រដ្ឋបាលខេត្តបាត់ដំបងសូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋមេត្តាជ្រាបថា ដោយផ្អែកលើ ស្ថានភាពបច្ចុប្បន្នកម្រិតកម្ពស់ទឹកស្ទឹងសង្កែ នៅចំណុចស្ពាន សម្ដេចតេជោ ហ៊ុន សែន ក្រុងបាត់ដំបង មានកម្ពស់ ១៣,៧៦ម៉ែត្រ ជាកម្រិតកម្ពស់ទឹកអាចបង្កហានិភ័យ ហើយបច្ចុប្បន្នកំពុងមានការកើនឡើងជាបន្ត បន្ទាប់តាមរយៈជំនន់ទឹកភ្លៀងនៅតំបន់ទីជម្រាលនៃស្ទឹងសង្កែផ្នែកខាងលើ។
ក្នុងស្ថានភាពបែបនេះ ដើម្បីជៀសវាង បាននូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតឡើងជាយថាហេតុ សូមបងប្អូនប្រជាពលរដ្ឋក្នុងខេត្តទាំងអស់ ជាពិសេស បងប្អូនដែលរស់នៅតាមបណ្តោយដងស្ទឹងសង្កែ និងតំបន់ងាយរំងគ្រោះ មេត្តាប់ង្កើនការប្រុងប្រយ័ត្នខ្ពស់ ដោយហាមកូនចៅតូចៗកុំឱ្យចុះលេងទឹក និងត្រៀមរៀបចំទុកដាក់ នូវសម្ភារៈ ឯកសារសំខាន់ៗឱ្យបានត្រឹមត្រូវ និងស្វែងរកទីទួលសុវត្ថិភាពដែលបានកំណត់ដោយអាជ្ញាធរមូលដ្ឋាន ក្នុងករណីទទួលរងនូវការលិចលង់ណាមួយកើតមានឡើង។
ទន្ទឹមនេះដែរ អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ត្រូវយកចិត្តទុកដាក់ក្នុងការត្រៀមរៀបចំផែនការ អន្តរាគមន៍ និងត្រៀមរៀបចំទីទួលសុវត្ថិភាពឱ្យបានសមរម្យ ក្នុងការជម្លៀសប្រជាពលរដ្ឋនៅពេលដែលមាន គ្រោះមហន្តរាយទឹកជំនន់កើតឡើង ព្រមទាំងធ្វើការផ្សព្វផ្សាយ ណែនាំឱ្យប្រជាពលរដ្ឋយកចិត្តទុកដាក់លើ បញ្ហាការថែរក្សាសុខភាព អនាម័យ ដើម្បីជឿសវាងបានពីជំងឺឆ្លងផ្សេងៗ។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាជ្រាបជាព័ត៌មាន និងសូម ចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីឆ្លើយតបករណ៍មានគ្រោះមហន្តរាយកើតឡើង ឱ្យបានទាន់ពេលវេលា៕ រក្សាសិទ្ធដោយ៖សុទ្ធលី





