Tuesday, September 2, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រីក្រសួងអប់រំ ចុះពិនិត្យដំណើរការផ្ទៀងផ្ទាត់ កាត់ក្បាលសន្លឹកកិច្ចការបេក្ខជនប្រឡងបាក់ឌុប នៅមណ្ឌលកំណែ៖ អនុវិទ្យាល័យ ចតុមុខ (រូបវិទ្យា) វិទ្យាល័យហ៊ុនសែន ប៊ុនរ៉ានី វត្តភ្នំ (ប្រវត្តិវិទ្យា) និងវិទ្យាល័យ ព្រះយុគន្ធរ (ភូមិវិទ្យា)

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានគណៈមេប្រយោគទូទាំងប្រទេសកំណែ បានអញ្ជើញពិនិត្យដំណើរការផ្ទៀងផ្ទាត់ កាត់ក្បាលសន្លឹកកិច្ចការបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ២៨ សីហា ២០២៥ នៅមណ្ឌលកំណែ ចំនួន ៣ គឺ៖ វិទ្យាល័យបឹងអនុវិទ្យាល័យ ចតុមុខ (រូបវិទ្យា) វិទ្យាល័យហ៊ុនសែន ប៊ុនរ៉ានី វត្តភ្នំ (ប្រវត្តិវិទ្យា) , និង វិទ្យាល័យ ព្រះយុគន្ធរ (ភូមិវិទ្យា)។

នៅក្នុងមណ្ឌលកំណែ ក្រុមការងារបាននិងកំពុងយកចិត្តទុកដាក់បំពេញភារកិច្ចប្រកបដោយការទទួលខុសត្រូវខ្ពស់ ស្របតាមគោលការណ៍ណែនាំ និងយន្តការការងាររបស់គណៈកម្មការក្រុមមុខវិជ្ជា ដោយផ្តោតលើការពិនិត្យ និងការកាត់ក្បាលកិច្ចការបេក្ខជន ការផ្ទៀងផ្ទាត់សន្លឹកកិច្ចការបេក្ខជន ការចុះអក្សរសម្ងាត់ ការកិបដុំកិច្ចការបេក្ខជន តាមលំដាប់លំដោយយ៉ាងរលូន។ រីឯគណៈកម្មការកំណែ ពិសេសអ្នកកែ ត្រូវគោរពឱ្យបាននូវគោលការណ៍ដែល បានកំណត់នៅគ្រប់ដំណាក់កាលការងារ និងអនុវត្តតាមគោលការណ៍វិន័យយ៉ាងតឹងរឹង ដោយមិនអនុញ្ញាតឱ្យប្រើប្រាស់ទូរសព្ទ ឬឧបករណ៍អេឡិចត្រូនិកនានា និងមានការកំណត់ម៉ោងចូលនិងចេញច្បាស់លាស់ ទ្វារមណ្ឌលត្រូវបិទក្នុងម៉ោងធ្វើការ ហើយស្ថានភាពទូទៅនៅក្នុងមណ្ឌលមានភាពស្ងប់ស្ងាត់ និងមានរបៀបរៀបរយល្អ ព្រមទាំងមានការចូលរួមពិនិត្យតាមដានពីសំណាក់ក្រុមការងារអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ដើម្បីបង្ការទប់ស្កាត់ភាពមិនប្រក្រតីផ្សេងៗ ក្នុងដំណើរការកំណែ។
ក្រសួងដាក់ចេញនូវសេចក្តីណែនាំបច្ចេកទេស សម្រាប់គណៈកម្មការនានា ក្នុងដំណើរការកំណែ ពិសេសអ្នកកែ ដោយត្រូវគោរពឱ្យបាននូវគោលការណ៍ដែលបានកំណត់នៅគ្រប់ដំណាក់កាលការងារ មិនអនុញ្ញាតឱ្យរំលងជំហានមួយណាបានឡើយ រួមមាន៖ (១) ការកំណត់ល្បឿននៃការកែសន្លឹកកិច្ចការបេក្ខជន (២).ការកំណត់ចំនួនដុំកិច្ចការដែលត្រូវកែ (៣) ការប្រជុំណែនាំអំពីអត្រាកំណែនិង របៀបកែ (៤) ការកែដោយអ្នកកែពីរនាក់ និងការពង្រឹងយន្តការក្នុងការតាមដាន (៥).ការពង្រឹងយ៉ាងម៉ឺងម៉ាត់ការអនុវត្តនូវបទប្បញ្ញត្តិ និងកម្រិតវិន័យចំពោះអ្នកកែ ដោយមិនអនុញ្ញាឱ្យយកចូល និងប្រើប្រាស់ទូរស័ព្ទដៃក្នុងមណ្ឌលកំណែឡើយ សំដៅធានាដំណើរការកំណែឱ្យប្រព្រឹត្តទៅដោយរលូន និងមានសុក្រឹតភាព។
សូមបញ្ជាក់ថា ដំណើរការកំណែ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣១ ខែសីហា ដល់ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៥ ហើយបន្ទាប់ពីនេះ គឺជាដំណើរការស្រង់បូកពិន្ទុដោយកុំព្យូទ័រ និងផ្ទៀងផ្ទាត់ពិន្ទុ ដោយក្រសួងបានកំណត់ យកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៥ សម្រាប់ប្រកាសលទ្ធផលប្រឡង តាមមណ្ឌលសំណេរនៃរាជធានី ខេត្តទាំង ២៥ នៅទូទាំងប្រទេស៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×