Tuesday, September 9, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កូនត្រី និងកូនបង្កង ជិត១០ម៉ឺនក្បាល ត្រូវបានលែងក្នុងបឹងធម្មជាតិតំបន់បឹងធំ ជាប់ព្រំប្រទល់៣ស្រុកកំពង់សៀម-ព្រៃឈរ-កងមាស

ខេត្តកំពង់ចាមៈ ពីមួយឆ្នាំទៅមួយឆ្នាំរដ្ឋបាលខេត្តបានខិតខំយកចិត្តទុកដាក់លើវិស័យជលផលពិសេសឱ្យអភិរក្សបឹងធម្មជាតិសម្រាប់ជាជម្រកត្រីពងក្នុងរដូវវស្សា។ជាក់ស្ដែងនៅព្រឹកថ្ងៃទី៨ កញ្ញាឆ្នាំ២០២៥ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមរួមទាំងមន្ត្រីស្ថាប័នជំនាញអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់បានរៀបចំពិធីលែងកូនត្រី និងកូនបង្កង ជិត១០ម៉ឺន ក្បាល នៅតំបន់បឹងធំ ស្ថិតក្នុងភូមិក្តីបឹង ឃុំវិហារធំ ស្រុកកំពង់សៀម ជាប់ព្រំប្រទល់ជាមួយស្រុកព្រៃឈរ-កងមាស ។ជាមួយនោះអាជ្ញាធរបានបំផុសឲ្យសហគមន៍នេសាទទាំងអស់ត្រូវខិតខំពង្រឹងសមត្ថភាពសហគមន៍នីមួយៗក្នុងការចូលរួមការពារអភិរក្សធនធានជលផលក្នុងសហគមន៍លុបបំបាត់ការប្រើប្រាស់ឧបករណ៍ខុសច្បាប់ពីសមាជិកសហគមន៍និងជនល្មើសក្រៅសហគមន៍។

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានបញ្ជាក់ថា:កូនត្រី និងកូន បង្កង ប្រមាណជិត១០ម៉ឺនក្បាល ដែលយើងរួមគ្នាប្រលែងនាពេលនេះ គឺមានអត្ថន័យ និង សារៈសំខាន់បំផុត សម្រាប់បំផុសស្មារតី ប្រជាពលរដ្ឋ អាជ្ញាធរពាក់ព័ន្ធ និងវិស័យឯកជន ឱ្យចូលរួម យ៉ាងសកម្ម ក្នុងសកម្មភាព ថែរក្សា ការពារ អភិរក្ស និងបង្កើនផល ស្តុកធនធានជលផល ក្នុងបឹងធម្មជាតិ ឱ្យកាន់តែសំបូរឡើងថែមទៀត សម្រាប់ប្រជាពលរដ្ឋយើងប្រើប្រាស់កាត់បន្ថយភាព ក្រីក្រ និងបង្កើនជីវភាពរស់នៅផងដែរ។

ជាមួយគ្នានោះ ឯកឧត្តមអភិបាលខេត្ត ក៏បានធ្វើការណែនាំដល់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ខណ្ឌរដ្ឋបាលជលផល ត្រូវចាត់វិធានការឱ្យបានម៉ឺងម៉ាត់បន្ថែមទៀត ចំពោះជនល្មើស បំផ្លាញព្រៃលិចទឹកនៅគ្រប់ទីកន្លែង និងកិច្ចការពារកន្លែងអភិរក្សជលផល ដោយបន្តការងារ បង្ក្រាបបទល្មើសជលផលជាប្រចាំ ពោលគឺត្រូវចាត់វិធានការគ្រប់បែបយ៉ាង ដោយផ្តោតសំខាន់ ទៅលើបទល្មើសដែលបំផ្លិចបំផ្លាញខ្លាំង ដូចជាឧបករណ៍ឆក់ ឧបករណ៍ស្បៃមុង និងការប្រើ សារធាតុពុល ដើម្បីចាប់ត្រីជាដើម ។

សូមបញ្ជាក់ថា អាជ្ញាធរក្រុង-ស្រុក ឃុំ-សង្កាត់និងអង្គភាពនានាសូមចូលរួមឲ្យបានសកម្មថែមទៀតក្នុងចលនាលែងកូនត្រីនេះនៅគ្រប់ទីកន្លែងតាមមូលដ្ឋាននីមួយៗដើម្បីឱ្យក្លាយជាប្រពៃណីលែងកូនត្រីព្រោះសិកម្មភាពនេះពិតជាបានរួមចំណែកកើនឡើងនៅធនធានជលផលសម្រាប់ប្រជាពលរដ្ឋយើងប្រើប្រាស់កាត់បន្ថយភាពក្រីក្រនិងបង្កើនជីវភាពរស់នៅប្រចាំថ្ងៃ៕ រក្សាសិទ្ធដោយ៖ភ្នំប្រុសភ្នំស្រី

×