ភ្នំពេញ ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបង្ហាញពីរបាយការណ៍បច្ចុប្បន្នភាពស្តីពីស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥។
I. ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ— សេចក្តីប្រកាសព័ត៌មាន៖ កម្ពុជា និងហ្វីលីពីន បញ្ជាក់សាជាថ្មីនូវការប្តេជ្ញាចិត្តក្នុងការធ្វើឱ្យកិច្ចសហប្រតិបត្តិការ ទ្វេភាគីកាន់តែស៊ីជម្រៅ កាលពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្តី នៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្ដម ហ៊ីឌីណាន់ រ៉ូម៉ូលដេស ម៉ាកូស ជូញៀ (Ferdinand Romualdez Marcos Jr.) ប្រធានាធិបតី នៃសាធារណរដ្ឋហ្វីលីពីន។ ថ្នាក់ដឹកនាំទាំងពីរបានផ្លាស់ប្តូរទស្សនៈលើវិស័យនៃកិច្ចសហប្រតិបត្តិការជាច្រើន ដោយបាន គូសបញ្ជាក់អំពីសារៈសំខាន់នៃការបង្កើនការប្រាស្រ័យទាក់ទងឱ្យបានញឹកញាប់ និងស៊ីជម្រៅរវាង
ស្ថាប័ននីតិប្រតិបត្តិ និងនីតិប្បញ្ញត្តិ ដើម្បីពង្រឹងទំនាក់ទំនងដ៏ស្និទ្ធស្នាលរវាងប្រទេសទាំងពីរ។
ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការការពារជាតិ និងសន្តិសុខ ថ្នាក់ដឹកនាំទាំងពីរ បានស្វាគមន៍ការ ពង្រីកកិច្ចសហប្រតិបត្តិការរវាងកងកម្លាំងប្រដាប់អាវុធ និងនគរបាលនៃប្រទេសទាំងពីរ ជាពិសេស ការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន រួមទាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាផងដែរ។ ពាក់ព័ន្ធនឹងស្ថានភាពព្រំដែនកម្ពុជា-ថៃ ឯកឧត្តមប្រធានាធិបតីហ្វីលីពីន បានបង្ហាញនូវការគាំទ ចំពោះបទឈប់បាញ់ ) និងបានបញ្ជាក់ពីការត្រៀមលក្ខណៈរបស់ហ្វីលីពីន ដើម្បីចូលរួមជួយ ជំរុញឱ្យមានបទឈប់បាញ់មួយជាអចិន្ត្រៃយ៍ សំដៅធានាដល់សន្តិភាព និងស្ថិរភាព នៃប្រទេស ទាំងពីរ។ ជាការឆ្លើយតប សម្តេចបវរធិបតី បានថ្លែងអំណរគុណដល់ឯកឧត្តមប្រធានាធិបតី ដែលបានគាំទ្របទឈប់បាញ់រវាងកម្ពុជា-ថៃ ព្រមទាំងអរគុណហ្វីលីពីនដែលចូលរួមក្នុងក្រុម អ្នកសង្កេតការណ៍អន្តរកាល (IOT) នៅកម្ពុជា ក៏ដូចជាការបង្កើនក្រុមអ្នកសង្កេតការណ៍អន្តរ- កាលនៅកម្ពុជាផងដែរ។
II. អង់គ្លេសគាំទ្រសន្តិភាព និងការគោរពបទឈប់បាញ់ ថ្ងៃទី ២៨ខែកក្កដា ឆ្នាំ ២០២៥ រវាងកម្ពុជានិងថៃ៖ នៅថ្ងៃទី ៩ ខែកញ្ញា ឆ្នាំ ២០២៥ នៅទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស ឯកឧត្តមបណ្ឌិតសភាចារ្យ សុក ស៊ីផាន់ណា ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមការងារសិក្សាអំពីកិច្ច ព្រមព្រៀងទូលំទូលាយ និងរីកចម្រើនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CP-TPP) អមដោយ លោកជំទាវ ទួត បញ្ញា ឯកអគ្គរាជទូតកម្ពុជាប្រចាំអង់គ្លេស និងគណៈប្រតិភូក្រសួងការបរទេសកម្ពុជា បានជួបពិភាក្សាការងារ ជាមួយ លោក Matthew Findlay ប្រធាននាយកដ្ឋានកិច្ចការអាស៊ីអាគ្នេយ៍ នៃ
ក្រសួងការបរទេសនិងការអភិវឌ្ឍអង់គ្លេស ដោយបានផ្លាស់ប្តូរមតិអំពី សភាពការណ៍តានតឹងនៅតាម ព្រំដែន កម្ពុជា-ថៃ។ ក្នុងនោះ ភាគីអង់គ្លេស គូសបញ្ជាក់ មានជាអាទិ៖
១.អង់គ្លេសបានបន្តតាមដានយ៉ាងយកចិត្តទុកដាក់បំផុត ហើយគាំទ្រជំហរកម្ពុជាចំពោះការ ចង់បានសន្តិភាពនៅតាមព្រំដែន។
២. អង់គ្លេសបានបន្តទំនាក់ទំនងជាមួយ ទាំងកម្ពុជា និងថៃ អំពីស្ថានការណ៍ព្រំដែនយ៉ាង ខ្ជាប់ខ្ជួន ហើយបានពិនិត្យយ៉ាងយកចិត្តទុកដាក់ និងបានកត់សំគាល់នូវកង្វល់របស់កម្ពុជា។
៣.គូសបញ្ជាក់ពីសារៈសំខាន់ចំពោះតួនាទី ក្រុមសង្កេតការអាស៊ាន ដើម្បីត្រួតពិនិត្យការអនុវត្ត បទឈប់បាញ់រវាងកម្ពុជានិងថៃ។
III. ក្រសួងការពារជាតិ – កម្ពុជាស្វាគមន៍លទ្ធផលកិច្ចប្រជុំពិសេសលើកទី១ របស់ គណៈកម្មាធិការ ព្រំដែនទូទៅកម្ពុជា-ថៃ (GBC)
-កិច្ចប្រជុំលេខាធិការដ្ឋាននៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) បានប្រព្រឹត្ត ទៅនៅថ្ងៃទី៧-៩ ខែកញ្ញា ឆ្នាំ២០២៥ នៅខេត្តកោះកុង ព្រះរាជាណាចក្រកម្ពុជា។ ក្នុងរយៈពេលបីថ្ងៃកន្លងមកនេះ ក្រុមការងារលេខាធិការដ្ឋាននៃប្រទេសទាំងពីរបានចូល រួមពិភាក្សាក្នុងបរិយាកាសប្រកប ដោយមិត្តភាព និងស្ថាបនា ក្នុងគោលបំណងជំរុញកិច្ច សន្ទនាប្រកបដោយផ្លែផ្កា លើកកម្ពស់ការកសាងទំនុកចិត្ត និងស្វែងរកកិច្ចសហប្រតិបត្តិការ ជាក់ស្ដែង ដើម្បីត្រៀមសម្រាប់កិច្ចប្រជុំពិសេសលើកទី១ របស់គណៈកម្មាធិការ ព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥។ នៅវេលាព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ កិច្ចប្រជុំពិសេសលើកទី១ របស់គណៈកម្មាធិការ ព្រំដែនទូទៅកម្ពុជា-ថៃ (GBC) បានប្រព្រឹត្តទៅ និងបានបញ្ចប់ទៅនៅវេលាម៉ោង ១១:១៥នាទី ក្នុងថ្ងៃដដែល នៅក្រុងខេមរភូមិន្ទ ខេត្តកោះកុង ព្រះរាជាណាចក្រកម្ពុជា។ កិច្ចប្រជុំពិសេសនេះដឹកនាំដោយ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្តី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ណាត់ថាក់ផុន ណាកផានីត រដ្ឋមន្ត្រីស្តីទីក្រសួងការពារជាតិ នៃព្រះរាជាណាចក្រថៃ។
ជាលទ្ធផល ភាគី ទាំងពីរ បានឯកភាពគ្នាលើចំណុចសំខាន់ៗ ដូចតទៅនេះ៖
១. បានអនុម័ត និងបានចុះហត្ថលេខាលើកំណត់ហេតុរួម និងសេចក្តីថ្លែងការណ៍រួម នៃកិច្ចប្រជុំពិសេសលើកទី១ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) បានបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ ក្នុងការអនុវត្តឯកសារដែលជាសមិទ្ធផល ដ៏មានសារៈសំខាន់នេះ ឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាព។
២. ភាគីទាំងពីរបានព្រមព្រៀងគ្នាថានឹងរៀបចំកិច្ចប្រជុំពិសេសលើកទី២ នៃគណៈ កម្មាធិការព្រំដែនទូទៅ (GBC) ក្នុងរយៈពេល ៣០ ថ្ងៃ បន្ទាប់ពីកិច្ចប្រជុំលើក ទី១ ដោយប្រទេសថៃនឹងធ្វើជាម្ចាស់ផ្ទះ។
IV. ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ ជាថ្ងៃទី៤៣ ដែលវីរកងទ័ពកម្ពុជាចំនួន ១៨រូប ត្រូវបានចាប់ខ្លួន និងដាក់ ឱ្យស្ថិតក្រោមការឃុំគ្រង ដោយយោធាថៃដែលខុសពីកិច្ចព្រមព្រៀងបទឈប់បាញ់ រវាងកម្ពុជា និងថ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥។ កម្ពុជាបន្តជំរុញអោយភាគីថៃ ចាត់វិធានការអោយកងទ័ពកម្ពុជា ទាំង ១៨ រូប បានធ្វើមាតុភូមិនិវត្តន៍ ដោយឥតលក្ខខណ្ឌ ប្រកបដោយសុវត្ថិភាព ស្របតាមគោល ការណ៍ច្បាប់អន្តរជាតិ និងមនុស្សធម៌៕ រក្សាសិទ្ធដោយ៖សុទ្ធលី









