Tuesday, September 2, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចបវរធិបតី ៖ កម្ពុជាស្វាគមន៍ និងគាំទ្រគំនិត ផ្តួចផ្តើមអភិបាលកិច្ចសកល (GGI) របស់ចិន ដែលមានគោលបំណងពង្រឹងសណ្តាប់ធ្នាប់សកលមួយដែលមាន អង្គការសហប្រជាជាតិជាស្នូលប្រកបដោយយុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព

ភ្នំពេញ ៖ អ្នកនាំពាក្យរាជរដ្ឋភិបាល ចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃការអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអង្គការសហប្រតិបត្តិការសៀងហៃបូក របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅសាធារណរដ្ឋបជាមានិតចិន។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំ គណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាល អញ្ជើញនិវត្តន៍មកដល់រាជធានីភ្នំពេញ នាវេលារំលងអធ្រាត្រថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៥ នេះ បន្ទាប់ពីបញ្ចប់ការអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអង្គការសហប្រតិបត្តិការសៀងហៃបូក រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី៣០ ខែសីហា ដល់ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥ នៅទីក្រុងធានជីន ប្រទេសចិន តបតាមការអញ្ជើញ របស់ ឯកឧត្តម Xi Jinping ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន។ បេសកកម្មនេះ ទទួលបានជោគជ័យ យ៉ាងធំធេងទាំងក្នុងក្របខ័ណ្ឌនយោបាយ ការទូត និងសេដ្ឋកិច្ច។

ក្នុងក្របខ័ណ្ឌកិច្ចប្រជុំកំពូលអង្គការសហប្រតិបត្តិការសៀងហៃបូក (SCO)៖ សម្ដេចធិបតី បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលនេះ និងថ្លែងសុន្ទរកថាក្រោមមូលបទ «ការអនុវត្តពហុភាគីនិយម ការធានា នូវសន្តិសុខតំបន់ និងការលើកកម្ពស់ការអភិវឌ្ឍប្រកបដោយចីរភាព»។ ក្នុងសុន្ទរកថានេះ សម្ដេចធិបតី បាន វាយតម្លៃខ្ពស់ចំពោះតួនាទីឈានមុខរបស់ចិន ក្នុងនាមជាប្រធាន SCO ក្នុងការលើកកម្ពស់ «ស្មារតីសៀងហៃ» (Shanghai Spirit) និងការត្រួសត្រាយផ្លូវសម្រាប់ការអភិវឌ្ឍថ្មីរបស់ SCO។ កម្ពុជាសូមស្វាគមន៍ និងគាំទ្រគំនិត ផ្តួចផ្តើមអភិបាលកិច្ចសកល (GGI) របស់ចិន ដែលមានគោលបំណងពង្រឹងសណ្តាប់ធ្នាប់សកលមួយដែលមាន អង្គការសហប្រជាជាតិជាស្នូលប្រកបដោយយុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព ដោយឈរលើមូលដ្ឋានន សមភាពអធិបតេយ្យ នីតិរដ្ឋ ពហុភាគីនិយម ការយកប្រជាជនជាធំ និងលទ្ធផលជាក់ស្តែង។ កម្ពុជាត្រៀមខ្លួន ជាស្រេចក្នុងការធ្វើការជាមួយដៃគូទាំងអស់ ដើម្បីជំរុញគោលការណ៍ទាំងនេះ និងកសាងសហគមន៍មួយដែល មានអនាគតរួមគ្នាសម្រាប់មនុស្សជាតិ។ កម្ពុជាសម្លឹងឃើញ SCO ជាវេទិកាពហុភាគីគន្លឹះ ដោយមាន «ស្មារតី សៀងហ» ជាមគ្គុទេសក៍ ក្នុងការពង្រឹងសណ្តាប់ធ្នាប់ពិភពលោកថ្មី ដែលផ្តល់អាទិភាពដល់កិច្ចសហប្រតិបត្តិការ ការគោរពអធិបតេយ្យភាព និងបូរណភាពទឹកដីទៅវិញទៅមក ការមិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់រដ្ឋនីមួយៗ និងការផ្តល់តម្លៃខ្ពស់ដល់ភាពចម្រុះ។ បន្ទាប់ពីបានក្លាយជាដៃគូសន្ទនារបស់ SCo ក្នុងឆ្នាំ២០១៥ កម្ពុជាបាន ផ្តល់សារៈសំខាន់ខ្ពស់ ដល់ការជំរុញកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយរដ្ឋជាសមាជិក ICដ្ឋសង្កេតការណ៍ និងដៃគូសន្ទនានៅក្នុងវិស័យជាច្រើន ដើម្បីផលប្រយោជន៍ទៅវិញទៅមក។

សម្តេចធិបតី បានចែករំលែកនូវការយល់ឃើញអំពីមធ្យោបាយ ក្នុងការជំរុញនូវគោលការណ៍ និងសេចក្តីប្រាថ្នា រួមក្នុងការអនុវត្តពហុភាគីនិយម ទាមទារនូវការប្តេជ្ញាចិត្តយ៉ាងខ្ជាប់ខ្ជួនចំពោះកិច្ចសន្ទនា ការគោរពគ្នាទៅវិញទៅមក និងបរិយាបន្នភាព។ ការធានាបាននូវសន្តិសុខ នៅតែជាអាទិភាពចម្បងបំផុត ធានាសន្តិភាព និងស្ថិរភាព គឺជា សមាសភាគដែលមិនអាចខ្វះបាន សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព និងវិបុលភាពរួម ជាពិសេសការលើកកម្ពស់ ការអភិវឌ្ឍប្រកបដោយចីរភាព មានភាពចាំបាច់ណាស់សម្រាប់កំណើនប្រកបដោយបរិយាបន្ន និងស្ថិរភាព រយៈពេលវែង។ សម្ដេចធិបតី បានបញ្ជាក់សារជាថ្មីអំពីការប្តេជ្ញាចិត្តឥតងាកររបស់កម្ពុជា ក្នុងការចូលរួមយ៉ាងសកម្ម នៅក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ SCO ដើម្បីការពារសន្តិសុខតំបន់ ជំរុញការអភិវឌ្ឍប្រកបដោយចីរភាព និងការបង្កើត អនាគតមួយប្រកបដោយសន្តិភាព វិបុលភាព និងកិច្ចសហប្រតិបត្តិការសម្រាប់យើងទាំងអស់គ្នា។

ក្នុងក្របខ័ណ្ឌនយោបាយ និងការទូត៖ សម្តេចធិបតី បានជួបពិភាក្សាការងារទ្វេភាគីជាមួយ ឯកឧត្តម Xi Jinping ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន ឯកឧត្តម Thongloun Sisoulith ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ឯកឧត្តម Pham Minh Chinh នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋ សង្គមនិយមវៀតណាម ឯកឧត្តម Dato’ Seri Anwar Ibrahim នាយករដ្ឋមន្ត្រី នៃប្រទេសម៉ាឡេស៊ី ឯកឧត្តម Khadga Prasad Sharma Oli នាយករដ្ឋមន្ត្រី នៃប្រទេសនេប៉ាល់ និងជួបសន្ទនាជាមួយ ឯកឧត្តម Narendra Modi នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋឥណ្ឌា រួមទាំងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម António Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ និង ឯកឧត្តម Wang Huning ប្រធានសភាប្រឹក្សានយោបាយ ប្រជាជនចិន។
ជំនួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តមប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន៖ ឯកឧត្តមប្រធានាធិបតី បានចាត់ទុកវត្តមានរបស់ សម្ដេចធិបតី គឺជាកាលានុវត្តភាពដ៏សំខាន់ ដើម្បីបន្តរឹតចំណងមិត្តភាពដែកថែប និងពង្រីក សាមគ្គីភាពចិន-កម្ពុជា ឱ្យកាន់តែរឹងមាំថែមទៀត បន្ទាប់ពីទស្សនកិច្ចផ្លូវរដ្ឋរបស់ឯកឧត្តម កាលពីខែមេសាកន្លងទៅ។ ឯកឧត្តមប្រធានាធិបតី បានគូសបញ្ជាក់អំពីការប្ដេជ្ញាចិត្តរបស់ប្រទេសចិន ក្នុងការបង្កើនកិច្ចសហប្រតិបត្តិការក្រោម ក្របខ័ណ្ឌទ្វេភាគីសំខាន់ៗរួមមាន កិច្ចសហប្រតិបត្តិការត្បូងពេជ្រ ច្រករបៀងមច្ឆា និងអង្ករ និងច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា។ ពាក់ព័ន្ធនឹងស្ថានភាពនៅតាមព្រំដែនកម្ពុជា-ថៃ ឯកឧត្តមប្រធានាធិបតី បានបញ្ជាក់ជាថ្មីពីជំហរ របស់ចិនក្នុងការគាំទ្របទឈប់បាញ់ គាំទ្រយន្តការសង្កេតការណ៍បទឈប់បាញ់របស់អាស៊ានដែលដឹកនាំដោយ ម៉ាឡេស៊ី និងចង់ឱ្យបង្កើតក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ឱ្យបានឆាប់។ ទន្ទឹមនឹងនេះ ឯកឧត្តមប្រធានាធិបតី ក៏បានគាំទ្រ និងផ្ដល់ជំនួយមនុស្សធម៌ ចំនួន ២០លានយ៉ន់ ដល់កម្ពុជា ដើម្បីជួយស្ដារឡើងវិញនូវការខូចខាត និងជួយសម្រួលដល់ទុក្ខលំបាករបស់ប្រជាពលរដ្ឋ ដែលរងគ្រោះពីការប៉ះទង្គិចប្រដាប់អាវុធកាលពីចុងខែកក្កដាកន្លងទៅ។

ជាការឆ្លើយតប សម្តេចធិបតី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះ រដ្ឋាភិបាល និងប្រជាជន ចិន ដែលតែងតែជួយគាំទ្រដល់ការអភិវឌ្ឍលើគ្រប់វិស័យរបស់កម្ពុជា។ សម្តេច បានគូសបញ្ជក់ថាការគាំទ្ររបស់ មិត្តចិន គឺជាកម្លាំងចលករដ៏សំខាន់ក្នុងការជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ការកសាងហេដ្ឋារចនាសម្ព័ន្ធ និង ការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋកម្ពុជា។ សម្ដេចធិបតី ក៏បានថ្លែងអំណរគុណចំពោះការចូលរួមយ៉ាងសកម្មរបស់មិត្តចិន ក្នុងការសម្របសម្រួលឱ្យមានបទឈប់បាញ់រវាងកម្ពុជា-ថៃបានយ៉ាងឆាប់រហ័ស ដែលជាជំហានឈានទៅរកការការពារអាយុជីវិតប្រជាពលរដ្ឋនិងជួយស្តារជីវភាពរបស់ប្រជាជនដែលរងផលប៉ះពាល់។

ថ្នាក់ដឹកនាំទាំងពីរ បានផ្លាស់ប្តូរយោបល់អំពីការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅ លើវិស័យអាទិភាពរួមមាន វិស័យនយោបាយ-ការទូត សេដ្ឋកិច្ច-ពាណិជ្ជកម្ម ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និង សន្តិសុខនិងការពារជាតិ ជាដើម។
នាឱកាសចូលរួមកិច្ចប្រជុំកំពូលនេះ សម្តេចធិបតីនាយករដ្ឋមន្ត្រី ក៏បានអញ្ជើញចូលរួមក្នុងពិធីជប់លៀង ស្វាគមន៍ផ្លូវការ ដែលរៀបចំដោយ ឯកឧត្តម Xi Jinping ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន និង លោកជំទាវ Peng Liyuan។

ជំនួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តមប្រធានាធិបតី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ៖ នៅក្នុងជំនួបនេះ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានសម្ដែងនូវការពេញចិត្ត និងវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើន នៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អលើគ្រប់វិស័យរវាងប្រទេសទាំងពីរ ក្នុងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ ជ្រុងជ្រោយ និងយូរអង្វែង។ ថ្នាក់ដឹកនាំទាំងពីរ បានគូសបញ្ជាក់ជាថ្មីចំពោះការបន្តពូនជ្រំទំនាក់ទំនងជាប្រពៃណី និងជំរុញការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការកម្ពុជា-ឡាវ ឱ្យកាន់តែរឹងមាំបន្ថែមទៀត លើវិស័យសំខាន់ៗ រួមមាន វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ ការពារជាតិនិងសន្តិសុខ និងថាមពល ជាដើម។
សម្តេចធិបតី បានជម្រាបជូន ឯកឧត្តមប្រធានាធិបតី ពីបច្ចុប្បន្នភាពនៃស្ថានភាពជម្លោះព្រំដែន និងការអនុវត្ត បទឈប់បាញ់រវាងកម្ពុជានិងថៃផងដែរ។ ឯកឧត្តមប្រធានាធិបតី បានជំរុញឱ្យភាគីទាំងពីររក្សានូវភាពអត់ធ្មត់ខ្ពស់ និងអនុវត្តបទឈប់បាញ់ឱ្យបានពេញលេញ ហើយការទប់ស្កាត់មិនឱ្យមានជម្លោះរវាងប្រទេសទាំងពីរ គឺជាការ
សំខាន់បំផុតក្នុងការជំរុញឱ្យភាគីទាំងពីរដោះស្រាយទំនាស់ព្រំដែនដោយសន្តិវិធី។

ជំនួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តមនាយករដ្ឋមន្ត្រី នៃប្រទេសនេប៉ាល់៖ ប្រមុខរដ្ឋាភិបាលទាំងពីរបាន វាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងដ៏ល្អ និងយូរអង្វែងរវាងកម្ពុជានិងនេប៉ាល់ ដោយបានបញ្ជាក់ពីការប្ដេជ្ញាចិត្តខ្ពស់ ក្នុងការជំរុញទំនាក់ទំនងប្រទេសទាំងពីរឱ្យកាន់តែខ្លាំងក្លាបន្ថែមទៀត ជាពិសេសការពង្រឹងនិងពង្រីកកិច្ចសហ ប្រតិបត្តិការលើវិស័យធុរកិច្ច។ ភាគីទាំងពីរ បានឯកភាពគ្នាក្នុងការជំរុញឱ្យមានកិច្ចប្រជុំពិគ្រោះយោបល់ទ្វេភាគី រវាងក្រសួងការបរទេសនៃប្រទេសទាំងពីរ ដែលយន្តការនេះនឹងជួយពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី បន្ថែមទៀតលើវិស័យជាច្រើនដូចជា ពាណិជ្ជកម្ម អប់រំ បណ្ដុះបណ្ដាល និងទេសចរណ៍ ជាដើម។

ជំនួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តមអគ្គលេខាធិការអង្គការសហប្រជាជាតិ៖ ឯកឧត្តមអគ្គលេខាធិការ បានវាយតម្លៃខ្ពស់ចំពោះកម្ពុជា ដែលបានចូលរួមយ៉ាងសកម្មក្នុងកិច្ចការជាច្រើន ក្នុងនាមជាសមាជិកនៃអង្គការពិភពលោក។ ពាក់ព័ន្ធនឹងជម្លោះព្រំដែនកម្ពុជា-ថៃ ឯកឧត្តមអគ្គលេខាធិការ បានបញ្ជាក់ថា ឯកឧត្តមផ្ទាល់បាននិងកំពុងតាមដានយ៉ាងយកចិត្តទុកដាក់លើករណីនេះ ឯកឧត្តម បានសម្តែង ការស្វាគមន៍ចំពោះបទឈប់បាញ់រវាងកងទ័ពកម្ពុជា-ថៃ និងបន្តជំរុញឱ្យស្ថានការណ៏នៃទំនាក់ទំនងរវាងប្រទេស ទាំងពីរអាចវិលត្រឡប់ទៅរកប្រក្រតីភាព នាពេលឆាប់ៗខាងមុខ។ ឯកឧត្តមអគ្គលេខាធិការបានទទួលយកសំណើក្នុងការជំរុញឱ្យភាគីទាំងពីរជៀសវាងការប្រើប្រាស់កម្លាំងយោធា ដើម្បីដោះស្រាយបញ្ហាព្រំដែនដែលមិនទាន់ ដាច់ស្រេច ជាពិសេសនៅតំបន់ដែលមានប្រជាពលរដ្ឋរស់នៅ រួមទាំងសូមឱ្យដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី តាមរយៈការប្រើប្រាស់យន្តការដែលមានស្រាប់ ដោយផ្អែកលើមូលដ្ឋាននៃកិច្ចព្រមព្រៀងរវាងកម្ពុជានិងថ ដែលមានជាធរមាន សន្ធិសញ្ញាពាក់ព័ន្ធ និងច្បាប់អន្តរជាតិ។

ជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តមប្រធានសភាប្រឹក្សានយោបាយប្រជាជនចិន៖ ឯកឧត្តមប្រធានសភា បានបង្ហាញអារម្មណ៍សប្បាយរីករាយលើការរីកចម្រើននៃកិច្ចសហប្រតិបត្តិការរវាងប្រទេស ទាំងពីរលើគ្រប់វិស័យ។ ពាក់ព័ន្ធនឹងជម្លោះព្រំដែនកម្ពុជា-ថៃ ប្រទេសចិនគាំទ្រដល់បទឈប់បាញ់រវាងកងទ័ពកម្ពុជា និងថៃ ក៏ដូចជាគាំទ្រដល់តួនាទីរបស់ម៉ាឡេស៊ីក្នុងការសម្របសម្រួលបទឈប់បាញ់ និងជំរុញឱ្យទំនាក់ទំនងរវាងប្រទេសទាំងពីរឆាប់វិលត្រឡប់ទៅរកប្រក្រតីភាព នាពេលឆាប់ៗខាងមុខ។
សម្ដេចធិបតី ក៏បានស្នើមិត្តចិន ជំរុញឱ្យភាគីទាំងពីរជៀសវាងការប្រើប្រាស់កម្លាំងយោធា ដើម្បីដោះស្រាយ បញ្ហាព្រំដែនដែលមិនទាន់ដាច់ស្រេច ជាពិសេសនៅតំបន់ដែលមានប្រជាពលរដ្ឋរស់នៅ។ ទន្ទឹមនឹងនេះ សូមឱ្យ ដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី តាមរយៈការប្រើប្រាស់យន្តការព្រំដែនដែលមានជាធរមានស្រាប់។

ក្នុងក្របខ័ណ្ឌសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ៖ ក្នុងជំនួបដាច់ដោយឡែក សម្ដេចធិបតី បានអនុញ្ញាតជូន ឯកឧត្តម Jin Liqun ប្រធានក្រុមប្រឹក្សាភិបាល និងជាប្រធានធនាគារវិនិយោគហេដ្ឋារចនា សម្ព័ន្ធអាស៊ី (AIIB) ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ដោយបានផ្ដោតសំខាន់លើលទ្ធភាពគម្រោង អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងសង្គមធំៗរបស់កម្ពុជា ដែលអាចប្រើប្រាស់ហិរញ្ញប្បទាន ក្រោមកម្មវិធីពហុឆ្នាំរបស់ធនាគារ AIIB។
គួរកត់សម្គាល់ថា នេះជាដំណើរបំពេញបេសកកម្មការងារក្រៅប្រទេស របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងនាមជានាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងបេសកកម្មការទូតដ៏សកម្មក្លៀវក្ល បន្ទាប់ពីបានឡើងកាន់តំណែងជានាយករដ្ឋមន្ត្រី អស់រយៈពេល២ឆ្នាំ។ ដំណើរបេសកកម្មការងារផ្លូវការទៅកាន់ សាធារណរដ្ឋប្រជាមានិតចិនរបស់ សម្តេចធិបតី នាពេលនេះ បាននាំមកនូវសមិទ្ធផលថ្មីៗជាច្រើនទៀត ទាំងផ្នែក ការទូតនិងសេដ្ឋកិច្ច ដើម្បីជាឧត្តមប្រយោជន៍ជូនជាតិមាតុភូមិនិងប្រជាពលរដ្ឋ បន្ទាប់ពីជោគជ័យធំៗ ដែល ទទួលបានក្នុងដំណើរបំពេញបេសកកម្មការងារ នៅតាមបណ្ដាប្រទេសនានាជុំវិញពិភពលោក កាលពីពេលកន្លងទៅ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×