងឧបត្ថម្ភដំណាក់កាលទី២រួចហើយ ដើម្បីបន្តគាំទ្រដល់ការអភិរក្ស និងការស្តារឡើងវិញនៅប្រាសាទបេងមាលាទាំងមូលបន្ថែមទៀត។

ចំណែកឯកឧត្តម ហង់ ពៅ អគ្គនាយកនៃអាជ្ញាធរជាតិអប្សរា បានថ្លែងថា ក្នុងនាមឯកឧត្តម ដែលតំណាងឱ្យបុគ្គលិក មន្ត្រីនៃអាជ្ញាធរជាតិអប្សរា និងប្រជាពលរដ្ឋខ្មែរនៅទូទាំងប្រទេស គឺសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ដែលបានយកចិត្តទុកដាក់ជួយជួសជុលប្រាសាទបេងមាលា។ ឯកឧត្តមបន្ថែមថា ជាច្រើនឆ្នាំមកនេះ រដ្ឋាភិបាលចិនមិនត្រឹមតែយកចិត្តទុកដាក់ជួយជួសជុលប្រាសាទបេងមាលាប៉ុណ្ណោះទេ គឺបានទាំងជួយជួសជុលប្រាសាទបុរាណខ្មែរជាច្រើន នៅតំបន់អង្គរ ដូចជា ប្រាសាទចៅសាយទេវតា ប្រាសាទតាកែវ និងបច្ចុប្បន្នកំពុងជួសជុលនៅប្រាសាទភិមានអាកាសជាដើម។

ឯកឧត្តម ហង់ ពៅ បញ្ជាក់ទៀតថា ការណ៍ដែលរដ្ឋាភិបាលចិនយកចិត្តទុកដាក់ ព្រមទាំងចំណាយថវិកាជួយជួសជុលប្រាសាទខ្មែរជាច្រើននេះ បានបង្ហាញឱ្យពិភពលោកឃើញថា ចិនបានឱ្យតម្លៃដល់បេតិកភណ្ឌវប្បធម៌ ដែលជាសម្បត្តិវប្បធម៌របស់មនុស្សជាតិយ៉ាងខ្លាំង ដែលខុសពីមនុស្សអគតិមួយចំនួនដូចជា កងទ័ពថៃដែលបានបំផ្លាញសម្បត្តិបេតិកភណ្ឌរបស់ខ្មែរ ជាប្រាសាទបុរាណនៅតាមព្រំដែនកម្ពុជា-ថៃ មានប្រាសាទព្រះវិហារជាដើម៕រក្សាសិទ្ធដោយ៖សុទ្ធលី

×