រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធី សំណេះសំណាលជាមួយអាចារ្យ អាចារិនី ទូទាំងប្រទេសលើកទី១០ ដែលប្រព្រឹត្តទៅនៅ វិទ្យាស្ថានជាតិអប់រំ ដោយមានការចូលរួមពីសំណាក់ ឯកឧត្តមបណ្ឌិត ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងធម្មការនិងសាសនា និងមន្ត្រីពាក់ព័ន្ធក្រោមឱវាទ លោកគ្រូឧទ្ទេសាចារ្យ អាចារ្យ អាចារិនី សរុបចំនួន ១០០០នាក់។
តាមរយៈសុន្ទរកថាស្វាគមន៍ ឯកឧត្តមបណ្ឌិត ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា បានឱ្យដឹងថា ពិធីជួបជុំដែលប្រារព្ធធ្វើនាពេលនេះ កើតចេញពីមនុញ្ញផល នៃសុខសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍលើគ្រប់វិស័យរបស់សង្គមជាតិ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយ និងភាពប្រាកដនិយម របស់សម្តេចមហសបវរធិបតី នាយករដ្ឋមន្ត្រី និងការរួមចំណែកគាំទ្រពីភាគីពាក់ព័ន្ធនានា បានធ្វើឱ្យសាសនា ប្រពៃណី ទំនៀមទម្លាប់របស់ខ្មែរយើង រក្សាបានយ៉ាងខ្ជាប់ខ្ជួននូវអត្តសញ្ញាណរបស់ខ្លួន រហូតមកទល់បច្ចុប្បន្ននេះ។ តបតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី នៃកម្ពុជា ក្រសួងធម្មការនិងសាសនា បាននិងកំពុងរៀបចំបង្កើតសមាគមអាចារ្យឡើងវិញ និងបន្តការបើកវគ្គបណ្តុះបណ្តាលតម្រង់ទិសអាចារ្យ អាចារិនីខ្មែរឱ្យមានការឯកភាពគ្នាក្នុងការដឹកនាំពិធីកម្មនានា តាមទម្រង់ទំនៀមទម្លាប់ប្រពៃណីរក្សាឱ្យបាននូវអត្តសញ្ញាណជាតិ អភិរក្សមរតកវប្បធម៌ខ្មែរ ដើម្បីបញ្ចៀសវិបត្តិអាចារ្យក្នុងកម្ពុជា។
បន្ទាប់ពីស្ដាប់សុន្ទរកថាស្វាគមន៍របស់ ឯកឧត្តមបណ្ឌិត រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា រួចមក តាងនាមរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី សូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង របស់ក្រសួងធម្មការ និងសាសនា ដែលបានពង្រីងតួនាទីភារកិច្ច និងក្រមសីលធម៌ដល់អាចារ្យ អាចារិនីខ្មែរតាមគ្រប់រូបភាព ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងជាប្រធានព្រឹទ្ធសភានៃកម្ពុជា ដើម្បីឈានឆ្ពោះទៅរកការឯកភាពជាធ្លុងមួយទាំងខាងទស្សនៈ គោលជំហរ និងការប្រតិបត្តិ ក្នុងការងារដឹកនាំពិធីកម្មសាសនា និងទំនៀមទម្លាប់ប្រពៃណី ជាពិសេសការរៀបចំពិធីជួបជុំប្រចាំឆ្នាំនាពេលនេះ។ ពុទ្ធិដែលកើតចេញពីការពិភាក្សា និងការផ្លាស់ប្តូរនេះ មិនត្រឹមតែជាកត្តាគន្លឹះក្នុងការថែរក្សា និងអភិរក្សប្រពៃណី ទំនៀមទម្លាប់របស់ខ្មែរឱ្យគ្រប់ជ្រុងជ្រោយប៉ុណ្ណោះទេ ប៉ុន្តែជាស្មារតីរួមមួយ ដែលជួយពង្រឹងវិបុលភាពសង្គម វប្បធម៌សន្តិភាព និងសុខដុមរមនាសម្រាប់ប្រទេសជាតិយើងផងដែរ។
ដើម្បីចូលរួមលើកកម្ពស់ និងពង្រឹងការប្រតិបត្តិនឿសាសនា កិច្ចប្រតិបត្តិតាមលំនាំប្រពៃណី ទំនៀមទម្លាប់ខ្មែរ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី សូមយកឱកាសនេះ ចូលរួមចំណែកនូវអនុសាសន៍មួយចំនួន រួមមាន៖
១) អាចារ្យ អាចារិនីទាំងអស់ ត្រូវមានសាមគ្គីភាព កិច្ចសហការ និងទំនាក់ទំនងល្អជាមួយគណៈកម្មការវត្ត ចៅអធិការវត្ត ព្រមទាំងព្រះមេគណ ព្រះអនុគណ មន្ទីរធម្មការ និងសាសនារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាជ្ញាធរមូលដ្ឋាន និងពុទ្ធបរិស័ទមិនប្រកាន់បក្សពួក និងរើសអើងវណ្ណៈសង្គម ធ្វើយ៉ាងណាកុំឱ្យមានអធិករណ៍កើតឡើងនៅក្នុងវត្ត ឬក្នុងមូលដ្ឋានរបស់ខ្លួន។
២) សូមចូលរួមរៀបចំវត្តអារាមឱ្យមានសោភ័ណភាពល្អ ស័ក្តិសមជាទីកន្លែងគោរសក្ការៈ និងជារមណីយដ្ឋានផ្លូវចិត្តសម្រាប់ពុទ្ធបរិស័ទទូទៅ ស្របតាមអភិក្រម ៣របស់ក្រសួងធម្មការនិងសាសនាសម្រាប់វត្តអារាមគឺ ១) ស ស្អាត, ២) ស ស្វាង, និង៣) ស ស្ងប់។
៣) សូមខិតខំថែរក្សា និងអភិរក្សនូវកេរមរតកវប្បធម៌ព្រះពុទ្ធសាសនា និងប្រពៃណី ទំនៀមទម្លាប់ខ្មែរឱ្យស្ថិតស្ថេរគង់វង្សថ្កុំថ្កើងរុងរឿង។
៤) ដើម្បីឱ្យស័ក្តិសមជាព្រឹទ្ធាចារ្យដែលមានបទពិសោធ និងចំណេះដឹងប្រចាំភូមិ-ស្រុក សូមអាចារ្យទាំងអស់ត្រូវប្រកាន់នូវសប្បុរសធម៌ទាំង៧ ឱ្យបានខ្ជាប់ខ្ជួន។
៥) អាចារ្យ អាចារិនីទាំងអស់ ត្រូវបន្តពង្រឹងចំណេះដឹងរបស់ខ្លួន ខិតខំស្រាវជ្រាវគម្ពីរដីកា ក្បួនច្បាប់ របៀបមង្គល និងបុណ្យផ្សេងៗ បន្ថែមទៀត ហើយចងក្រងទុកជាឯកសារ ដើម្បីរួមចំណែកក្នុងការកសាងឯកសារគោលរបស់ក្រសួងធម្មការ និងសាសនាឱ្យកាន់តែមានមូលដ្ឋានច្បាស់លាស់
៦) អាចារ្យ អាចរិនីទាំងអស់ គឺជាព្រឹទ្ធាចារ្យប្រចាំភូមិ-ស្រុក របស់ខ្លួន ដូច្នេះត្រូវដើរតួនាទីជាគំរូល្អ ក្នុងការគោរពប្រតិបត្តិព្រះពុទ្ធសាសនា ច្បាប់ ទម្លាប់ សីលធម៌ សុជីវធម៌ ដើម្បីចូលរួមទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ និងឈានមុខក្នុងការចូលរួមចំណែកអភិវឌ្ឍសង្គម ដើម្បីបង្ហាញពីគំរូល្អដល់យុវជនជំនាន់ក្រោយរបស់យើង។
ក្នុងឱកាសនេះដែរ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បាននាំយកនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខប្រកបដោយក្ដីនឹករលឹកពីសំណាក់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដែលតែងតែចិត្តទុកដាក់ជាប្រចាំអំពីសុខទុក្ខ និងជីវភាពរបស់បងប្អូនគ្រប់ពេលវេលា ជាពិសេសក្នុងអំឡុងពេលដ៏លំបាកនៃជម្លោះព្រំដែនកម្ពុជា-ថៃ ដែលបានអូសបន្លាយជាងមួយខែកន្លងមកនេះ និងបាននាំយកអំណោយដ៏ថ្លៃថ្លា របស់សម្តេចសម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជូនដល់ (១) ឧទ្ទេសាចារ្យ ២១នាក់ ក្នុងម្នាក់ៗទទួលបានថវិកា ១០០,០០០៛ (២) អាចារ្យ អាចារិនី ១,០០០នាក់ ក្នុងម្នាក់ៗទទួលបានថវិកា ៥០,០០០៛ ៕ រក្សាសិទ្ធដោយ៖សុទ្ធលី










