Monday, August 11, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងធនធានទឹក ៖ នៅក្នុងសប្តាហ៍នេះ ភ្លៀងនឹងបន្តធ្លាក់ដោយមានបរិមាណ ថយចុះលាយឡំជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ ក្នុងបរិមាណពីតិចទៅមធ្យមដែលគ្របដណ្ដប់ស្ទើរទូទាំងប្រទេស

ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម ចេញព្រឹត្តិបត្រព័ត៌មាន ស្ដីពីការព្យាករធាតុអាកាសប្រចាំសប្តាហ៍ចាប់ពីថ្ងៃទី១២ ដល់ទី១៩ ខែសីហា ឆ្នាំ២០២៥។
យោងតាមការអង្កេត ពិនិត្យ និងវិភាគលើស្ថានភាពធាតុអាកាស និងអាកាសធាតុនៅក្នុងតំបន់ និង ព្រះរាជាណាចក្រកម្ពុជា ក្រសួងធនធានទឹក និងឧតុនិយម សូមជម្រាបជូនដំណឹងដល់សាធារណជនឱ្យបានជ្រាបថា ព្យុះទី១១ឈ្មោះ ផដាល(Podul)T2511 ក្នុងឆ្នាំ២០២៥ នៅតែបន្តមានឥទ្ធិពលលើសមុទ្រអានដាមម៉ន ឈូងសមុទ្រថៃ អាងទន្លេមេគង្គ លើរបបខ្យល់មូសុងនិរតី និងព្រះរាជាណាចក្រកម្ពុជា។ ព្យុះ ផដាល នេះ ពុំមានឥទ្ធិពលខ្លាំងមកលើ ព្រះរាជាណាចក្រកម្ពុជានោះទេ។

ស្ថានភាពបែបនេះនឹងធ្វើឱ្យចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៩ខែសីហា ឆ្នាំ២០២៥៖ ១.តំបន់វាលទំនាប៖ សីតុណ្ហភាពមធ្យមអប្បបរមា២៤°C និងសីតុណ្ហភាពមធ្យមអតិបរមា៣៥oC ។

ខេត្តកំពង់ធំ បន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង ស្វាយរៀង តាកែវ កណ្ដាល សៀមរាប និងរាជធានីភ្នំពេញ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្ដប់លើផ្ទៃដី២៥%។ ២.តំបន់ខ្ពង់រាប៖ សីតុណ្ហភាពមធ្យមអប្បបរមា២៣°C និងសីតុណ្ហភាពមធ្យមអតិបរមា៣៦°C ។

ខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ជួរភ្នំដងរែក និងតំបន់ជួរភ្នំក្រវាញ អាចមាន ភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្ដប់លើផ្ទៃដី៣០%។

៣.តំបន់មាត់សមុទ្រ៖ សីតុណ្ហភាពមធ្យមអប្បបរមា២៣°C និងសីតុណ្ហភាពមធ្យមអតិបរមា៣៤°C។ ខេត្តកំពត កោះកុង ព្រះសីហនុ កែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់ គ្របដណ្តប់លើ ផ្ទៃដី៣៥% ។ រលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា ០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា ១,៥០ម៉ែត្រ៕
យោងលើការព្យាករដូចបានជម្រាបជូនខាងលើ នៅក្នុងសប្តាហ៍នេះ ភ្លៀងនឹងបន្តធ្លាក់ដោយមានបរិមាណ ថយចុះលាយឡំជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ ក្នុងបរិមាណពីតិចទៅមធ្យមដែលគ្របដណ្ដប់ស្ទើរទូទាំងប្រទេស៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×